November 23, 2019

ប្រធានា​ធិបតី​អាមេរិកប្រាប់​លោក ហ៊ុន សែន ឱ្យ​ងាក​ទៅគន្លង​ប្រជាធិបតេយ្យ​វិញ





ដោយ​ មាន ឫទ្ធិ RFA 2019-11-22

ប្រមុខ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកដាស់​តឿន​ឱ្យ​លោក ហ៊ុន សែ​ន ងាក​មក​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យវិញ ដើម្បីរក្សា​ទំនាក់​ទំនង​​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ។ ​​អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ​យល់​ថា សហរដ្ឋ​អាមេរិក​ខ្វាយ​ខ្វល់​ពី​ស្ថានការណ៍​កម្ពុជា និង​មិន​ចង់​ឃើញ​កម្ពុជា​ងាក​ចេញ​ពីគន្លង​ប្រជាធិបតេយ្យ​ ទើប​មហាអំណាច​មួយ​នេះតែ​ង​ជំរុញ និង​ដាស់​តឿន​របបក្រុ​ងភ្នំពេញ​ ឱ្យ​ស្តារប្រជាធិបតេយ្យ​ឡើងវិញ។

លោក ដូណាល់ ត្រាំ (Donald Trump) ប្រាប់លោក ហ៊ុន សែន ក្នុងលិខិតមួយកាលពីដើមខែវិច្ឆិកា ថា ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ បាន​ជួប​ប្រទះការ​លំបាក​​មួយ​ចំនួន ប៉ុន្តែការ​បែរ​ខ្នង​ដាក់​គ្នា​មិនបាន​​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​នោះឡើយ។ លោក​ថ្លែង​ទៀត​ថា សហរដ្ឋ​អាមេរិក​គោរព​ធិបតេយ្យជាតិ​កម្ពុជា និង​មិន​ស្វះស្វែង​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​របបនៅកម្ពុជានោះឡើយ។ លោកថា រដ្ឋាភិបាល​អាមេរិក​រក្សា​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញ​ទៅមក​។ លោកថ្លែងទៀត​ថា សហរដ្ឋ​អាមេរិកបន្ត​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុត​មាំថា ការ​ប្តេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ សេរីភាពបុគ្គល និង​នីតិរដ្ឋ ជា​មាគ៌ាល្អ​បំផុត​ឆ្ពោះ​ទៅកាន់សន្តិភាព ស្ថិរភាព និង​វិបុល​ភាព​សម្រាប់​ប្រជាជាតិ​ទាំងអស់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។ Photo courtesy of SPM

ទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ បាន​ប្រាប់​ឱ្យ​លោក​ ហ៊ុន សែន ដឹកនាំ​ប្រទេស​តាម​គន្លង​ប្រជាធិបតេយ្យ​វិញ ដែលជាសារៈសំខាន់ដើម្បី​​អនាគត​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​គឺ សហរដ្ឋអាមេរិក និងកម្ពុជា។ លោក​ស្នើ​ឱ្យ​លោក ហ៊ុន សែន វាយ​តម្លៃ​ឡើង​វិញ​អំពី​ការ​សម្រេចចិត្ត​ជាក់​លាក់​មួយ​ចំនួនរបស់រដ្ឋាភិបាលកម្ពុជា ដែល​សហរដ្ឋ​អាមេរិក​ជឿជាក់ថា ជា​ការ​ដាក់​អធិបតេយ្យ ស្ថិរភាព និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​រយៈពេល​វែង​របស់​កម្ពុជា ក្នុង​ស្ថានភាព​ហានិភ័យ​ខ្ពស់។ លោក​សង្កត់ធ្ងន់ៗនៅកថាខណ្ឌចុងក្រោយនៃលិខិតនោះថា ប្រសិន​បើ​លោក ហ៊ុន សែន អាចកែ​ប្រែ​ស្ថានភាពទាំងឡាយ​ឱ្យ​ល្អ​ឡើង​វិញ នោះសហរដ្ឋ​អាមេរិក​នឹង​ឱ្យ​ក្រុម​ការងារផ្នែក​គោល​នយោបាយ​ការ​បរទេសរបស់សហរដ្ឋអាមេរិក ​បើក​កិច្ច​ប្រជុំ​ពិភាក្សា​អំពីការស្តារទំនាក់ទំនងទ្វេភាគីនេះឡើងវិញ។

លិខិត​របស់​សេតវិមាន​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​តាំងពី​ថ្ងៃទី០១ វិច្ឆិកា ប៉ុន្តែ​ទើប​តែ​ត្រូវ​បាន​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ប្រគល់​ជូន​លោក ហ៊ុន សែន នៅ​ក្នុង​ជំនួបលើក​ទីពីរ​របស់​លោក​ជាមួយ​បុរស​ខ្លាំង​កម្ពុជា កាល​ពី​ថ្ងៃទី២១ វិច្ឆិកា ថ្មីៗនេះទេ។

មេដឹកនាំ​របបក្រុង​ភ្នំពេញ លោក ហ៊ុន សែន មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទេ បន្ទាប់​ពី​បាន​ទទួល​លិខិត​នោះ​ ក៏​ប៉ុន្តែលោក​បានច្បិច​​យក​ចំណុច​​សំខាន់ពីរ​មក​បង្ហោះ​នៅលើ​ហ្វេសប៊ុក គឺ​ថា សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យជាតិខ្មែរ និង​មិន​គាំទ្រ​ការ​ផ្លាស់​ប្តូរ​របបនៅកម្ពុជា។ ក្រៅពីនេះ លោកបញ្ជាក់​ថា ​រដ្ឋាភិបាលកម្ពុជា​​​មាន​ជំហរ​បង្កើន​មិត្ត​ភាព​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក។

បន្ថែម​ពីលើ​នេះ​ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​ លោក​ ផៃ​ ស៊ី​ផាន​ មិន​ចាត់ទុកថា​ លិខិត​របស់​ប្រធានាធិបតី​អាមេរិក​នេះ​ ជា​ការ​ដាក់​លក្ខខណ្ឌ​មួយ​ឲ្យ​កម្ពុជា​ងាក​មក​ស្តារ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើងវិញ​ មុននឹង​ឈាន​ទៅ​កែប្រែ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​ធ្លាក់ចុះ​នោះ​ឡើយ​។ ផ្ទុយទៅវិញ​ លោក​ ផៃ​ ស៊ី​ផាន​ ស្វាគមន៍​លិខិត​ប្រធានាធិបតី​អាមេរិក​នេះ​ ថា​ជា​ប្រវត្តិសាស្ត្រ​មួយ​ ដែល​សហរដ្ឋអាមេរិក​មានបំណង​ល្អ​ចំពោះ​កម្ពុជា​ ហើយ​ជា​ប្រវត្តិសាស្ត្រ​ដែល​សហរដ្ឋអាមេរិក​ សន្យា​មិន​គាំទ្រ​ឲ្យ​មាន​នូវ​ការ​ផ្លាស់​ប្តូរ​របប​នៅ​កម្ពុជា​ ហើយ​សន្យា​គោរព​អធិបតេយ្យ​កម្ពុជា​នោះ​។

«ចំណុច​បន្តម​កទៀត​ យើង​ឃើញថា​ មិន​ជ្រៀតជ្រែក​ មិន​តតាំង​ បាន​សេចក្តី​ថា​ ការអភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ គឺ​យើង​ឈរ​ទៅលើ​អ្វី​ដែល​ជា​លក្ខណៈ​អហិង្សា​ និង​លក្ខណៈ​នីតិរដ្ឋ​។ នេះ​ជា​បំណង​របស់​ប្រជាជាតិ​ទាំងពីរ​។ ជា​ឧត្តមគតិ​យើង​មាន​ដូចគ្នា​ ហើយ​ជា​បំណង​ចង់បាន​ក៏​យើង​មាន​ដូចគ្នា​។ ដូច្នេះ​ កម្ពុជា​ និង​សហរដ្ឋអាមេរិក​ ក៏ដូចជា​ប្រធានាធិបតី​ ដូ​ណាល់​ ត្រាំ​ គឺ​អត់មាន​អី​ខុសប្លែក​គ្នា​ទេ​។ »

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែង​ថា សារ​នយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុនផ្ញើរ​ជូន​មេដឹកនាំកម្ពុជា​នេះ បង្ហាញ​ថា សហរដ្ឋ​អាមេរិក​ចង់​ឱ្យ​កម្ពុជា​រក្សា​របប​នយោបាយ​បែប​ប្រជាធិបតេយ្យដែល​ស្រប​ទៅនឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយរូបនេះ ថ្លែងទៀតថា​ កាយ​វិការ និង​ភាសាការទូត​របស់​សហរដ្ឋ​អាមេរិកនេះ ទំនង​ជាចង់​លុបបំបាត់​ការ​ចោទ​ប្រកាន់​នាពេល​កន្លងទៅ​ដែល​ថា អាមេរិក​​ជ្រៀតជ្រែកការងារ​ផ្ទៃក្នុង​​​កម្ពុជា និង​ភាពមន្ទិល​សង្ស័យ​ទាំង​ឡាយ​រវាង​ភាគី​ទាំងពីរ។ ទាក់ទង​នឹង​រឿង​អធិបតេយ្យ​ជាតិ​វិញ លោក​យល់​ថា សហរដ្ឋ​អាមេរិក​ចង់​ឱ្យ​កម្ពុជា​រក្សា​អព្យាក្រឹត្យភាព​របស់​ខ្លួន​ជាមួយ​មហា​អំណាច​ចិនក្នុង​ទំនាក់​ទំនង​លើ​វិស័យ​យោធា សេដ្ឋកិច្ច និង​នយោបាយ។ ​លោក​ជឿថា សហរដ្ឋ​អាមេរិក​នៅ​តែមាន​កង្វល់​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅកម្ពុជា ទើប​បាន​ជា​កំពូល​មហាអំណាច​មួយ​នេះ​តែង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ លោក​បន្ថែម​ថា សកម្មភាព​ទាំងនេះមិន​រាប់​ថា ជា​ការ​ជ្រៀត​ជ្រែកិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជានោះឡើយ។

«កន្លង​មក​ មាន​ព័ត៌មាន មាន​ពាក្យ​ពេចន៍​មិន​ប្រក្រតី​មួយ​​ចំនួន​ដែលមាន​ការ​លើក​ឡើង​ថា អាមេរិក​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​កម្ពុជា រំលោភដែន​អធិបតេយ្យ​កម្ពុជា ឧទាហរណ៍​ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ HR526 និយាយ​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាឆ្នាំ២០១៩ ជាដើម ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើងនេះ​ គឺ​ជា​កិច្ច​កា​រ​មួ​យល្អ​ដើម្បី​ជំរុញ​ និង​ពង្រឹងភាព​ជឿជាក់​គ្នា​រវាង​ភាគី​កម្ពុជា និង​​សហរដ្ឋ​អាមេរិក។»

ស្រដៀង​គ្នានេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា សារ​របស់​មេដឹកនាំសហរដ្ឋ​អាមេរិក​នេះ គឺ​ចង់​បង្ហាញ​ថា អាមេរិក​បារម្ភ​ចំពោះកម្ពុជា​ដែល​ផ្តេក​ផ្តួល និង​រង​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​ពី​ប្រទេស​ចិន ដែល​អាមេរិក​មើល​ឃើញ​ថា ជា​ការ​ធ្វើ​ឱ្យ​បាត់​បង់​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា។ លោកបន្ថែម​​ថា មិន​មែន​សហរដ្ឋ​អាមេរិកមិន​គាំទ្រ​ការ​ផ្លាស់​ប្តូរ​របបដឹកនាំបច្ចុប្បន្ន​នេះទេ ប៉ុន្តែសហរដ្ឋ​អាមេរិក​​ចង់​មាន​ន័យ​ថា ខ្លួន​​មិន​គាំទ្រឱ្យ​កម្ពុជា​​ផ្លាស់​ប្តូរពី​​​របប​ប្រជាធិបតេយ្យ​ សេរី ពហុបក្ស​ ​ទៅ​ជា​របបកុម្មុយនីស្ត ឬ​ផ្តាច់​ការនោះឡើយ​។

អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម​ និង​នយោបាយ​ បណ្ឌិត​ មាស​ នី​ លើកឡើង​ថា​ ជា​ការ​សោក​ស្តាយ​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន​ មិនបាន​ចុះផ្សាយ​នូវ​ខ្លឹមសារ​ទាំងស្រុង​នៃ​លិខិត​របស់​ប្រធានាធិបតី​អាមេរិក​ ហើយ​ច្បិច​យក​តែ​ចំណុច​វិជ្ជមាន​មក​ផ្សព្វផ្សាយ​ ដើម្បី​បំ​ភ័ន​មតិ​សាធារណៈ​ជន​។ លោក​ថា​ លិខិត​នេះ​ជា​លិខិត​ការទូត​ ដែល​សហរដ្ឋអាមេរិក​ចង់​បញ្ជាក់​ថា​ កម្ពុជា​នៅតែ​មាន​បញ្ហា​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ដដែល​។

«សារ​នេះ​ជា​សារ​មួយ​ដែល​សហរដ្ឋអាមេរិក​គេ​មិន​បង្ហាញ​អំពី​ជំហរ​ជា​របៀប​ ក្តៅ​ឬក៏​ជា​ការ​គំរាម​អី​ទេ​។ ក៏ប៉ុន្តែ​ គ្រាន់តែ​គេ​ក៏​មិន​ចង់​ធ្វើការ​ជ្រៀតជ្រែក​អី​ទៅលើ​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​ដែរ​។ ក៏ប៉ុន្តែ​ ក្នុង​នោះ​ក៏​គេ​បាន​បញ្ជាក់​អំពី​សារសំខាន់​ក្នុង​ការគោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ដែរ​។ អ៊ីចឹង​ បើសិនជា​ស្ថានភាព​នៅក្នុង​ស្រុក​យើង​ កាន់តែ​អាក្រក់​ទៅទៀត​ វា​ពិបាក​ដែរ​។ ខ្ញុំ​គិតថា​ ជា​លិខិត​ការទូត​ គេ​ផ្ញើ​ម៉ោ​ប៉ុណ្ណឹង​ វា​ជា​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ ក៏ប៉ុន្តែ​ វា​អាច​ជា​សារ​ដែល​ផ្តាំផ្ញើ​រថា​តើ​គេ​មើល​មក​កម្ពុជា​យ៉ាងម៉េច​។ កាលណា​គេ​សុំ​ឲ្យ​យើង​វិល​ត្រលប់​មក​ការគោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​វិញ​ បានន័យ​ថា​ ស្រុក​យើង​កំពុង​មាន​បញ្ហា​ហ្នុង​។»

កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មាន​របបដឹកនាំបែប​ឯកបក្ស​ប្រាសចាករដ្ឋធម្មនុញ្ញ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិដែល​ជា​បក្ស​ប្រឆាំង​ធំជាង​គេ​នៅកម្ពុជា នៅមុន​ការ​បោះឆ្នោត​មក​ដល់ ហើយ​បាន​បំបិទ​សិទ្ធិ​ថ្នាក់​ដឹកនាំគណបក្ស​ប្រឆាំង​ជាង១០០ នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល​៥ ឆ្នាំ។ របបក្រុង​ភ្នំពេញ​បាន​យក​អាសនៈសភា និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ជាង៥ ពាន់​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ​ យក​មក​គ្រប់​គ្រង​ដោយ​ខ្លួនឯង ហើយ​បាន​រៀប​ចំ​ការ​បោះឆ្នោត​សកល និង​អសកល​ ដោយ​ប្រមូលយក​អាសនៈសភាគ្រប់​ជាន់​ថ្នាក់​មក​ក្តោបក្តាប់​តែម្នាក់​ឯង ហើយ​​បង្កើត​រដ្ឋាភិបាល​ថ្មីមួយ​ដែលខ្វះ​កា​រ​ទទួល​ស្គាល់ផ្លូវការពី​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ៕

No comments: