November 6, 2019

អ្នកតំណាងរាស្រ្ត​​អូស្ត្រាលី​ថា​ ការ​ទាមទារ​ផ្លាស់ប្តូរ​ពី​ក្នុង​ប្រទេស​ជា​កម្លាំង​សំខាន់

លោក Julian Hill អ្នក​តំណាងរាស្ត្រ​អូស្ត្រាលី​​ប្រចាំ​មណ្ឌល ​Bruce ដែល​មក​ពី​គណបក្ស​ពលករ។ (រូប​ថត​ដក​ស្រង់​ពី​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក Julian Hill)

ម៉ែន គឹមសេង | VOA Khmer, 06 វិច្ឆិកា 2019

«នៅទីបំផុត​ ​អនាគត​របស់​កម្ពុជា​គឺ​អាស្រ័យ​លើ​ពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ គឺ​ពួកគេ​ត្រូវ​តែ​បន្ត​ធ្វើការ​រួមគ្នា​និង​ហ៊ាន​ក្រោកឈរ​ឡើង​និយាយ​ការពារ​គុណ​តម្លៃ​ទាំង​នោះ‍»។​

វ៉ាស៊ីនតោន — ក្នុង​ពេល​ដែល​មេដឹកនាំ​នយោបាយ​កម្ពុជា​បន្ត​ផ្តោះផ្តង​វោហារសាស្ត្រ​នយោបាយព្រមាន​គ្នា​ទៅវិញ​ទៅមក​នៅ​មុន​ពេល​មាតុភូមិនិវត្តន៍​របស់មេដឹកនាំ​គណបក្សប្រឆាំង អ្នក​តំណាង​រាស្ត្រ​អូស្ត្រាលី​មួយ​រូប​បានផ្តល់​ដំបូន្មាន​ថា​ កត្តា​សំខាន់​គឺ​ពលរដ្ឋនៅ​ក្នុង​ប្រទេសកម្ពុជា​ឯ​ណោះ​ទេ​ដែល​ជា​អ្នក​សម្រេច​ជោគវាសនាប្រទេស​ជាតិពិតប្រាកដ។

លោក​ជូលៀន ហ៊ីល (Julian Hill) អ្នកតំណាងរាស្ត្រអូស្ត្រាលីប្រចាំ​មណ្ឌល ​Bruce ដែល​មក​ពី​គណបក្ស​ពលករ ដែល​ជា​គណបក្ស​មិន​កាន់​អំណាច​បាន​លើកឡើង​ថា សហគមន៍​អន្តរជាតិ​អាចត្រឹមតែ​បង្ហាញ​ឱ្យ​ដឹង​ថា​មាន​បញ្ហា​អ្វី​កើត​ឡើង​នៅ​កម្ពុជា​និង​ជួយ​បង្កើត​បរិយាកាស​សេរីសម្រាប់​អង្គការ​សង្គម​ស៊ីវិលតែប៉ុណ្ណោះ។

លោក​ជូលៀន ហ៊ីល បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាស​ពិសេស​តាម​ទូរស័ព្ទ​ថា៖ «នៅទីបំផុត​ ​អនាគត​របស់​កម្ពុជា​គឺ​អាស្រ័យ​លើ​ពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ គឺ​ពួកគេ​ត្រូវ​តែ​បន្ត​ធ្វើការ​រួមគ្នា​និង​ហ៊ាន​ក្រោកឈរ​ឡើង​និយាយ​ការពារ​គុណ​តម្លៃ​ទាំង​នោះ‍»។​

លោក​ជូលៀន ហ៊ីល ​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​កាល​ពី​ខែ​សីហា​ហើយ​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​តំណាង​សហជីព កសិករ​ និង​ពលរដ្ឋ​សាមញ្ញ​ ហើយ​លោក​បាន​វាយ​តម្លៃ​ថា​«ស្ថាន​ភាពសិទ្ធិ​មនុស្ស​កាន់​តែ​អាក្រក់‍» និង​ពិបាក​ហៅកម្ពុជា​ថា​ជា​ប្រទេស​ដែល​ប្រ​កាន់«លទ្ធិ​ប្រជាធិបតេយ្យ‍»​ណាស់។

លោក​បន្ថែម​ថា៖ «រដ្ឋាភិបាល​លោក​ហ៊ុន សែន កំពុង​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ្លេច​ពាក្យ​សន្យា​ដែល​មាន​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស‍»។​

កិច្ចព្រមព្រៀង​នេះមាន​ការ​ធានា​ដល់សិទ្ធិ​សេរីភាព​នយោបាយ​ពហុបក្ស​ដោយ​មាន​ការ​បើក​សិទ្ធិសេរីភាព​ដល់​ពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ​ការបោះឆ្នោត​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០១៨ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ក្តោប​យក​អំណាច​ទាំង​អស់​នៅ​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​និង​នីតិប្រតិបត្តិ​ដោយសារតែ​បាន​កម្ចាត់​អតីត​បក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ រដ្ឋាភិបាល​ក៏បាន​បើក​យុទ្ធនាការ​បង្ក្រាប​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។​

លោក​ជូលៀន ហ៊ីល​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ពិចារណា​ឡើង​វិញ​ពី​គោល​ជំហរ​ចំពោះ​រដ្ឋាភិបាលកម្ពុជា។

ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែល​មេដឹកនាំ​ក្រុម​ប្រឆាំងគឺ​លោកសម រង្ស៊ី ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ​បន្ទាប់​ពី​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំងចំនួន​៤ឆ្នាំ​ដើម្បី​ទៅស្តារ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ត្រូវ​រង​ការ​គំរាម​កំហែង​ពីរដ្ឋាភិបាល​កម្ពុជា​ថា​នឹង​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ក្រោម​លេស​ថែរក្សា​សន្តិភាព​និង​ការ​អភិវឌ្ឍ។

លោកសម រង្ស៊ី ​បាន​សរសេរ​សារ​តាម​បណ្តាញ​ធ្វីតថឺ​កាលពី​ចុងខែ​តុលា​ថា ​លោក​បាន​រៀបចំ​ខ្លួន​ហើយ ​ក្នុង​ការ​បូជា​សិទ្ធិ​សេរី​ភាព​ផ្ទាល់​ខ្លួន​រួម​ទាំង​ជីវិត «ដើម្បី​ផ្តល់​ឱកាស​ដល់​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ជួយ​ធានា​សិទ្ធិ​សេរីភាព​សម្រាប់​ប្រជាជន​ដ៏​អភ័ព្វ‍​របស់​ខ្ញុំ»។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​និង​ប៉ូលិស​បាន​ព្រមាន​ជា​សាធារណៈ​ថា​ ការ​សម្តែង​មតិ​តាម​បណ្តាញ​សង្គម​ដើម្បី​គាំទ្រ​ការ​វិលត្រឡប់​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ​ដែរ។​

ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ មាន​អតីត​សមាជិក​នៃ​គណបក្ស​សង្គ្រោះជាតិ​ជិត៥០​នាក់​ត្រូវ​បាន​អាជ្ញាធរចាប់​ដាក់​ពន្ធនាគារ​ហើយ​ចំនួន​៨៨​នាក់​ទៀត​រង​ការ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ​ពាក់ព័ន្ធ​នឹងការបះបោរ​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​សែន។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្លះ​មិន​ហ៊ាន​បញ្ចេញ​យោបល់​ឬ​ធ្វើ​សកម្មភាព​ជា​សាធារណៈ​ទេ។

លោក​ ជេម ហ្កោមេ (James Gomez) ​នាយក​ប្រចាំ​តំបន់​នៃវិទ្យាស្ថាន​អាស៊ី​ដែល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយថ្នាក់​តំបន់​ហើយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកកបានបញ្ជាក់​ជំហរ​ដូច​គ្នា​នឹង​លោក​Julian Hill ​ដែរ​ថា​សហគមន៍​អន្តរជាតិ​អាច​ត្រឹមតែ​ដាក់​សម្ពាធ​បាន​ខ្លះៗ​លើ​រដ្ឋាភិបាល​កម្ពុជា​និង​សមាគម​ប្រទេស​ក្នុង​តំបន់​ដូច​ជា​អាស៊ានប៉ុន្តែ​កត្តា​សំខាន់​គឺ​ការ​ក្រោកឡើង​របស់​ពលរដ្ឋ​ក្នុង​ការ​ទាមទារ​ការផ្លាស់​ប្តូរ​ដោយ​ខ្លួនឯង។

លោក​James Gomez ​បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ជាមួយ​នឹង​វីអូអេ​ថា៖ «ជារឿយៗ​សហគមន៍​អន្តរជាតិចាត់វិធានការ​ហើយ​ធ្វើ​សកម្មភាពបាន​ល្អ​នៅ​ពេល​ណា​ដែល​មាន​កម្លាំង​ទាមទារ​ពី​ខាង​ក្នុង​។ បើ​មាន​តែ​សហគមន៍​អន្តរជាតិ​ម្នាក់ឯង​គឺ​ដូច​ជា​ប្រហោង​ធ្លុង​មិន​បាន​ការ​ ដោយសារតែ​នៅ​ទីបំផុត​គឺ​កម្លាំង​ទាមទារ​ការ​ផ្លាស់​ប្តូរ​ពី​ខាង​ក្នុង​ទេ​ដែល​ស្រប​ច្បាប់​។ ខ្ញុំ​គិត​ថា​អ្វី​ដែល​យើង​ត្រូវ​ការ​ចង់​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ការ​បង្កើន​កម្លាំង​ទាម​ទារ​នេះ‍»។​

លោក​អ៊ុំ​ សំអាន អតីត​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិដែល​ធ្លាប់​បាន​ដឹកនាំ​ការ​តវ៉ា​របស់​និស្សិតបាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ការ​តស៊ូ​ទាមទារ​របស់​អ្នកគាំទ្រ​ពី​ក្នុង​ប្រទេស​ក្នុង​ពេល​កន្លង​មក​នេះ​នៅ​មិនទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ៖

«យើង​តស៊ូ​កន្លងមក​យើង​ទទួល​ស្គាល់​ការ​តស៊ូ​របស់​បងប្អូន​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​ហើយក៏​ប៉ុន្តែ​អត់​ទាន់​គ្រប់​គ្រាន់​ទេ​ គាត់​ត្រូវ​តែ​ខិតខំ​បន្ត​ទៀត​ មានន័យ​ថា​ដល់​ដំណាក់កាល​ណាមួយ​យើង​នឹង​ក្រោក​ឡើង​ទាំងអស់​គ្នា​។ ជាពិសេស ថ្ងៃទី​៩​ខែ​វិច្ឆិកា​យើង​ត្រូវ​តែ​ក្រោក​ឈរ​ទាំងអស់​គ្នា​ដើម្បី​ការ​ផ្លាស់ប្តូរ‍ ​ហើយ​យើង​នឹង​អម​ដំណើរ​លោក​សម រង្ស៊ី​ និង​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ព្រោះ​របប​ផ្តាច់ការ​មិន​ងាយ​ចុះ​ដោយ​ស្រួល​ទេប្រសិនបើ​មិន​មាន​ការ​តស៊ូ​ពី​ប្រជា​ពលរដ្ឋ»។​

លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​បាន​បញ្ជាក់​ជាថ្មី​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ កង​ទ័ព​កម្ពុជាបាន​ត្រៀមរួច​រាល់​ដើម្បី​ចាត់វិធានការ​ទៅលើ​សកម្មភាព​របស់​លោក​សម រង្ស៊ី​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​មាន​គោលដៅ​បំផ្លាញ​សុខ​សន្តិភាព។

កម្លាំងចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ និងទាហាន យាមកាមនៅច្រកព្រំដែនជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

​លោកសម រង្ស៊ី ​និង​ថ្នាក់ដឹកនាំចំនួន​៨នាក់ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជានិង​ថៃ​ដាក់​តាំងរូបថត​នៅ​តាម​ច្រក​ព្រំដែនដើម្បី​តាម​ចាប់​ខ្លួន។​ រីឯ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​វិញ​ក៏បាន​ប្រកាស​តាម​រក​ចាប់​ខ្លួន​លោក​សម រង្ស៊ី ​និង​ថ្នាក់ដឹកនាំ​ព្រមទាំង​មន្ត្រី​គណបក្សចំនួន​២០នាក់​ផង​ដែរ។

លោកហៃ វណ្ណា ​ដែល​ជា​អ្នកគាំទ្រ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​បានចាត់​ទុក​ថា​ជា«រឿង​គួរ​ឱ្យ​អស់​សំណើច‍»ដែល​លោក​ត្រូវ​គេ​ដាក់ឈ្មោះ​ក្នុង​បញ្ជី​ស្វែងរក​ចាប់​ខ្លួន។​ ប៉ុន្តែ​លោក​នឹង​នៅតែ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​តាម​ការ​គ្រោងទុក​នៅ​ចុង​សប្តាហ៍​នេះ។​

«ការ​គ្រោង​របស់​ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា គឺ​អត់​មាន​ការប្រួលប្រែ​ទេ​គឺអ្វី​ដែល​បាន​គ្រោង​គឺ​នៅតែ​ដដែល។ ខ្ញុំ​គ្រោង​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​បើ​ទោះបី​ជា​មាន​ការ​ចាប់​ខ្លួន​ខ្ញុំ​យ៉ាង​ណា​ក្តី​គឺ​ខ្ញុំ​នៅ​តែ​មាន​គោល​ជំហរ​ចូលរួម​ទៅ​ប្រទេស​កម្ពុជា‍»។​

ផ្ទាំង​រូបថត​នេះ​មាន​ដាក់​លេខ​ទូរស័ព្ទ​ចំនួន​ពីរ​លេខសម្រាប់​ពលរដ្ឋ​រាយការណ៍​ប្រាប់​ព័ត៌មាន​ពី​អ្នក​ទាំងនេះ​ ប៉ុន្តែ​នៅ​ពេល​ដែល​វីអូអេ​ទូរស័ព្ទ​ទាក់ទង​តាម​លេខ​ដែល​បាន​បង្ហាញ​កាល​ពីថ្ងៃ​អង្គារគឺ​មិន​មាន​អ្នក​លើក​ឆ្លើយទេ។

សេចក្តី​រាយការណ៍​នានា​បញ្ជាក់​ថា​កងកម្លាំង​ប៉ូលិស​និង​ទាហា​ន​បាន​ត្រៀម​ខ្លួន​រយៈពេល​២៤ម៉ោង​លើ​២៤​ម៉ោង​ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា​មក​ ដើម្បី​ទប់ស្កាត់​ការបះបោរ​របស់​ពលរដ្ឋ​តាម​ការ​អំពាវនាវ​ជា​បន្តបន្ទាប់​របស់​លោក​សម រង្ស៊ី​ ឱ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​ងើបឡើង​ទាមទារ​ការផ្លាស់ប្តូរ៕

No comments: