April 30, 2020

គណបក្ស​ប្រឆាំង ​និង​ក្រុម​យុវជន​ថា ​ការ​បោះ​តង់​របស់​វៀតណាម​ចូល​ដី​ខ្មែរ​ជា​ល្បិច​ឈ្លាន​ពាន​​របស់​វៀតណាម

ឧត្ដមសេនីយ៍ ឈឿន សុចិត្ត (រូប​ចង្អុល) ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ពេល​ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ កាល​ពី​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល

ដោយ ហេង រស្មី RFA 2020-04-29

តំណាង​រាស្ត្រ​គណបក្សប្រឆាំង​ និង ​ក្រុម​យុវជន​ចាត់​ទុក​តង់​ចំនួន៩ ដែល​យោធា​វៀតណាម​បោះ​ចូល​ ក្នុង​ទឹក​ដី​កម្ពុជា​ ឋិត​ក្នុង​ស្រុក​កោះ​ធំ ​ខេត្ត​កណ្ដាល​ គឺ​ជា​ជា​ល្បិច​ឈ្លានពាន​ទឹកដី​កម្ពុជា​ជា​ថ្មី​ទៀត​ ពី​សំណាក់​ភាគី​វៀតណាម។​ ពួក​គេ​អះអាង​ថា អាជ្ញាធរ​វៀតណាម បាន​ប្រើ​រូបភាព​ទប់ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ១៩ ជា​លេស​ឈ្លានពាន​ទឹកដី​ខ្មែរ ​ខណៈ​តំបន់​នោះ វៀតណាម​ធ្លាប់​សង់​ប៉ុស្តិ៍​យោធា​​បំពាន​ទឹក​ដី​ខ្មែរ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​យុវជន ​ទាមទារ​ឱ្យ​រដ្ឋាភិបាល ​ស្នើ​ឱ្យ​វៀតណាម រុះរើ​តង់​ទាំង​អស់ ចេញ​ពី​តំបន់​ព្រំដែន ​ដែល​ពុំ​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​នៅ​ឡើយ។ ពួកគេ​អះអាង​ថា ​ ការ​ដោះ​ស្រាយ​បញ្ហា​នេះ ​ត្រូវ​ផ្អែក​តាម ​មរតក​របស់​បារាំង និង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ) ក្នុង​ការ​កំណត់ ​បន្ទាត់​ព្រំដែន ​ដើរ​តាម​ព្រែក​ស្បូវ ​ឬ​ដៃ​ទន្លេ​បាសាក់ ​ក្នុង​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ជាប់​ខេត្ត​អាន ​យ៉ាង (An Giang ) ប្រទេស​វៀតណាម។

ពួក​រក​ឃើញ​ថា ​តំបន់​មិនទាន់​ឯកភាព​កំណត់​បង្គោល​ព្រំដែន ​គឺ​វៀតណាម​មាន​ប្រៀប​ជាង​កម្ពុជា​ ​ដោយ​វៀតណាម​បាន​គ្រប់គ្រង​ព្រែក​ស្បូវ​ទាំងស្រុង ​ហើយ​ខ្សែ​បន្ទាត់​ព្រំដែន ​បណ្ដោះ​អាសន្ន​ ឆ្ងាយ​ពី​ព្រែក​ស្បូវ ​ចូល​ដី​ខ្មែរ ៣០០​ម៉ែត្រ ​ទៅ ៤០០​រយ ​ម៉ែត្រ។  បញ្ហា​នេះ ​ក្រុម​យុវជន ​និង​ គណបក្សប្រឆាំង ​អះអាង​ថា ​គឺ​ជា​ការរំលោភ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ ឆ្នាំ១៩៨៥​  សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ។

តំណាង​រាស្ត្រ​គណបក្សប្រឆាំង ​លោក ​អ៊ុំ សំអាន ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ ប្រាប់​អាស៊ី​សេរី​ថា​  រដ្ឋាភិបាល​ត្រូវ​តែ​កំណត់​ខណ្ឌសីមា​ព្រំដែន ​នៅ​តំបន់​នោះ ​ផ្អែក​តាម​ច្បាប់​អន្តរជាតិ​ និង​យក​មរតក​របស់​បារាំង​ជា​មូលដ្ឋាន ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន ​ដើរ​តាម​គន្លង​ទឹក​ជ្រៅ​ ឬ​ពុះ​ពាក់​កណ្ដាល​ព្រែក​ស្បូវ៖ «ចង់​ឱ្យ​យួន (រៀតណាម) រើ​តង់​ទៅ​វិញ ​ហើយ​ក្រោយ​មក​ត្រូវ​កំណត់​ព្រំដែន​ អ្វី​ដែល​ជា​មរកត​របស់​បារាំង​កំណត់​ឱ្យ ​ហើយ​ព្រំដែន ​ត្រូវ​កំណត់​ពាក់​កណ្ដាល​ ព្រែក​ស្បូវ​ហ្នឹង​តែ​ម្តង ​មិនមែន​នៅ​ខាង​ជើង ​ព្រែក​ស្បូវ ​៣០០ ទៅ ៤០០​ម៉ែត្រ​ដូច​សព្វ​ថ្ងៃ​ហ្នឹង​ទេ។ អា​ហ្នឹង​យើង​ដោះស្រាយ ​ទៅតាម​គោលការណ៍​ច្បាប់​អន្តរជាតិ»។

កាល​ពី​ពេល​ថ្មីៗនេះ យោធា​វៀតណាម  បោះ​តង់ និង​ចង​អង្រឹង​ចំនួន ៩កន្លែង​ឆ្លង​ចូល​ទឹក​ដី​កម្ពុជា ក្រោម​ហេតុផល​ថា ទប់​ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩។ តង់​នីមួយៗ​ មាន​យោធា​វៀតណាម​ពី​ ៥ ​ទៅ ៦នាក់ ​ដាក់​ទង់​ជាតិ​វៀតណាម ​មាន​ឧបករណ៍​វាស់​កម្ដៅ​កូវីដ-១៩ ​មាន​គ្រែ​ មាន​កៅអី​ និង ​អង្រឹង​ ។ ​អាជ្ញាធរ​ខ្មែរ​ថា ​យោធា​វៀតណាម ​ប្រើប្រាស់​កាំភ្លើងខ្លី ​ហើយ​តំបន់​នោះ ​មាន​ប្រជាជន​ខ្មែរ​រស់​នៅ​ដាច់ៗ ពី​គ្នា​ពី​ភូមិ​មួយ ​ទៅ​ភូមិ​ទៀត  សំបូរ​ព្រៃ​ល្បោះ ​និង​មាន​ចម្ការ​ចេក​ រួម​ទាំង​ដំណាំ​ផ្សេងៗ។

ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន ​លោក ​វ៉ា គឹមហុង ​មាន​ប្រសាសន៍​ថា​ ជំហរ​របស់ ​រដ្ឋាភិបាល ​ទាមទារ​ខ្សែ​បន្ទាត់​ព្រំដែន ​ដើរ​តាម​ព្រែក ​ឬ​ពុះ​ចំ​កណ្ដាល​ព្រែក​ស្បូវ ​អនុលោម​តាម​ច្បាប់​អន្តរជាតិ ​និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ​២០០៥។​ លោក​អះអាង​ថា​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ​២០០៥ ​គឺ​ជា​គុណសម្បត្តិ ​ដែល​ភាគី​ប្រទេស​ទាំង​ពី ​ឯកភាពគ្នា​ យក​ខ្សែ​បន្ទាត់​ព្រំដែន ​ដើរ​តាម​ផ្លូវ​ខ្សែ​ទឹក​មាន​ជាង ​១៩២ ​គីឡូ​ម៉ែត្រ​ ៖ «ក្នុង​ករណី​ដែល​ខ្សែ​ព្រំដែន ​ដើរ​តាម​ផ្លូវ​ទឹក ​យើង​តែងតែ​ទាមទារ​យក​គោលការណ៍ ​ច្បាប់​អន្តរជាតិ​ យក​មក​អនុវត្ត​ខ្សែ​ព្រំដែន​ធ្វើ​នាវាចរណ៍​បាន។ អា​ហ្នឹង​យើង​យក​ខ្សែ​ជ្រលង​ទឹក​ជ្រៅ ​តែ​ក្នុង​ករណី​ដែល​ធ្វើ​នាវាចរណ៍​មិន​បាន​ទេ ​យើង​ធ្វើ​ទឹក​ជា​ពីរ​ទៅ។​ កន្លែង​ណា ​ត្រឹម​កណ្ដាល​យើង​គូស​ខ្សែ​ជា​ពីរ​ ជា​មួយ​ឡាវ​ក៏​អ៊ីចឹង​ ជា​មួយ​ថ្ងៃ​ក៏​អ៊ីចឹង ​ជាមួយ​វៀតណាម​យើង​បាន​ជោគជ័យ ​វៀតណាម ​នៅ​ឆ្នាំ ​២០០៥​ វៀតណាម​គេ​ព្រម​ទម្លាក់​មក​ទាំងអស់ ​នៅ​ពាក្យ​កណ្ដាល​ព្រែក ​និង​ពាក្យ​កណ្ដាល​ផ្លូវ​ទឹក »។

កាល​ពី ​ថ្ងៃ​ទី៩ ​ខែ​សីហា ឆ្នាំ២០១២ ​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែង​ក្នុង​រដ្ឋ​សភា ​ថា​ ភាគី​ប្រទេស​ទាំង​ពីរ ​បាន​ឯកភាព​ចុះ​ហត្ថលេខា​ប្រើប្រាស់​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥​ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥​ គឺ​សំដៅ​ប្រើប្រាស់​ខ្សែ​បន្ទាត់​ព្រំដែន​ដើរ​តាម​ទន្លេ ​ព្រែក ​បឹង ​និង​ស្ទឹង​ជា​ដើម ​ស្រប​តាម​គោលការណ៍ ​ច្បាប់​អន្តរជាតិ​។ ​លោក​ថា ​ខ្លឹមសារ​សន្ធិសញ្ញា​នេះ ​បាន​ឯកភាព​គ្នា ​អនុញ្ញាត​ឱ្យ​ប្រជាជន​ប្រទេស​ទាំង​ពី ​ប្រើប្រាស់​ទឹក​រួមគ្នា ​ក្នុង​ការស្រោចស្រព​ និង​ធ្វើ​កសិកម្ម​ជាដើម៖ «សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ ​គឺ​សំដៅ ​កែ​សម្រួល​ទិស​ដើរ​នៃ​ខ្សែ​ព្រំដែន​គោក ​ដើរ​តាម​ទន្លេ ​ដើម្បី​កំណត់​ខ្សែ​ព្រំដែន ​ដើរ​តាម​ទន្លេ​ ឬ​ផ្លូវ​ទឹក​ ស្រប​តាម​គោលការណ៍ ​និង​ការអនុវត្ត​អន្តរជាតិ ​ពោល​គឺ ​យើង​ត្រូវ​ពុះ​ទ្រូង​ព្រែក​ហ្នឹង​តែ​ម្ដង​ ចំពាក់​កណ្ដាល​ហ្នឹង​តែ​ម្ដង។ ពលរដ្ឋ​កម្ពុជា ​ដែល​រស់​នៅ​បណ្ដោយ​ខ្សែ​ព្រំដែន​ទឹក ​ក៏​មាន​សិទ្ធិ​ប្រើប្រាស់​ទឹក​ទន្លេ​ ព្រែក ​ស្ទឹង​ទាំង​នោះ»។

ទោះ​ជា​យ៉ាងណា ក្រុម​យុវជន ​ពលរដ្ឋ ​អាជ្ញាធរ ​និង​គណបក្សប្រឆាំង ​សង្កេត​ឃើញ​ថា ​ការ​អនុវត្ត​ជាក់ស្ដែង​ពុំ​ដូច្នេះ​ទេ។ ពួក​គេ​ថា ព្រែក​ស្បូវ ​ឬ​ដៃ​ទន្លេ​បាសាក់​ ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នោះ ​វៀតណាម​បាន​គ្រប់គ្រង​ព្រែក​នោះ​ទាំងស្រុង​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រធាន​ក្រុម​ការងារ ១០០​រាត្រី ​លោក ​មួង សូនី កត់​សម្គាល់​ថា ​មក​ទល់​ពេល​នេះ ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ ​ទិញ​ទឹក ​ពី​វៀតណាម​ដែល​ទាញ​ចេញ ​ពី​ព្រែក​ស្បូវ ​ឬ ​ដៃ​ទន្លេ​បាសាក់​ មក​ស្រោចស្រព​ស្រូវ​កសិកម្ម​របស់​ខ្លួន ​ហើយ​ត្រូវ​ពឹង​ទាំងស្រុង​លើ​ទីផ្សារ​វៀតណាម៖ «នៅ​តំបន់​ហ្នឹង​គឺ ​អត់​មាន​ការ​អភិវឌ្ឍ​អី​ទេ ​ផ្លូវ​សឹង​តែ​ជិះ​មិន​កើត​ផង ​ផ្ទះ​ប្រជាជន​គឺ​ក្រីក្រ​ណាស់ ​លំបាក​ច្រើន​ ជីវភាព ​សាលារៀន ​ការរៀនសូត្រ ​និង​មន្ទីរពេទ្យ ​ព្រោះ​នៅ​ភូមិ​ព្រែក​ស្បូវ​ហ្នឹង ​អត់​មាន​ទឹក​ធ្វើ​ស្រូវ​ទេ ​ព្រោះ​ព្រែក​ហ្នឹង​វៀតណាម​គេ​យក​បាត់​ហើយ ​ចង់​ធ្វើ​ស្រូវ​ ត្រូវ​ទិញ​ទឹក​ពី​វៀតណាម ​គេ​លក់​ឱ្យ​។ ភាគច្រើន​ចំណាក​ស្រុក​អស់​ច្រើន​ណាស់ ​ប្រជាជន​តំបន់​ហ្នឹង»។

អាស៊ី​សេរី​​មិន​ទាន់​ទាក់ទង ​មន្ត្រី​នាំ​ពាក្យ​ស្ថាន​ទូត​វៀតណាម ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​នៅឡើយទេ ​នៅ​ថ្ងៃ​ទី២៩ មេសា។

ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង  បន្ថែមថា  តំបន់​នោះ មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ហើយ​ភាគី ប្រទេស​ទាំង​ពីរ ត្រៀម​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង ឱ្យ​ចម្លង​ខ្សែ​ព្រំដែន ពី​ផែនទី​បោន (Bonne) ខ្នាត ១/១០០ ពាន់ ទៅ​ជា​ផែនទី ​UTM ខ្នាត ១/៥០ ពាន់​វិញ។

​របាយការណ៍​របស់​ក្រុម​ការងារ ​១០០ ​រាត្រី ​បង្ហាញ​ថា ​ ក្នុង​ឃុំ​សំពៅពូន​ដែល​កំពុង​ចម្រូង​ចម្រាស់​រឿង​ព្រំដែន​នោះ  មាន​ភូមិ​ចំនួន ២ ​នៅ​ជាប់​ព្រំដែន​វៀតណាម ​គឺ​ភូមិ​ ព្រៃ​ធំ ​បោះ​បង្គោល​ព្រំដែន​រួច​ នៅ​ឆ្នាំ​ ២០១៧ ​និង ​ភូមិ​ព្រែក​ស្បូវ ​មិនទាន់​បោះ​បង្គោល​ព្រំដែន​ ដែល​វៀតណាម​បាន​បោះតង់​ចូល​ដីខ្មែរ​។ ​របាយការណ៍​បន្ត​ថា ​ភូមិ​ព្រែក​ស្បូវ ​មាន​ប្រជាជន​ខ្មែរ​ ឬ ​រស់​នៅ​ជាង ​១​ពាន់​គ្រួសារ​ នៅ​ជាប់​ព្រំដែន​វៀតណាម ​ហើយ​ពលរដ្ឋ​ភាគ​ច្រើន​ធ្វើ​ចំណាក​ស្រុក​ស្ងាត់​ភូមិ​។ ​ដោយ​ឡែក​ ប្រទេស​វៀតណាម​វិញ ​មាន​ប្រជាជន​រស់​រាប់​ម៉ឺន​គ្រួសារ ​តាម​បណ្ដោយ​ព្រែក​ស្បូវ ​ឬ​ហៅថា ​ព្រែក​បីញ ឌី ​(Binh Di)​ ជា​ភាសា​វៀតណាម​។ ​តំបន់​នោះ ​វៀតណាម​មាន ​មន្ទីរពេទ្យ ​សាលារៀន និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ​ផ្លូវ​ខ្វាត់ខ្វែង​តាម​បណ្ដោយ​ព្រំដែន ​និង​មាន​ផ្លូវ​ក្រវាត់​ព្រំដែន​ចំនួន​២ ​ខ្សែ ​ ផ្ទុយ​ពី​កម្ពុជា​ មាន​ផ្លូវ​លំ ​២ ​ខ្សែ ​លំបាក​ធ្វើ​ដំណើរ​ខ្លាំង​ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ សាលារៀន ​និង​មន្ទីរពេទ្យ​គ្រប់គ្រាន់។

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៤៥​គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១​បង្គោល៕

1 comment:

Hemondno Viata said...

ពិតណាស់បងប្អូន នេះជាល្បិចឈ្លានពានទឹកដីក្នុងគោលបំណងច្បាស់លាស់មួយ ឆ្ពោះទៅរកការប្រើអវុធនៅថ្ងៃអនាគតនិងចោទប្រកាន់ម្ចាស់ស្រុកពីបទផ្សេងៗ ដង្ហាញប្រាប់បរទេសឲ្យឃើញថាម្ចាស់ទឹកដីមានបំណងអាក្រក់លើខ្លួន ។ ចោរមិនដែលទទួលស្គាល់សកម្មភាពល្មើសលោភលន់របស់ខ្លួនម្ដងណាឡើយ!។នេះជាល្បិចដ៏អាក្រក់មួយរបស់សាសន៍យួនអ្នកឈ្លានពានប្រទេសជិតខាងដើរកាងអន្ទាក់ទុកក្នុងទឹដីគេតរៀងមកទល់សព្វថ្ងៃនេះ ។