November 4, 2019

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទាម​ទារ​ឱ្យ​រដ្ឋសភា​ពន្យារ​ពេល​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម

ស្លាក​សញ្ញា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​បង្គោល​ព្រំដែន​មួយ នៅ​ខេត្ត​ត្បូង​ឃ្មុំ រូប៖(ឆ្វេង)គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​​ (ស្ដាំ) បង្គោល​ព្រំ​ដែន រូប​ពី​ហ្វេសបុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ

ដោយ អាស៊ីសេរី RFA 2019-11-03

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) ទាម​ទារ​ឱ្យ​រដ្ឋ​សភា​ឯក​បក្ស​របប​ក្រុង​ភ្នំពេញ ពន្យា​រពេល​ពិភាក្សា និង​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ រវាង​កម្ពុជា​ និង​វៀតណាម។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី៣ វិច្ឆិកា​ថា ក្នុង​ស្ថានភាព​នយោបាយ ដែល​កម្ពុជា​មិន​ទាន់​មាន​ឯកភាព​ជាតិ និង​ក្នុង​ពេល​ដែល​សភាជាតិ​គ្រប់​គ្រង​ដោយ​គណបក្ស​តែមួយ ស្ថាប័ន​នីតិបញ្ញតិ​មួយ​នេះ​ ពុំ​គួរ​ផ្តល់​សច្ចាប័ន​​លើ​សន្ធិសញ្ញា ឬ​កិច្ច​ព្រម​ព្រៀង​លើ​បញ្ហា​ព្រំដែន​ឡើយ។ គណបក្ស​នេះ​សោក​ស្តាយ​ជា​ខ្លាំង​ដែល​រដ្ឋសភា គ្រោង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ១៩៨៥ និង​ឆ្នាំ២០០៥ នៅ​ថ្ងៃ​ទី៤ វិច្ឆិកា​ស្អែក​នេះ។ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ស្នើ​ឱ្យ​រដ្ឋ​សភា​ធ្វើ​ប្រជាមតិ​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​ប្រទេស​វៀត​ណាម​នេះ៕

No comments: