February 23, 2020

លោក​អាឡាំង ឡូវឹនសល​គាំទ្រ​ទណ្ឌកម្ម​សេដ្ឋកិច្ច​​សហភាព​អឺរ៉ុប​លើ​កម្ពុជា

លោក អាឡាំង ឡូវឹនសល (Alan Lowenthal ) អ្នក​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក និង​សហប្រធាន​ក្រុម​ការងារ​សភា​តំណាងរាស្ត្រ​​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា។

ម៉ែន គឹមសេង | VOA Khmer, 22 កុម្ភៈ 2020

វ៉ាស៊ីនតោន — អ្នក​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​មួយ​រូប​បានអបអរសាទរ​សហភាព​អឺរ៉ុប​ ចំពោះ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​រដ្ឋាភិបាល​កម្ពុជា​ដោយសារតែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​កន្លង​មក​នេះ។

លោក អាឡាំង ឡូវឹនសល (Alan Lowenthal ) សហប្រធាន​ក្រុម​ការងារ​សភា​តំណាងរាស្ត្រទទួល​បន្ទុក​កិច្ចការ​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ថា ​កិច្ចការ​បន្ទាប់​គឺ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ពិនិត្យ​មើល​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ផង​ដែរ។​

លោក​ អាឡាំង ឡូវឹនសល​ ដែល​ជា​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល ​VOAទទួល​បាន​នៅ​ថ្ងៃ​សុក្រ​ថា៖

«ទាំង​សហភាព​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ឬ​ប្រទេស​ដទៃ​ទៀត​មិន​គួរ​ផ្តល់​ផលប្រយោជន៍សេដ្ឋកិច្ច​ឱ្យ​លោក ​ហ៊ុន សែន​ដោយសារតែ​អាកប្បកិរិយា​អាក្រក់ព្រោះ​វា​នឹង​កាន់តែ​ពង្រឹង​ការ​បន្ត​កាន់​អំណាចនៃ​របប​របស់​លោក​នៅ​កម្ពុជា​ប៉ុណ្ណោះ»។​

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន គណៈកម្មការអឺរ៉ុប​បាន​ប្រកាសព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ»​(EBA) ចំនួន​២០ភាគរយ​ដែល​មាន​ទឹក​ប្រាក់​ជាង​១.០០០​លាន​ដុល្លារ​លើ​ផលិតផល​នាំចេញ​មួយ​ចំនួន​របស់​កម្ពុជាដែល​មាន​ដូច​ជា​សម្លៀកបំពាក់ ​ស្បែក​ជើង ​សម្ភារៈ​ធ្វើ​ដំណើរ​ និង​ស្ករស។

លោក ​អាឡាំង ឡូវឹនសល​បាន​បន្ថែម​ទៀត​ថា៖ «នេះ​គឺ​ជា​ជំហាន​ទីមួយ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ឱ្យ​លោក​ ហ៊ុន សែន​ ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​តាម​ដែរ»។​

​លោក​ Alan Lowenthal ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​បាតុករ​ខ្មែរ​អាមេរិកាំង​ដែលតវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦។

ការសម្រេច​របស់​គណៈកម្មការអឺរ៉ុប​ធ្វើ​ឡើងក្រោយពី​មាន​ការស៊ើបអង្កេត​វាយតម្លៃ​យ៉ាង​ល្អិត​ល្អន់របស់​ក្រុម​ការងារ​គណៈកម្មការអឺរ៉ុបដោយ​រួម​មាន​ការពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា អង្គការ​សង្គមស៊ីវិល​និង​សហជីព​ការងារក្នុងរយៈពេល​មួយឆ្នាំ​កន្លងមក ដើម្បី​ឱ្យ​កម្ពុជា​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​នយោបាយ ​សិទ្ធិ​មនុស្ស​ សិទ្ធិ​សហជីព​ និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន។

របាយការណ៍​ស៊ើបអង្កេត​របស់​គណៈកម្មការ​អឺរ៉ុប​បាន​រក​ឃើញ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​«រំលោភបំពាន​ធ្ងន់ធ្ងរ​និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ‍»លើ​សិទ្ធិ​ទាំង​នេះ​ជា​ពិសេស​ការ​ចាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដាក់​ពន្ធនាគារ​និង​ហាមឃាត់​សកម្មភាព​នយោបាយ​របស់​អតីត​បក្ស​ប្រឆាំង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​សង្គមស៊ីវិល​ដែល​ធ្វើ​ឱ្យ​ពួកគេ​ខ្លះ​នៅ​បន្ត​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេសចោលក្រុម​គ្រួសារ​នៅ​ឡើយ។

រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨ ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ឈ្នះ​យក​អាសនៈ​សភា​ទាំង​១២៥។ ​

លោក ​អាឡាំង ឡូវឹនសល បាន​បន្ថែម​ថា៖ «លោក​ ហ៊ុន សែន​ នៅតែ​ជា​ឧបសគ្គ​ដ៏​ធំ​ចំពោះ​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ដោយ​បាន​បង្ហាញ​តាម​រយៈ​ការ​បន្ត​រឹតត្បិត​នៃ​របប​របស់​គាត់​លើ​សេរីភាព​ជា​មូលដ្ឋាន​ដែល​ធានា​ជូន​ពលរដ្ឋ​កម្ពុជា​ និង​ការរំលោភ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ម្តងហើយ​ម្តងទៀត»។

សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ដែល​ទទួល​ទិញ​ទំនិញនាំចេញ​ចំនួន​៦៥ភាគរយ។

កម្ពុជា​នាំចូល​សហភាព​អឺរ៉ុប​ក្នុងទំហំ​ទឹកប្រាក់​ចំនួន​៥,៨​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ​២០១៨។ ក្នុង​នោះ​ទំនិញ​ដែល​រួច​ពន្ធ​មាន​ចំនួន​៥,៦​ពាន់លានដុល្លារ​ដែល​ធ្វើ​ឱ្យ​រួច​ពន្ធ​ជាង​៦០០​លាន​ដុល្លារក្នុង​មួយ​ឆ្នាំៗ។​ រី​ឯ​ទំនិញ​កម្ពុជានាំចូល​សហរដ្ឋ​អាមេរិក​មាន​ចំនួនជាង​៣,៨ពាន់លាន​ដុល្លារក្នុងឆ្នាំ​២០១៨​ ក្នុង​នោះ​មានទំនិញ​ចំនួន​២០ភាគរយ​ដែល​ត្រូវ​ជា​៧២០​លានដុល្លារមិន​បង់​ពន្ធដោយសារ​នៅ​ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ ហៅថា​ GSP។ ​

កាលពី​ចុងខែ​កុម្ភៈ​ ឆ្នាំមុន លោក​ ​អាឡាំង ឡូវឹនសល​ និង​សហប្រធាន​របស់​លោក​គឺ​លោក​ ស្ទីវ ឆាបុត្រ​ អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​អូហៃយូ (Ohio) បាន​ស្នើ​សេចក្តី​ព្រាង ច្បាប់«ពាណិជ្ជកម្ម​កម្ពុជា»​ (H.R. 1376) ​ដែល​មាន​គោលបំណង​សើរើ​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ​នោះ​ឡើង​វិញ។ ប៉ុន្តែ​សេចក្តី​ព្រាងច្បាប់​នេះ​នៅ​ជាប់​គាំង​ក្នុង​អនុ​គណៈកម្មការ​ពាណិជ្ជកម្ម​នៅឡើយ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ​នៅ​ពេល​ដែល​ VOAទាក់ទង។ ប៉ុន្តែ​ក្នុង​ពេល​កន្លង​មករដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការសម្រេច​ចិត្ត​របស់​គណៈ​កម្មការអឺរ៉ុប​ថា​«អយុត្តិធម៌‍»​ដែល​ផ្តើម​ចេញ​ពី​«ការភាន់ច្រឡំ និង​យល់​ខុស​»​ពី​តថភាព​ជាក់ស្តែង​នៅ​កម្ពុជា​ហើយ​ចាត់​ទុក​ថា ​បាន​ធ្វើ​ឡើង​«ដោយ​ហេតុផល​នយោបាយ​ដោយ​គ្មាន​ការពិចារណា​ប្រកប​ដោយ​កត្តា​សត្យានុម័ត​និង​ភាព​មិន​លម្អៀង‍»។​

ក្រសួង​ការបរទេស​បាន​ហៅ​ការសម្រេច​ចិត្ត​របស់​សហគមន៍​អន្តរជាតិ​ថា​ជា​ «ការអនុវត្ត​ស្តង់ដារទ្វេ» នៅ​ពេល​ដែលប្រៀបធៀប​ប្រព្រឹត្តកម្ម​របស់​ប្រទេស​ទាំងនោះ​ជាមួយ​នឹង​ដៃគូ​ពាណិជ្ជកម្ម​ដទៃ​ទៀត‍​ហើយ​ថា​ ​កម្ពុជា​ប្រកាន់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ជំហរ​គោលការណ៍​ក្នុង​ការ​បដិសេធ​រាល់​ការ​ប៉ុនប៉ង​ដោយ​ដៃគូ​ខាងក្រៅ​ក្នុង​ការ​ប្រើប្រាស់​ពាណិជ្ជកម្ម​ឬ​ជំនួយ​អភិវឌ្ឍន៍​ដើម្បី​ជា​លេសក្នុង​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា‍។​

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​គោល​ជំហររបស់​អ្នកតំណាងរាស្ត្រ​អាឡាំង ឡូវឹនសល។

លោក​ អ៊ុង​ ឫទ្ធី​ ប្រធាន​សាខា​គណបក្សសង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​បញ្ជាក់​ប្រាប់ VOA ថា៖

«ខ្ញុំ​ជឿ​ថា​នេះ គឺ​ជា​ជំហាន​ទី​មួយ​ដែល​ប្រទេស​សេរី​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដូច​អាមេរិក​គួរ​តែ​ធ្វើ​តាម​ហើយ​គួរតែ​ជំរុញ​នូវ​សេចក្តី​ព្រាងច្បាប់​របស់​លោក​អាឡាំង ឡូវឹនសល​ដូច​ជា​សហភាព​អឺរ៉ុប​ដែរ។ ខ្ញុំ​ក៏​ដឹង​ថា​នៅ​ខាង​អូស្ត្រាលី​គេ​ក៏​រៀបចំ​ធ្វើ​ដូចគ្នា។ អីចឹ​ង​នេះ​គឺជា​ជំហាន​ទី១ដើម្បី​ឱ្យ​លោក​ ហ៊ុន សែន ​ទទួល​ខុសត្រូវ​នូវអ្វីដែល​គាត់​បាន​ធ្វើ​បំបាត់​លទ្ធិ​ប្រជា​ធិប​តេយ្យនៅ​ប្រទេស​កម្ពុជា​យើង»។​

លោក យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​សម្តែង​ការ​សោកស្តាយ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បណ្តែតបណ្តោយ​មិន​ព្រម​កែប្រែស្ថានការណ៍​រហូត​ដល់​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប។

លោក​បាន​បន្ថែម​ថា៖ «ចំពោះ​ពួកអឺរ៉ុប​ហើយ​នឹង​សហរដ្ឋ​អាមេរិក​គេ​មិនចង់​ដាក់ទារុណកម្ម​ទៅ​ប្រទេស​ខ្មែរ​ទេ​ក៏ប៉ុន្តែ​ដោយសារ​លោក​ ហ៊ុន សែន ​ធ្វើ​ដូច្នេះ​គេ​ទាល់​ច្រក​គឺ​គេ​មិន​អាច​បិទ​ភ្នែកបាន​។ ម្ល៉ោះហើយ​ខ្ញុំ​ថា​ប្រសិន​បើ​លោក​ ហ៊ុន សែន​ កែប្រែ​ខ្ញុំ​ថា ​ពួក អឺរ៉ុប​និង​អាមេរិក​នឹង​ធ្វើ​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​ខ្មែរ​យើង​បាន​ល្អ​ហើយ​មាន​សេចក្តី​រីកចម្រើន​ចំពោះ​ប្រជាជន​ខ្មែរ​យើង​ទៅមុខ​ទៀត។ បាល់​នេះ​បើ​គិត​ទៅនៅ​លើ​ដៃ​លោក​ ហ៊ុន សែន។ ​បើ​លោក ហ៊ុន សែន​ កែប្រែ​ សុខចិត្ត​គោរព​សិទ្ធិ​មនុស្សឱ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​កុំឱ្យ​ធ្វើ​ដូច​ឆាកល្ខោន​ដើម្បីក្រាញ​អំណាច​អីចឹង​ខ្ញុំ​ថា​គេ​នឹង​អាច​កែប្រែ​មក​វិញ»។​

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ សកម្មជន​សហជីព និង​ក្រុមហ៊ុន​បញ្ជាទិញ​ទំនិញ​ពី​កម្ពុជាមួយចំនួន​ក៏​មើល​ឃើញ​ថា​វិធានការ​របស់​សហភាព​អឺរ៉ុប​នៅ​ស្រាល​នៅ​ឡើយ​ដោយ​វា​គ្រាន់​តែជា​ការព្រមាន​ប៉ុណ្ណោះ។

ប្រសិន​បើ​មិន​មាន​សំឡេងជំទាស់​គ្រប់​គ្រាន់​ ពីសភាសហភាព​អឺរ៉ុប​និង​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុបទេ​គឺ​ការ​ដាក់​ទណ្ឌកម្ម​នេះ​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី​១២ ខែសីហា​ ឆ្នាំ​២០២០​នេះ៕

No comments: