December 13, 2019

អាមេរិក​កំពុង​តាម​ដាន​ករណី​លោក កឹម សុខា ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ការពារ​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក

លោក ម៉ៃ ផុមភីអូ (Mike Pompeo) រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី១១ ខែ​ធ្នូ ឆ្នាំ២០១៩ ផ្ដោត​លើ​ព្រឹត្តិការណ៍​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​នយោបាយ​ការ​បរទេស​អាមេរិក និង​បញ្ហា​សិទ្ធិមនុស្ស​អន្តរជាតិ។  Screenshot

ដោយ ខែ សុណង RFA 2019-12-12

ប្រមុខ​ការ​ទូត​អាមេរិក​ប្រកាស​ថា សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ដោយ​អាមេរិក​​កំពុង​ចាត់​វិធាន​ការ​ជាក់​ស្តែង​ជាច្រើន​ ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុក​​រលួយ ការ​រំលោភ​សិទ្ធិមនុស្ស និង​អំពើ​ជិះជាន់​ទាំង​ឡាយ​នៅ​ទូទាំង​ពិភពលោក។ តាម​រយៈ​ជំហរ​បែប​នេះ សហរដ្ឋ​អាមេរិក​បាន​ដាក់​បញ្ចូល​​សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចូល​​ក្នុង​បញ្ជី​​ដែល​​​ត្រូវ​តាម​ដាន​ដោយ​យកចិត្ត​ទុកដាក់។

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) អះអាង​ថា សហរដ្ឋ​អាមេរិក​កំពុង​តាម​ដាន​សំណុំ​រឿង​លោក កឹម សុខា ដែល​តុលាការ​កម្ពុជា​គ្រោង​ជំនុំ​ជម្រះ​នៅ​ពាក់​​កណ្ដាល​ខែ​ក្រោយ​នេះ។ លោក​​បញ្ជាក់​ថា នេះ​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្វើ ដើម្បី​​ការពារ​សិទ្ធិ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​លើ​ពិភពលោក៖ «យើង​ជា​ប្រជាជាតិ​​មួយ​ដែល​មិន​ត្រឹម​​តែ​ឱ្យ​តម្លៃ​លើ​​សិទ្ធិ​ដែល​មិន​​អាច​ដក​ហូត​បាន​របស់​មនុស្ស​​គ្រប់​រូប​នោះ​ទេ ប៉ុន្តែ​ថែម​​ទាំង​ជា​ប្រជាជាតិ​មួយ​ដែល​​បង្កើត​ឡើង​ដើម្បី​​ការពារ​សិទ្ធិ​ទាំង​អស់​នោះ​ផង​ដែរ។ យើង​មិន​មែន​​ត្រឹម​តែ​និយាយ​អំពី​រឿង​សិទ្ធិ​ទេ ប៉ុន្តែ​យើង​ក៏​ធ្វើ​សកម្មភាព​គាំទ្រ​សិទ្ធិ​ទាំង​នោះ​ដែរ។ យើង​ការពារ​សិទ្ធិ​នៅ​​ជុំ​​វិញ​​ពិភព​លោក​ ពីព្រោះ​វា​ជា​កាតព្វកិច្ច​របស់​ពួក​​យើង​ដែល​ត្រូវ​ធ្វើ​ដូច្នេះ។ នេះ​ហើយ​ គឺ​ជា​យើង។ ជា​ឧទាហរណ៍ យើង​កំពុង​​ឃ្លាំមើល​សវនាការ​កាត់​ទោស​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​លោក កឹម សុខា និង​រឿង​រ៉ាវ​ជាច្រើន​ផ្សេង​ទៀត»។

ប្រមុខ​ការទូត​អាមេរិក​ថ្លែង​បែប​នេះ​កាល​ពី​ថ្ងៃទី១១ ធ្នូ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​​ដែល​ផ្ដោត​លើ​ព្រឹត្តិការណ៍​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​នយោបាយ​ការ​បរទេស​អាមេរិក និង​បញ្ហា​សិទ្ធិមនុស្ស​អន្តរជាតិ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណរ៉ា យល់ថា សហរដ្ឋ​អាមេរិក​​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​លើ​សំណុំ​រឿង​លោក កឹម សុខា ព្រោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តែង​ចោទ​អាមេរិក​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​មេ​បក្ស​ប្រឆាំង​រូប​នេះ​ក្នុង​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ម្យ៉ាង​វិញ​ទៀត លោក​ថា ករណី​លោក កឹម សុខា គឺជា​បញ្ហា​គន្លឹះ​នៃ​រឿង​សិទ្ធិ​​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «ទី​មួយ​​ឈរ​លើ​គោល​​ការណ៍​អ្វី​ដែល​លោក លោក ម៉ៃ ផុមភីអូ លើកឡើង​ហ្នឹង គឺ​មាន​កត្តា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន និង​ជា​កត្តា​នាំ​មុខ​គេ​ដែល​​ឈឺឆ្អាល។ ទីពីរ ​អាមេរិក​​ជា​សមាជិក​​នៃ​ប្រទេស​ហត្ថលេខី​​របស់​កិច្ច​​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ហើយដែល​ខ្លឹមសារ​ហ្នឹង​បាន​បញ្ចូល​មក​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ អ៊ីចឹង​ហើយ​អាមេរិក​ជា​ប្រទេស​មួយ​ដែល​ត្រូវ​ដើរ​តួនាទី​ឈាន​មុខ​ក្នុង​ការ​ឃ្លាំមើល​អំពី​​យន្តការ​នៃ​ការ​អនុវត្ត​ទាំងអស់​នេះ​ហើយ»។

ជា​ញឹកញាប់ សហរដ្ឋអាមេរិក​តែង​ទាម​​ទារ​ឱ្យ​រដ្ឋាភិបាល​ លោក ហ៊ុន​ សែន ទម្លាក់​ចោល​​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​ផ្ដល់​សិទ្ធិ​ពេញលេញ​ដល់​រូប​លោក​​វិញ ព្រោះ​អាមេរិក​យល់ថា នេះ​​ជា​បទ​ចោទ​ប្រកាន់​ដែល​​គ្មាន​មូលដ្ឋាន។ សហរដ្ឋ​អាមេរិក​កត់​សម្គាល់​ទៀត​ថា អាជ្ញាធរ​កម្ពុជា​​មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ និង​គួរ​ឱ្យ​ទុក​​ចិត្ត​បាន ដើម្បី​បញ្ជាក់​អំពី​​អង្គហេតុ​ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ដែល​ទង្វើ​នេះ​ ជា​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​នៅ​ប្រទេស​កម្ពុជា។


ទោះ​ជា​យ៉ាង​ណា ចៅក្រម​ស៊ើបសួរ​​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី បាន​អះអាង​ថា លោក​​មាន​​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ដាក់​បន្ទុក​លើ​លោក កឹម សុខា ហើយ​លោក​ក៏​បាន​សម្រេច​បញ្ជូន​រឿង​នេះ​ទៅ​ជំនុំ​​ជម្រះ។ តុលាការ​ក្រុង​​ភ្នំពេញ​បាន​កំណត់​យក​​ថ្ងៃទី១៥ មករា ខែ​ក្រោយ​នេះ ជា​ថ្ងៃ​បើកសវនាការ​ជំនុំ​​ជម្រះ​សំណុំ​រឿង​សន្ទិដ្ឋិភាព ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​របស់​លោក កឹម សុខា ដែល​​ជា​សំណុំ​រឿង​មាន​ចរិត​នយោបាយ និង​​ធ្វើ​ឡើង​តាម​​ការ​ចង់​បាន​​របស់​លោក ហ៊ុន សែន។

ក្រៅ​ពី​ការ​តាម​ដាន​សំណុំ​រឿង​លោក កឹម សុខា នេះ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) ក៏​បាន​សង្កត់​ធ្ងន់​លើ​ទណ្ឌកម្ម​របស់​អាមេរិក​​ប្រឆាំង​នឹង​ជន​ពុក​រលួយ ​រំលោភ​សិទ្ធិមនុស្ស និង​ជិះជាន់​អ្នក​​ដទៃ​ផង​ដែរ។ លោក​បញ្ជាក់​ថា ​​វិធានការ​ និង​ទណ្ឌកម្ម​ទាំងឡាយ​ដែល​​សហរដ្ឋ​អាមេរិក​ទើប​តែ​​បាន​ដាក់​ចេញ​នៅ​អំឡុង​សប្ដាហ៍​នេះ គឺ​ជា​វិធានការណ៍​ប្រវត្តិសាស្ត្រ​ ដើម្បី​​ជួយ​ដល់​ដល់​អ្នក​ដែល​រង​ការ​ជិះជាន់ និង​ដើម្បី​ប្រឆាំង​នឹង​ជន​ជិះជាន់​គេ៖ «កាល​ពី​ថ្ងៃច័ន្ទ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​​ឈ្មោះ​អង្គភាព និង​បុគ្គល​ចំនួន ៦៨នាក់​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​អំពើ​​ពុក​រលួយ​​ និង​ការ​រំលោភ​អំណាច តាម​​រយៈ​ការ​ប្រើប្រាស់​​ច្បាប់ Global Magnitsky Act។ ដូច​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ច្បាប់​នេះ​ផ្ដល់​អំណាច​ឱ្យ​រដ្ឋាភិបាល​អាមេរិក ថ្កោល​ទោស​​ទង្វើ​ពុក​រលួយ និង​​ក្រុម​ឧក្រិដ្ឋជន​រំលោភ​សិទ្ធិមនុស្ស បង្កក​ទ្រព្យសម្បត្តិ​​ និង​ហាម​ឃាត់​ជន​ទាំងនោះ​មិន​ឱ្យ​​ចូល​ប្រទេស​ដ៏​អស្ចារ្យ​របស់​យើង​ថែម​ទៀត។ អង្គភាព​​ និង​បុគ្គល ៦៨នាក់ ដែល​យើង​បាន​ដាក់​ទណ្ឌកម្ម​នោះ មក​​ពី​ប្រទេស​កម្ពុជា ភូមា សាធារណរដ្ឋ​កុងហ្គោ ឡេតូនី លីប៊ី ប៉ាគីស្ថាន ស៊ែប ស្លូវ៉ាគី និង​ស៊ូដង់​ខាង​ត្បូង»។

ក្នុង​ចំណោម​មនុស្ស ៦៨នាក់ ដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​នោះ មាន​ពីរ​នាក់​ជា​មនុស្ស​​ជំនិត​របស់​លោក ហ៊ុន សែន នោះ​គឺ​លោកផ្កាយ៤ គន់ គីម និង​ក្រុម​គ្រួសារ ព្រម​ទាំង​ឈ្មួញ​​ឈើ​ដ៏​ល្បី​នៅ​ស្រុក​ខ្មែរ គឺ​ឧកញ៉ា ទ្រី ភាព។ អ្នក​ទាំងពីរ​ត្រូវ​បាន​ក្រសួង​​រតនាគារ​អាមេរិក​រក​ឃើញ​ថា ជា​អ្នក​ប្រព្រឹត្ត​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ឬក៏​ជា​អ្នក​​ទទួល​ខុស​ត្រូវ​ក្នុង​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​​ធំ ដូច​ជា​ការ​កឹបកេង​ទ្រព្យសម្បត្តិ​រដ្ឋ​ ការ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ឯកជន​មក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​ការ​អនុវត្ត​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ អំពើ​កេង​ប្រវ័ញ្ច​លើ​ធនធាន​ធម្មជាតិ​ ឬ​ការ​​សូកប៉ាន់​ជាដើម​។

ទោះ​ជា​យ៉ាង​ណា ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចេញ​​មុខ​ការពារ​មនុស្ស​មាន​ឥទ្ធិពល​នៅ​ស្រុក​ខ្មែរ​ទាំង​ពីរ​នាក់​នេះ​ថា ពួក​​គេ​គឺ​ជា​មនុស្ស​ដែល​មាន​​ស្នាដៃ​សំខាន់​ជូន​ជាតិ។ ក្រសួង​ការបរទេស​កម្ពុជា​ចាត់​ទុក​ទណ្ឌកម្ម​លើ​ឧកញ៉ា ទ្រី ភាព និង​លោក គន់ គីម គឺ​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោល​ការណ៍​ស្មើភាព​នៃ​អធិបតេយ្យ និង​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ច​​ការ​ផ្ទៃ​ក្នុង​​របស់​ប្រទេស​ដទៃ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​​ដទៃ​ទៀត។ ក្រសួង​បញ្ជាក់​ទៀត​ថា ការ​សម្រេចចិត្ត​របស់​​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​​មិន​គោរព​ដល់​ឯករាជ្យ​នៃ​ច្បាប់ និង​យុត្តិធម៌​របស់​កម្ពុជា។

ផ្ទុយ​ពី​ការ​អះអាង​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែង​ថា ទណ្ឌកម្ម​នេះ​មិន​រំលោភ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ទេ ព្រោះ​ជា​ទណ្ឌកម្ម​ប្រឆាំង​បុគ្គល មិន​មែន​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា​នោះ​ឡើយ។ លោក​​បន្ថែម​ទៀត​ថា អន្តរាគមន៍​​ទាំងឡាយ​​របស់​អាមេរិក​ជុំវិញ​រឿង​ស្ថានភាព​សិទ្ធិមនុស្ស និង​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏​មិន​​មែន​ជា​ការ​លូក​ដៃ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង ឬ​ធ្វើ​​ផ្ទុយ​​​ទៅ​នឹង​ច្បាប់​​អន្តរជាតិ​នោះ​ដែរ ពីព្រោះ​សហរដ្ឋ​អាមេរិក​ជា​ភាគី​​ហត្ថលេខី​​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ហើយ​ច្បាប់​​អន្តរជាតិ​​មាន​​ចែង​អំពើ​គោល​ការណ៍​​លើក​​ស្ទួយ​ការ​គោរព​​សិទ្ធិមនុស្ស៕

No comments: