December 19, 2019

សេចក្តី​ព្រាង​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ជាប់​គាំង​នៅ​ព្រឹទ្ធសភា​អាមេរិក​រហូត​ដល់​ឆ្នាំ​២០២០



ម៉ែន គឹមសេង | VOA Khmer, 18 ធ្នូ 2019   

រូបឯកសារ៖ លោក James Risch (ស្តាំ) ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​ការបរទេសរបស់​ព្រឹទ្ធសភា និងលោក Marco Rubio សមាជិកព្រឹទ្ធសភាមកពីរដ្ឋផ្លរីដា ពិភាក្សាគ្នានៅក្នុងសវនាការមួយរបស់ព្រឹទ្ធសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។ Photo: AP


វ៉ាស៊ីនតោន — សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ដែល​មាន​គោល​បំណង​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ទាមទារ​ឱ្យ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មិនបាន​ឆ្លង​ផុត​គណៈកម្មការ​ជំនាញ​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកនៅ​ដំណាច់​ឆ្នាំ​នេះ​ឡើយ​ ហើយ​ត្រូវ​បន្ត​រង់ចាំ​ដល់​ឆ្នាំ​២០២០។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ព្រឹទ្ធសភា។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ជាប់​គាំង​នៅ​គណៈកម្មការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​
ងពី​ថ្ងៃទី​១៦ ​ខែកក្កដា ​ឆ្នាំ​២០១៩ ​បន្ទាប់​ពី​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​កាលពី​មួយ​ថ្ងៃមុន​នោះ។

អ្នកស្រី ​ស៊ូហ្សាន រ៉ាស ​(Suzanne Wrasse) ​ជា​អ្នកនាំពាក្យ​គណៈកម្មការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ រហូតមក​ដល់​ដំណាច់​ឆ្នាំ​២០១៩​នេះ​ គឺ​គណៈកម្មការ​នៅ​មិន​ទាន់​បាន​ដាក់​សេចក្តី​ស្នើច្បាប់​នេះ​នៅ​ក្នុង​របៀប​វារៈ​ប្រជុំ​នៅ​ឡើយ​ទេ។

មូលហេតុ​គឺ​ដោយសារ​មាន​សេចក្តី​ស្នើច្បាប់​ជាច្រើន​រយ​ទៀតដែល​គណៈកម្មការទំនាក់​ទំនង​កិច្ចការ​បរទេស​ត្រូវ​ពិនិត្យ​សម្រេច។​

អ្នកស្រី​ ស៊ូហ្សាន រ៉ាស ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ភាសាខ្មែរ​បន្ថែម​ថា៖ «មិនមាន​ហេតុផលអ្វីពិសេស​ដែល​រាំងស្ទះ​សេចក្តី​ព្រាងច្បាប់​នេះ​មិន​ឱ្យ​ដំណើរការ​ទៅមុខ​ទេ ហើយ​សេចក្តី​ស្នើច្បាប់​នេះ​អាច​នឹង​ត្រូវ​អនុម័ត​នៅ​ពេល​ណាមួយ​ក្នុង​ឆ្នាំ​ក្រោយ​នេះ‍»។​

សេចក្តី​ស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឬ​ហៅថា​ HR-526 ​ត្រូវបាន​ស្នើឡើង​ដោយ​លោក ​ថេត យូហូ ​អ្នកតំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋផ្លរីដា ​កាលពី​ថ្ងៃទី១១​ ខែ​មករា​ឆ្នាំ​២០១៩​នេះ គឺ​រយៈពេល​តែប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រដ្ឋសភាបាន​ចាប់​ផ្តើម​នីតិកាល​ថ្មី។

សេចក្តី​ព្រាងច្បាប់​នេះ​មាន​គោល​បំណង​ស្តារលទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្សនៅ​កម្ពុជា ​បន្ទាប់ពី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​បីឆ្នាំ​មកនេះ ​ហើយ​ស្នើ​ឱ្យ​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ជនណា​ដែល​បាន​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ​ហាមឃាត់​មិន​ឱ្យ​ចូល​សហរដ្ឋ​អាមេរិក​ និង​ធ្វើមោឃៈភាព​ទិដ្ឋាការ​ដែល​ពួកគេ​បាន​ទទួល។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

សេចក្តី​ស្នើច្បាប់​នេះ​បាន​ផ្តល់​ក្តី​សង្ឃឹម​ជាច្រើន​ដល់​ក្រុមសកម្មជន​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ ដែលទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា ​ដោយសារតែ​អាជ្ញាធរ​កម្ពុជា​បាន​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ សិទ្ធិ​នយោបាយ ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​សមាគម​ជាដើម ​ហើយ​វិមាន​រដ្ឋសភាក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ក្លាយ​ជា​ទី​ដែល​ពួកគេ​តែងតែ​មក​ធ្វើ​បាតុកម្ម​ជារឿយៗ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​អ្នក​តាក់តែង​ច្បាប់​សហរដ្ឋ​អាមេរិក។​

សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​ដែល​វីអូអេ​បាន​ទាក់​ទង​ បាន​សម្តែង​ការ​គាំទ្រ​សេចក្តី​ស្នើច្បាប់ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា។

​ការិយាល័យ​អ្នកនាំពាក្យ​របស់​សមាជិក​ព្រឹទ្ធសភា ​លីនស៊ី ហ្ក្រែម (Linsey Graham) នៃ​រដ្ឋ​សៅ ខារ៉ូឡាញណា​ (South Carolina) ​ដែល​មកពី​គណបក្ស​សាធារណរដ្ឋ​និង​ជា​សមាជិក​គណៈកម្មការ​ទំនាក់​ទំនង​ការបរទេស​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ពី​ការគាំទ្រ​របស់​លោក​សមាជិក​ព្រឹទ្ធសភា។

នៅក្នុង​សារ​អេឡិកត្រូនិក​ផ្ញើ​មក​វីអូអេ​ភាសាខ្មែរ​លោក​ ខេវីន ប៊ីស្ហប់​ អ្នកនាំពាក្យ​របស់​លោក​ លីនស៊ី ហ្រ្កែម ​បាន​បញ្ជាក់​ថា៖ «លោក​ ហ្ក្រែម គាំទ្រ​សេចក្តីស្នើច្បាប់​នេះ​ ហើយ​លោក​ ជេម រីសជ្ហ (James Risch) [ដែល​ជា​ប្រធានគណៈកម្មការ] ត្រូវតែ​ជំរុញ​សេចក្តី​ស្នើច្បាប់​នេះ​ឆ្លងឱ្យ​ផុត​គណៈកម្មការ‍»។​

លោក​ថេត គ្រូស សមាជិកព្រឹទ្ធសភា​ដែល​មក​ពីខាងគណបក្ស​សាធារណរដ្ឋ​ប្រចាំ​នៅ​រដ្ឋ​តិចសាស និង​ជា​សមាជិក​គណៈកម្មការ​ទំនាក់ទំនង​ការបរទេស ​ក៏​បាន​គាំទ្រ​ចំពោះ​សេចក្តី​ស្នើ​ច្បាប់​នេះ​ដែរ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកស្រី​ ម៉ារៀ ជេហ្វ្រី ​ដែល​ជា​អ្នកនាំពាក្យ។

អ្នកស្រី ជេហ្វ្រី​ បាន​បញ្ជាក់​តាមសារ​អេឡិកត្រូនិក​ប្រាប់​វីអូអេ​ថា​ ការ​គាំទ្រ​នេះ​ដោយសារ​លោក​សមាជិក​ព្រឹទ្ធសភា​មើល​ឃើញ​ថា​ ប្រទេស​កម្ពុជា​នៅកំពុង​មានការតស៊ូ​រវាង​ពលរដ្ឋ​ដែល​ចង់​រស់​នៅ​ដោយ​មាន​សេរីភាព ​និង​រដ្ឋាភិបាល​ផ្តាច់ការ​របស់​លោក​ហ៊ុន សែន។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ដាច់ខាត​សហរដ្ឋ​អាមេរិក​ត្រូវតែ​ឈរ​ជាមួយ​នឹង​ពលរដ្ឋ​កម្ពុជា​ ដែល​ស្វែងរក​សេរីភាព​និង​ប្រជាធិបតេយ្យ‍»។​

អ្នកស្រី​ ជេហ្វ្រី ​បាន​បន្ថែម​ថា​ ដោយ​ហេតុនេះ​ហើយ​បាន​ជា​លោក​ថេត គ្រូស​ ថែមទាំង​បាន​ស្នើ​សេចក្តី​ស្នើ​ច្បាប់​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​‍ «ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា‍» ដែល​មាន​គោល​បំណង​«ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​រដ្ឋាភិបាល​របស់​លោក​ ទទួល​ខុសត្រូវ​ចំពោះ​ការ​ទទួល​បាន​ផល​ប្រយោជន៍​ពីការ​ផ្តល់​ឋានៈអនុគ្រោះពន្ធ​ ដែល​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​ដោយ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប ប៉ុន្តែ​បែរ​ជាមិន​គោរព​សេរីភាព​ជា​មូលដ្ឋាន​តាម​លទ្ធិ​ប្រជាធិបតេយ្យ‍»។

ក្រៅពី​សេចក្តី​ស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ នៅ​មាន​សេចក្តី​ស្នើច្បាប់​ចំនួន​ពីរ​ទៀត​ក៏​កំពុង​ជាប់​គាំង​នៅក្នុង​គណៈកម្មការ​ជំនាញ​របស់​ព្រឹទ្ធសភា​ដែរ ​ដែល​ក្នុងនោះ​មាន​សេចក្តី​ព្រាង​ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ (Cambodia Trade Act ឬ​ S-34) ដែលសមាជិក​ព្រឹទ្ធសភា​ពីរ​រូប​គឺ​ លោក ​ថេត ​គ្រូស ​និង​លោក គ្រីស ឃូន ​បាន​ស្នើឡើង ​ហើយ​កំពុង​ជាប់គាំង​នៅ​គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​ព្រឹទ្ធសភា​ និង​សំណើ​ «ច្បាប់ស្តីពី​ការទទួលខុស​ត្រូវ​របស់​កម្ពុជា​និង​ការវិល​ត្រឡប់​វិញ​នូវ​ការវិនិយោគ‍»​ ឆ្នាំ​២០១៩​ (ហៅកាត់ថា​ CARI Act ឬ S.1468) ដែល​ត្រូវ​បាន​ស្នើ​ឡើងដោយ​សមាជិក​ព្រឹទ្ធសភា​ចំនួន​៣រូប​ ដែល​មក​ពីគណបក្ស​ទាំងពីរ ​គឺលោក លីនស៊ី ហ្ក្រែម ​នៃគណបក្សសាធារណរដ្ឋ​ លោក ឌីក ដឺប៊ីន​ (Dick Durbin) ​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ម៉ាកូ រូប៊ីអូ​ (Marco Rubio) នៃ​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ជំរុញ​ឱ្យ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នូវ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​នៅ​ឆ្នាំ​១៩៩១។ សេចក្តី​ព្រាងច្បាប់​ CARI Act ​នេះ​ក៏​កំពុង​ជាប់គាំង​នៅ​គណៈកម្មការ​ទំនាក់ទំនង​ការបរទេស​ដែរ។

អ្នកនយោបាយ​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ និង​អ្នកគាំទ្រ​នៅ​សហរដ្ឋ​អាមេរិកបាន​ឡើងចុះ​ជាប់​ជា​ប្រចាំ​មក​ជួប​អ្នកតាក់តែង​ច្បាប់​សហរដ្ឋ​អាមេរិក ​ដែល​នៅ​សភា​តំណាងរាស្ត្រ​និង​ព្រឹទ្ធសភា​ដើម្បី​រំឭក​និង​ជំរុញ​ឱ្យ​គាំទ្រ​បុព្វហេតុ​របស់​ពួកគេ។

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបានតុលាការ​រំលាយ ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​ដំណើរ​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​ដើម​ខែ​ធ្នូ​ដែល​ជា​សប្តាហ៍​ចុងក្រោយ​មុន​ព្រឹទ្ធសភា​សម្រាក​បុណ្យ​គ្រិស្តម៉ាស ​រហូត​ដល់​ដើម​ខែ​មករា​ឆ្នាំ​ក្រោយ។ លោក​នៅតែ​រក្សា​ក្តីសង្ឃឹម​ បើ​ច្បាប់​ទាំងនេះ​នៅ​មិន​ទាន់​អាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា។​

នៅក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​នៅទីក្រុង​ Falls Church ​រដ្ឋ​វីជីនៀ ​កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​ លោក​សម រង្ស៊ី បាន​ប្រាប់​អ្នកគាំទ្រ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «រឿង​ស្រុកខ្មែរ​យើង​មាន​សំណាង​ណាស់​ មាន​អ្នក​តំណាងរាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា​ដែល​ដើរ​តួនាទី​នាំមុខ។ យើង​បាន​ជួប​ទាំងអស់ ​ជួប​ជាមួយ ​អាឡាំង ​លូវឹនសល ​បាន​ជួប​ជាមួយ​លោក ស្ទីវ ឆាបុត្រ​ បាន​ជួប​ជាមួយ​នឹង កូរី ហ្កាដណឺ ​ដែលជា​សមាជិក​ព្រឹទ្ធសភា​ និង​បាន​ជួប​យ៉ាងហោចណាស់​ជាមួយ​នឹង​បុគ្គលិក​របស់​គេ បើទោះបីជាគេ​រវល់​ គេ​ឱ្យ​បុគ្គលិក​គេ​មក​ប្រាប់​យើង​ថា ​គេ​នៅតែ​ជំរុញ​កុំ​ឱ្យ​យើង​អស់​សង្ឃឹម។ យើង​ត្រូវតែ​តស៊ូ​តទៅទៀត។ យើង​មាន​មិត្តភក្តិ​នៅ​សហរដ្ឋ​អាមេរិក​ជាច្រើន​ដែល​គេ​នឹង​ជួយ​យើង​ជា​បន្តបន្ទាប់‍»។​

រីឯ ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​វិញ​បាន​ចំណាយ​ថវិកាចំនួន ​១,២២​លាន​ដុល្លារក្នុង​មួយឆ្នាំ សម្រាប់​ជួល​ក្រុមហ៊ុន​អាមេរិកាំង​ចំនួនពីរ​ឱ្យ​បញ្ចុះ​បញ្ចូលអ្នក​តំណាងរាស្ត្រ​អាមេរិកាំង​និង​ផ្សព្វ​ផ្សាយ​ល្អពី​កម្ពុជា ក្នុង​ខណៈ​ពេល​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង ហើយ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​បានស្នើ​ច្បាប់​ទាំងនេះ​ ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។ ក្រុមហ៊ុនបញ្ចុះបញ្ចូល​ (ឬហៅថាឡប់ប៊ី)​ របស់​អាមេរិកាំង​ទាំង២នេះ​ប្រើប្រាស់​អ្នក​ជំនាញ​ច្បាប់​ និង​ការបញ្ចុះបញ្ចូល​ចំនួន​៩នាក់។ ពួកគេ​បាន​ចាប់ផ្តើម​ការងារ​នេះ​តាំង​ពី​ខែ​មីនា ​ឆ្នាំ​២០១៩​ និង​បន្ត​រហូត​ដល់ដំណាច់​ខែ​កុម្ភៈ ​ឆ្នាំ​២០២០។

អ្នកវិភាគ​នានា​បាន​លើកឡើងថា ប្រសិនបើ​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជាបាន​ឆ្លង​ផុត​គណៈកម្មការ​ជំនាញ​ គឺ​វា​ជា​ជោគជ័យ​មួយ​របស់​ក្រុម​ប្រឆាំង​នៅ​កម្ពុជា​ ដោយសារតែ​កាលពី​ចុង​ឆ្នាំ​២០១៨​ សេចក្តី​ព្រាងច្បាប់​នេះ​បាន​ឆ្លងកាត់​សភាតំណាងរាស្ត្រ​ម្តង​ហើយ ប៉ុន្តែ​ត្រូវ​ជាប់​គាំង​នៅ​គណៈកម្មការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា ​ហើយ​រដ្ឋ​សភា​នីតិកាល​មុន​ក៏​បាន​ផុត​អាណត្តិ​រយៈពេល​ពីរឆ្នាំ​របស់​ខ្លួន​ ដែល​តម្រូវ​ឱ្យ​ច្បាប់​នេះ​ត្រូវបាន​ដាក់​ស្នើម្តង​ទៀត​ កាលពី​ដើមឆ្នាំ​នេះ។ អាណត្តិ​រដ្ឋ​សភា​បច្ចុប្បន្ន​ នឹង​ត្រូវបញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០២០៕

No comments: