November 12, 2019

លោក កឹម សុខា សោក​ស្តាយ​ដែល​តុលាការ​ហាម​ឃាត់​លោក​មិន​ឲ្យ​ធ្វើ​នយោបាយ



ដោយ មួង ណារ៉េត RFA 2019-11-11

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សោក​ស្តាយ​ដែល​តុលាការ​របប​ក្រុង​ភ្នំពេញ ហាម​លោក​មិន​ឲ្យ​ធ្វើ​នយោបាយ និង​និយាយ​រឿង​នយោបាយ។ ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​ឯក​អគ្គ​រដ្ឋ​ទូត​​សហរដ្ឋ​អាមេរិក និង​បារាំង បាន​ចូល​ជួប​សួរ​សុខ​ទុក្ខ​ដល់​ផ្ទះ​របស់​លោក​ជា​លើក ដំបូង​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ឃុំ​ខ្លួន​លោក​​ក្នុង​ពន្ធនាគារ និង​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​ជាង ២ឆ្នាំ។ ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​ធំៗ ទាំង​ពីរ​សង្ឃឹម​ថា លោក កឹម សុខា នឹង​ទទួល​បាន​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​ពេញលេញ​ឡើង​វិញ​ឆាប់ៗ ខាង​មុខ​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ជា​លើក​ដំបូង​យ៉ាង​ខ្លី​ថា លោក​សុំ​ការ​យោគ​យល់​ពី​អ្នក​សារ​ព័ត៌មាន​ដែល​លោក​មិន​អាច​និយាយ និង​ឆ្លើយឆ្លង​រាល់​សំណួរ​នានា បាន។ លោក​បញ្ជាក់​ថា ជា​ទម្លាប់​របស់​លោក គឺ​លោក​ចូលចិត្ត​អ្នកសារព័ត៌មាន​ និង​ចូលចិត្ត​ជួប​ប្រជា ពលរដ្ឋ ប៉ុន្តែ​ជា​អកុសល​តុលាការ​បាន​បិទ​សិទ្ធិ​ធ្វើ​នយោបាយ និង​ហាម​ឃាត់​មិន​ឲ្យ​លោក​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ៖ «ប៉ុន្តែ​ជា​អកុសល និង​គួរ​ឱ្យ​សោក​ស្តាយ ដោយសារ​គេ​ហាម​ខ្ញុំ មិន​ឱ្យ​ធ្វើ​នយោបាយ និង​មិន​និយាយ​ពី​រឿង​នយោបាយ ហើយ​ខ្ញុំមិន​ដឹង​ភាសា​អ្វី ដែល​ខ្ញុំ​មិន​ដឹង​ថា ភាសា​នយោបាយ​ទេ ខ្ញុំ​អត់​ទាន់​ទេ​ណា។ ចំពោះ​អ្វី កាល​ណា​អ្វី​ដែល​យើង​និយាយ វា​អាច…គេ​កំណត់​ប៉ុណ្ណា ខ្ញុំ​ក៏​អត់​ទាន់​ច្បាស់។ ខ្ញុំ​សូម​អធ្យាស្រ័យ សូម​អ្នក​សារព័ត៌មាន​ទាំង​អស់ ដែល​ខ្ញុំ​មិន​អាច​ឆ្លើយ​ឆ្លង​គ្នា​បាន ដោយ​មាន​ការ​ហាម​ឃាត់»។

លោក កឹម សុខា អះអាង​បែប​នេះ បន្ទាប់​ពី​លោក​បាន​​ទទួល​ជួប​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នៅ​ផ្ទះ​របស់​លោក ស្ថិតនៅ​ខណ្ឌ​ទួល​គោក ក្រុង​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ដែល​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​តាម​ដាន​ជំនួប​នេះ។ លោក ប៉ាទ្រីក ម័រហ្វី ដែល​ឈរ​ទន្ទឹមលោក កឹម សុខា ថ្លែងថា សហរដ្ឋ​អាមេរិក នៅ​តែ​ស្នើ​យ៉ាង​ទទូច​ដល់​​រដ្ឋាភិ បាល​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ផ្ដល់​សិទ្ធិ​នយោបាយ និង​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ឯកអគ្គរដ្ឋទូត ប្រទេស​មហា​អំណាច​រូប​នេះ ក៏​អំពាវនាវ​ឱ្យ​ដោះ​លែង​ជន​​ទាំង​ឡាយ​​ណា​ ដែល​​ត្រូវ​​បាន​​ឃុំ​ខ្លួន​​តាម​​ទំនើង​ចិត្ត ឬ​​ដោយ​​ខុស​ច្បាប់ ក្នុង​​នោះ​​រួម​មានអ្នក​សារព័ត៌មាន សកម្មជន​​សង្គម​ស៊ីវិល ព្រម​ទាំង​​អ្នក​គាំទ្រ និង​​សមាជិក​​គណបក្ស​​ប្រឆាំង​ផង​ដែរ៖ «ពិត​ជា​អស្ចារ្យ​ណាស់ ដែល​បាន​ជួប​លោក កឹម សុខា ម្ដង​ទៀត។ យើង​បាន​ជួប​គ្នា កាល​ពីប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ ខ្ញុំ​ឃើញ​គាត់​ជា​មនុស្ស​ស្ងប់ស្ងៀម ចិត្តល្អ និង​ប្រកប​ដោយ​បទ​ពិសោធន៍ មុះមុត ហើយ​ខ្ញុំ​សោក​ស្ដាយ ដែល​សេរីភាព​របស់​លោក​ត្រូវ​បាន​ដក​ហូត​ក្នុង រយៈ​ពេល ២ឆ្នាំ​កន្លង​ទៅ​នេះ។ ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ករណី​លោក កឹម សុខា គឺ​ជា​ជំហ៊ាន​មួយ​បោះ​ឆ្ពោះ​ទៅ​មុខ ដែល​យើង​ទទួល​ស្គាល់។ តែ​យ៉ាង​ម៉េច​ក៏​ដោយ យើង​ចង់​ឃើញ​អ្វីៗ ច្រើន​ជាង​នេះ។ យោបល់​របស់​យើង​ក្នុង​នាម​ជា​មិត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ​កម្ពុជា ត្រូវ​រក​វិធី​ផ្ដល់​សេរីភាព​ដល់​លោក កឹម សុខា ឱ្យ​បានពេញលេញឡើងវិញ ហើយ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​លោក។
ចំណុច​ដូច​គ្នា​នេះ ចំពោះ​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដែល​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ត្រូវ​បាន​ដក​ហូត។ យើង​ទទូច​ឱ្យ​អាជ្ញាធរ​ដោះ​លែង​ពួក​គេ និង​អាច​ចូលរួម​បញ្ចេញ​សំឡេង ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ អ្នក​ទាំង​នោះ​ខ្លះ​ជា​អ្នក​នយោបាយ ខ្លះ​ជា​សមាជិក​អង្គការ​សង្គម​ស៊ីវិល និង​ខ្លះ​ទៀត​ជា​អ្នក​កាសែត ដូច​ជា អ្នក​រាយកាណ៍​ព័ត៌មាន​អាស៊ី​សេរី ២នាក់ យើង​ចង់​ឃើញ​ពួក​គេ​មាន​សេរីភាព​ឡើង​វិញ ហើយ​រួច​ផុត​ពី​បទ​ចោទ​នានា ដើម្បី​ឱ្យ​គេ​អាច​ចូលរួម​កិច្ចការ​សង្គម​បាន។ យើងជឿថា នេះពិតជាមាន ប្រយោជន៍​ចំពោះ​កម្ពុជា​ទាំង​វិស័យ​អភិបាលកិច្ច ទាំង​សេដ្ឋកិច្ច ដែល​មតិ​យោបល់​របស់​ពួក​គេ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ និង​ចូលរួម ដើម្បី​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រឹងមាំ​ឡើង។ យើង​ក៏​ចង់​ឃើញ​ការ​សន្ទនា​គ្នា​ដោយ​ពេញលេញ​ឈាន​ទៅ​រក​ការ​ផ្សះផ្សារ​គ្នា។ ជា​ថ្មី​ម្ដង​ទៀត កម្ពុជា អាច​នៅ​លើ​ផ្លូវ​ប្រជាធិបតេយ្យ សេរី ពហុបក្ស។ នេះ​ជា​ចំណុច​ល្អ​សម្រាប់​កម្ពុជា និង​សម្រាប់​កម្ពុជា និង​ប្រទេស​ជិត​ខាង ព្រមទាំង​សហរដ្ឋ​អាមេរិក»។

នៅមុនជំនួបជាមួយឯកអគ្គរដ្ឋអាមេរិកនេះ លោក កឹម សុខា ក៏​បាន​ទទួល​ជួប​ឯកអគ្គ​រដ្ឋទូត​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា អ្នកស្រី អេ​វ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ដែរ។ អ្នកស្រី អេវ៉ា ង្វៀន ប៊ិញ មិន​បាន​ឆ្លើយ​តប​អ្វី​ជាមួយ​អ្នក​សារព័ត៌មាន​ទេ ប៉ុន្តែ​អ្នកស្រី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស ប៊ុក​របស់​ស្ថានទូត​បារាំង​ថា ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ខ្លះៗ លើ​លោក កឹម សុខា គឺ​ជា​កាយវិការ​វិជ្ជមាន​មួយ។ ប្រទេស​បារាំង សង្ឃឹម​ថា លោក កឹម សុខា នឹង​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ។

ពី​ឆ្វេង៖ អ្នកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គ​រដ្ឋទូត​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ប៉ាទ្រីក ម័រហ្វី ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា។ រូប៖ RFA និង​ហ្វេសប៊ុក U.S. Embassy Phnom Penh, Cambodia

តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី១០ វិច្ឆិកា បាន​សម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​លោក កឹម សុខា។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​បាន​នៅ​ក្នុង​​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំប្រទល់​ដែន​របស់​កម្ពុជា​បាន​ឡើយ ហើយ​ក៏​មិន​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ដែរ។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច។

អ្នកជំនាញខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា កាយវិការ​របស់​ទូត​បារាំង និង​អាមេរិក បង្ហាញ​ថា មហា​អំណាច​ទាំង​ពីរ​នៅ​តែ​ទទួល​ស្គាល់ និង​គាំទ្រ​លោក កឹម សុខា ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង។ លោក​ថា​ជំនួប​នេះ ក៏​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង មាន​ភាព​កក់​ក្តៅ​ជាង​ពេល​មុនៗ ដែរ៖ «ទូត​បារាំង ជាទូត​មួយ​ខ្លាំង​នៅ​អឺរ៉ុប និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អឺរ៉ុប​ទៀត ហើយ​អាមេរិក ក៏​ជា​ទូត​មួយ​ខ្លាំង​ដែរ ដែល​បាន​ផ្តល់​នូវ​អត្រា​អនុគ្រោះ​ពន្ធ​មក​ឲ្យ​កម្ពុជា​គឺ GSP ហើយ​អឺរ៉ុប គឺ EBA អញ្ចឹងទេ គឺ​ជា​ការ​ដាស់​តឿន ព្រោះ​ក្នុង​រយៈ​ពេល​ពី​ថ្ងៃ​ទី១១ នេះ​ដល់​ថ្ងៃ​ទី១២ ខែ១២ គឺ​ជា​ពេល​វេលា ដែល​រដ្ឋាភិបាល​ឆ្លើយ​តប​ទៅ​នឹង​ក្តៅ​កង្វល់​ពាក់ព័ន្ធ​នឹង​បរិយាកាស​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ បើ​ឆ្លើយ​តប​យឺត​នេះ គឺនឹងដល់នីតិវិធីដែលហៅថា ដំណើរ​ការ​រៀបចំ​ការ​ដក​សេចក្តី​ទុក​ចិត្ត​ទៅ​លើ​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ ឬ​ការ​ព្យួរ ឬ​ការ​ផ្តាច់។ ដូច្នេះ អ្វី​ដែល​គេ​និយាយ​នេះ គឺ​គេ​មាន​នីតិវិធី និង​យន្តការ​របស់​គេ ដែល​មាន​ខ្លឹមសារ​ថា លោក កឹម សុខា អាច​ត្រូវ​តែ​មាន​សេរីភាព​ពេញលេញ​ឆាប់ៗ នេះ»។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការ​ចាប់​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់ កន្លង​មក​មិន​មែន​ធ្វើ​ឡើង​តាម​ទំនើង​ចិត្ត​នោះ​ទេ ប៉ុន្តែ​គឺ​ជា​អនុវត្ត​ច្បាប់​ដែល​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ។ លោក បញ្ជាក់​ថា ការ​ទាមទារ​ឲ្យ​ដោះ​លែង និង​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​ឡាយ ដែល​ត្រូវ​បាន​ចាប់ និង​ចោទ​ប្រកាន់​កន្លង​មក គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ៖ «ការ​ខក​ចិត្ត​របស់​គាត់​ជា​រឿង​ធម្មតា​ទេ ព្រោះ​គាត់​ចង់​ឲ្យ​ទម្លាក់​បទ​ចោទ ប៉ុន្តែ​ទិដ្ឋភាព​ច្បាប់ និង​រឿង​តុលាការ ជា​រឿង​មួយ​ផ្សេង​ទៀត ព្រោះ​លក្ខខណ្ឌ គាត់​គឺ ជា​ជន​ជាប់​ចោទ និង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដូច្នេះ​គាត់​មិន​អាច​មាន​សិទ្ធិ​ពេញលេញ​ដូច​អ្នក​នយោបាយ​ទូទៅ​ធម្មតា​បាន​ទេ»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​ថ្ងៃ​ទី២ ឈាន​ចូល​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧ ក្នុង​ពេល​ដែល​លោក​កំពុង​មាន​អភ័យ​ឯក​សិទ្ធិ​សភា។ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច បាន​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ថ្វីមាត់​រូប​នេះ​ពី​បទ “​សន្ទិដ្ឋិភាព​” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ ខណៈ​តុលាការ​មិន​ទាន់​បាន​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​លោក កឹម សុខា ផង ស្រាប់​តែ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​ប្រព័ន្ធ​ឃោសនា​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន បាន​ស្រែក​បន្ទរ​តាម​គ្នា​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ក្បត់​ជាតិ។

អ្នក​វិភាគ​នយោបាយ​ដែល​របប​ក្រុង​ភ្នំពេញ​តាម​ចាប់​ខ្លួន លោក គឹម សុខា មើល​ឃើញ​ថា ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នេះ គឺ​ជា​សញ្ញាណ​ល្អ​មួយ​សម្រាប់​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​នយោបាយ។ លោក​បន្ត​ថា ជំនួប​រវាង​លោក កឹម សុខា និង​មន្ត្រី​ស្ថានទូត​ប្រទេស​មហា​អំណាច​ធំៗ នេះ គឺ​បង្ហាញ​ថា សហគមន៍​អន្តរជាតិ នៅ​តែ​ទទួល​ស្គាល់​គណបក្ស​សង្គ្រោះជាតិ និង​មិន​ដក​ដៃ​ក្នុង​ការ​សង្កត់ ក្រុម​លោក ហ៊ុន សែន នោះ​ទេ ប្រសិន​បើ​មិន​វិល​ទៅ​កាន់​ប្រជាធិបតេយ្យ និង​មិន​ផ្តល់​សិទ្ធិ​សេរីភាព ជា​បន្ត​បន្ទាប់​ជូន​មេ​បក្ស​ប្រឆាំង​ដូច​អនុសាសន៍​របស់​ពួក​គេ៕

No comments: