December 31, 2019

មន្ត្រី​ព្រឹទ្ធសភា​អាមេរិក​ថា ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​លោក ហ៊ុន សែន នឹង​យក​មក​ពិភាក្សា​វិញ​នៅ​ដើម​ឆ្នាំ២០២០

លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ដឹក​នាំ​ឱ្យ​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន។  RFA

ដោយ មួង ណារ៉េត RFA 2019-12-30

មន្ត្រី​ព្រឹទ្ធសភា​អាមេរិក ថា ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ឬ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ H.R.526 នឹង​ត្រូវ​យក​មក​ពិភាក្សា​ដេញដោល ពេល​ព្រឹទ្ធសភា​ចូល​កង​វិញ នៅ​ដើម​ឆ្នាំ២០២០។

តើ​នីតិវិធី​បន្ត ក្នុង​ការ​ធ្វើ​ច្បាប់​នេះ ប្រព្រឹត្តទៅ​យ៉ាង​ដូចម្ដេច​ខ្លះ?

ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ H.R.526​នេះ ត្រូវ​បាន​សភា​អាមេរិក អនុម័ត​ជា​ឯកឆ្ឆន្ទ កាលពី​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៩ នឹង​បាន​បញ្ជូន​ដល់ដៃ​គណៈកម្មាធិការ​ព្រឹទ្ធសភា នៅ​ថ្ងៃ​បន្ទាប់។ ប៉ុន្តែ ដោយសារ​ព្រឹទ្ធសភា​អាមេរិក មាន​សេចក្ដី​ស្នើ​ច្បាប់​ជាច្រើន​ផ្សេង​ទៀត ដែល​ត្រូវ​អនុម័ត​ក្នុង​ឆ្នាំ ២០១៩ ទើប​មិនទាន់​អាច​ពិចារណា​ច្បាប់​នេះ ឱ្យ​ទាន់​មុន​ដាច់​ឆ្នាំ។

ទោះជា​យ៉ាងនេះ​ក្តី អ្នកនាំពាក្យ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា អ្នកស្រី ស៊ូសាន រ៉ាស (Suzanne Wrasse) ឱ្យ​អាស៊ីសេរី ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​គ្មាន​ហេតុផល​ណាមួយ ដែល​អាច​រារាំង​ព្រឹទ្ធសភា ក្នុង​ការ​អនុម័ត​ច្បាប់​នេះ​នោះ​ទេ​។ អ្នកស្រី​បញ្ជាក់​ថា ព្រឹទ្ធសភា​បាន​ដឹងឮ អំពី​ច្បាប់​នេះ​រួចហើយ ហើយ​ព្រឹទ្ធសភា​នឹង​ពិចារណា​ច្បាប់​នេះ នៅ​ឆ្នាំ​ថ្មី ឆ្នាំ ២០២០ ពេល​ដែល​ព្រឹទ្ធសភា​ចូល​កង​វិញ។

តាម​កាលវិភាគ​ឆ្នាំ​២០២០ ព្រឹទ្ធសភា​អាមេរិក នឹង​ចូល​កង​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ ២០២០។

មុននឹង​សេចក្តី​ស្នើ​ច្បាប់​អ្វីមួយ រួម​ទាំង​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ H.R.526​នេះ ចូល​ជា​ធរមាន ត្រូវ​ឆ្លងកាត់​ដំណាក់កាល​សំខាន់ៗ​បួន​។ ដំណាក់កាល​ដំបូង គឺ​ដាក់​ស្នើ​ច្បាប់​។ ដំណាក់​ទី​ពីរ​សភា​អនុម័ត។ ដំណាក់កាល​ទី​បី ព្រឹទ្ធសភា​អនុម័ត​។ ចុងក្រោយ​ប្រធានាធិបតី​ចុះហត្ថលេខា ដើម្បី​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ។

ឥឡូវនេះ ច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ទី​បី ដោយ​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​កិច្ចការ ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា ដែល​មាន​ភារកិច្ច​សិក្សា​លើ​ខ្លឹមសារ​ច្បាប់​នេះ មុននឹង​ដាក់​ទៅ​ព្រឹទ្ធសភា​ពេញអង្គ​អនុម័ត។

ក្រោយពី​ព្រឹទ្ធសភា​អនុម័ត​រួច ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ ប្រធានាធិបតី មាន​ជម្រើស​បី។ ទីមួយ ចុះហត្ថលេខា​លើ​ច្បាប់​នោះ ដើម្បី​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ។ ទី​ពីរ​ជំទាស់​ច្បាប់​នោះ ដោយ​ប្រើ​សិទ្ធិ​វ៉េតូ (veto) រួច​បញ្ជូន​វា​ត្រឡប់​ទៅ​សភា និង​ព្រឹទ្ធសភា​វិញ​។ បើ​មតិ​ពីរ​ភាគ​បី​នៃ​រដ្ឋសភា និង ព្រឹទ្ធសភា នៅតែ​គាំទ្រ​ច្បាប់​នេះ ការជំទាស់​របស់​ប្រធានាធិបតី គ្មាន​ប្រសិទ្ធភាព​។ ច្បាប់​នោះ​នឹង​ចូល​ជា​ធរមាន​។ ទី​បី ប្រធានាធិបតី មិន​ចាំបាច់​ធ្វើ​អ្វី​សោះ​។ ក្នុង​ករណី​ដែល​ប្រធានាធិបតី​មិន​ធ្វើ​អ្វី​សោះ​នេះ ក្រោយពី​ច្បាប់​នេះ​បាន​ដល់ដៃ​ប្រធានាធិបតី ១០ ថ្ងៃ វា​នឹង​ចូល​ជា​ធរមាន​ដោយ​ស្វ័យប្រវត្តិ។

ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ (Cambodia Democracy Act of 2019) ឬ H.R. 526​នេះ ជា​វិធាន​គតិយុត្តិ ក្នុង​ការ​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឱ្យ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ក្រោយ​របប​នេះ ធ្វើទុក្ខបុកម្នេញ​លើ​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដោយ​ចោទ​លោក​ពី​បទ​ក្បត់ជាតិ និង​រម្លាយ​គណបក្សប្រឆាំង​តែមួយ​គត់ ដែល​មាន​អាសនៈ ៥៥ នៅ​ក្នុង​រដ្ឋសភា មាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ពាក់​កណ្តាល​ប្រទេស និង​ក្រោយ​មក​រៀបចំ​ការបោះឆ្នោត ដែល​ផាត់​ចោល​បក្ស​ប្រឆាំង​នេះ។

ច្បាប់​នេះ នឹង​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​របប​សព្វថ្ងៃ និង​មន្ត្រី​យោធា ឬ​កង​សន្តិសុខ ដែល​បាន​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នោះ​។ ទណ្ឌកម្ម​ទាំងនោះ រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋាការ​មន្ត្រី​ទាំងនោះ ដោយ​មិន​ឱ្យ​ជាន់​ទឹកដី​អាមេរិក​ជាដើម។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​សភា​អាមេរិក លោក អិលលាត អិនហ្គិល (Eliot Engel) ថ្លែង​ក្នុង​រដ្ឋសភា ជិត ៣០ ឆ្នាំ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ​កម្ពុជា តែងតែ​សង្ឃឹម រំពឹង​ថា​កម្ពុជា​នឹង​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នឹង​គេ។ ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន នៅ​លើ​ពិភពលោក សុទ្ធតែ​សង្ឃឹម និង​រំពឹង​ដូចគ្នា​នេះ​ដែរ ទើប​នាំគ្នា​ខំ​ជួយ​ប្រទេស​កម្ពុជា​រាប់​ទសវត្សន៍​មក​ហើយ ដោយ​ចង់​ឃើញ​កម្ពុជា​មាន​រប​ប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ​។ លោក​បញ្ជាក់​បន្ថែម​ថា ប្រជាពលរដ្ឋ​ខ្មែរ​រង​ការ​ធ្វើទុក្ខបុកម្នេញ ឥត​ស្រាកស្រាន្ត​ពី​សំណាក់​មេដឹកនាំ​របប​សព្វ​ថ្ងៃ។

ប៉ុន្តែ លោក​ថា អាមេរិក​មិន​បោះបង់​ពលរដ្ឋ​កម្ពុជា​ចោល​នោះ​ឡើយ៖ «ច្បាប់​នេះ​ជួយ​ប្រធានាធិបតី និង​ក្រសួង​ការបរទេស ឱ្យ​មាន​វិធាន​គតិយុត្តិ កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​របប​សព្វថ្ងៃ ដែល​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​។ ច្បាប់​នេះ ជា​សារ​ជាក់ច្បាស់​មួយ ឱ្យ​របប​ក្រុងភ្នំពេញ​ដឹង​ថា សហរដ្ឋអាមេរិក នៅ​ឈរ​ប្រកៀក​ស្មា​គ្នា​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទូទៅ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​។ សភា​អាមេរិក នឹង​ធ្វើ​យ៉ាងណា ឱ្យ​មេដឹកនាំ​កម្ពុជា ទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្ត​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ»។

សមាជិកសភា​អាមេរិក ពី​ខាង​គណបក្ស​កាន់អំណាច គឺ​គណបក្ស​សាធារណរដ្ឋ (the Republican) ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឱ្យ​មាន​ច្បាប់​នេះ គឺ​លោក ថិត យ៉ូហូ (Ted YOHO) ថ្លែងប្រាប់​អាស៊ីសេរី ថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ព្រឹទ្ធសភា​ក៏​នឹង​អនុម័ត ដោយ​គ្មាន​ជំទាស់ ឬ អល់អែក​អ្វី​នោះ​ឡើយ​។ លោក​សង្ឃឹម​រហូតដល់ ៩៨% ថា​ព្រឹទ្ធសភា​នឹង​យល់​ស្របតាម​សំណើ​នេះ​ដែរ​។ លោក ថិត យ៉ូហូ រំពឹង​ថា នៅ ៦ ខែ ឬ មួយ​ឆ្នាំ មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន។

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក ធ្វើឡើង​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២០។

ទោះជា​យ៉ាង​នេះ​ក្តី ការ​អនុម័ត​ច្បាប់​នៅ​កម្រិត​ព្រឹទ្ធសភា​នេះ អាច​ប្រព្រឹត្តទៅ​ឆាប់ ឬ​យូរ​គឺ​អាស្រ័យ​ទៅលើ​ការ​ជំរុញ ពី​សមាជិក​ព្រឹទ្ធសភា​នៅ​ក្នុង​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​ព្រឹទ្ធសភា និង​សមាជិក​ព្រឹទ្ធសភា​ដទៃ​ទៀត ដែល​គាំទ្រ​ច្បាប់​នេះ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​-​អាមេរិក​ទូទៅ ក៏​អាច​ជួយ​ជំរុញ​ឱ្យ​ច្បាប់​នេះ​ចេញ​ឆាប់ ដោយ​សរសេរ​ញត្តិ​ទៅកាន់​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ ឬ តំបន់​របស់​ខ្លួន ឬ​ណាត់​ជួប​តំណាងរាស្ត្រ​ទាំងនោះ ដោយ​បញ្ជាក់​អំពី​គោលបំណង ដែល​ចង់​ឱ្យ​ប្រញាប់​អនុម័ត​ច្បាប់​នេះ។

សហរដ្ឋអាមេរិក គឺជា​ប្រទេស​ហត្ថលេខី​មួយ ក្នុងចំណោម​ប្រទេស ១៩ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១​។ កិច្ច​ព្រមពៀង​នោះ គឺ​ដើម្បី​រក​ដំណោះស្រាយ​រួម បិទ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ នៃ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ដោយ​កម្ពុជា​សន្យា​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន ដោយ​រៀបចំ​ឱ្យ​មានការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ប៉ុន្តែ រយៈពេល​ជាង​ពីរ​ឆ្នាំ ចុងក្រោយ​នេះ ពោល​គឺ ២៥​ឆ្នាំក្រោយ​មាន​កិច្ចព្រមព្រៀង​នេះ របប​លោក ហ៊ុន សែន រង​ការរិះគន់ និង​ថ្កោលទោស​ជុំ​ទិស ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ មាន​សភាព​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ។

សហរដ្ឋអាមេរិក មាន​យន្តការ​ច្បាប់​ជាច្រើន ដើម្បី​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ឱ្យ​ងាក​មក​រក​គន្លង​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​។ យន្តការ​ច្បាប់​ទាំងនោះ រួមមាន​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​ពុករលួយ ឬ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ឬ​រំលោភច្បាប់ the Global Magnitsky Act និង​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ H.R.526 នេះ៕

No comments: