October 23, 2019

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ ថា​កំពុង​ចរចា​ជាមួយ​ភាគី​ថៃ​ រឿង​មាតុ​ភូមិនិវត្តន៍​តាម​ប្រទេស​ថៃ​

Musochau Photo: RFA

ដោយ មួង ណារ៉េត RFA 2019-10-22

មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងអ្នកស្រី មូរ សុខហួរ​ ថាគណបក្សសង្គ្រោះជាតិ​ កំពុងចរចាជាមួយភាគីថៃ រឿងមាតុភូមិនិវត្តន៍​តាមប្រទេសថៃ ក្រោយ​នគរបាលអន្តោរប្រវេសន៍ថៃ បានហាមឃាត់មន្រ្តីរូបនេះ មិន​ឲ្យ​ចូលប្រទេសនេះ។

អ្នកស្រី​ មូរ សុខហួរ​ ដែលជាប្រធានគណៈកម្មការ​មាតុភូមិនិវត្ត​ន៍ផងនោះ បញ្ជាក់ប្រាប់អាស៊ីសេរី អំពីការចរចាជាមួយភាគីថៃនេះ កាលពីថ្ងៃទី ២២ ខែ តុលា ក្រោយ​អាជ្ញាធរ​ថៃ​ហាម​ឃាត់អ្នកស្រី មិន​ឲ្យ​ចូលទឹកដីថៃ។ អ្នកស្រីថា អ្នកស្រី​ជឿលើឥទ្ធិពលនៃកម្លាំងប្រជាធិបតេយ្យ ដែលមាន​នៅក្នុងរដ្ឋាភិបាល​ចម្រុះរបស់​ថៃ ដែលមិន​ស្ថិត​ក្រោមការគ្រប់គ្រងផ្តាច់​មុខ​របស់​របប​សឹកដូចមុន <<រាជរដ្ឋាភិបាល​ថៃ នៅពេលនេះ​ មិនមែនជារាជរដ្ឋាភិបាល​យោធាទេ ជា​រាជ​រដ្ឋាភិបាល​ដែលមាន​ពហុបក្ស​ ហើយ​ក្នុង​នោះ​ក៏មាន​អ្នកសេរីនិយម ដែល​យល់អំពី​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ។ យើង​នៅតែ​មានក្តីសង្ឃឹម ថាយើងនឹង​ចូលប្រទេសកម្ពុជា​យើង​ បង្ហាញ​នូវ​ឆន្ទៈជូន​ប្រជាពលរដ្ឋ​។ សំខាន់គឺបង្ហាញ​ឲ្យឃើញថា យើង​ខ្ញុំ​មិន​និយាយ​លេង​សើច​ពីការ​ធ្វើ​មាតុភូមិនិវត្តន៍ទេ ទោះបី​ជាមានឧបសគ្គយ៉ាងណា>>។

នេះជាលើកទីមួយហើយ ដែលមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង​មួយរូប ក្នុង​ចំណោម​មន្រ្តី​គណបក្សប្រឆាំង ៩ រូប​ដែលមានឈ្មោះក្នុង​ដីការបស់​តុលាការ​របបលោក ហ៊ុន សែន ត្រូវ​បាន​អាជ្ញាធរ​ថៃហាមឃាត់ មិន​ឲ្យ​ចូលក្នុងប្រទេសថៃ។

​លោក ហ៊ុន សែន ថ្មីៗនេះ​ បាន​អះអាងថា របបលោកបាន​បញ្ជូន​ដីកាតុលាការ ដើម្បីតាមចាប់ខ្លួន​មន្រ្តី​បក្ស​ប្រឆាំងចំនួន ៩ រូប​ ទៅ​ប្រទេសសមាជិក​អាស៊ាន​ទាំងអស់រួចហើយ។ លោកអះអាងទៀតថា រដ្ឋាភិបាលប្រទេសអាស៊ានចំនួនពីររួចហើយ ដែលទទួលបានដីកានោះ គឺប្រទេសឡាវ និង ថៃ <<រដ្ឋាភិបាល​ថៃ បាន​ទទួល​រួច​មកហើយ នូវ​សាលដីកាតុលាការ ដើម្បី​ចាប់​ខ្លួន​ជនណា​ ដែលមាន​សាលដីកាតុលាការ។ ដូច្នេះ​ សូមធ្វើតាមចំណង់​របស់ខ្លួន​ទៅចុះ>>។

តុលាការក្រុង​ភ្នំពេញ​ កាលពីចុងខែ កញ្ញា បាន​ចោទប្រកាន់ និង តាម​ចាប់​មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងចំនួន ៩ រូបរួមមានប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី, អនុប្រធានគណបក្សសង្គ្រោះជាតិពីររូបគឺលោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខហួរ, តំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ លោក អ៊ូ ចន្ទ័ឫទ្ធិ លោក ហូរ​ វ៉ាន់ លោក ម៉ែន សុថាវរិន្រ្ទ លោក នុត រំដួល អ្នកស្រី ជូឡុង សូមូរ៉ា និង លោក ឡុង រី ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរបបលោក ហ៊ុន សែន ដោយសារតែផែនការ​វិលត្រឡប់មកកម្ពុជាវិញ។

ទោះជាយ៉ាងនេះក្តី អ្នកស្រី មូរ សុខហួរ នៅតែបញ្ជាក់ជំហរថា អ្នកស្រី​នឹង​រិះរកគ្រប់​មធ្យោបាយ ដើម្បីវិលចូលទៅកម្ពុជាវិញ ទោះតាមច្រកណា​ក៏ដោយ ព្រោះអ្នកស្រីប្រដូចឆន្ទៈ ក្នុងការវិលត្រឡប់ទៅវិញនេះ ថា​ពុះពោរដូច​កម្លាំងទឹកហូរ ដែលគ្មាន​នរណា​អាច​ឃាត់​បាន <<យើង​មើលទៅដូច​ទឹក​ទន្លេដែលហូរ។ តើ​ទឹក​ហូរ​ មាន​ដែល​ឃើញថាទើ​នៅត្រង់​ណា​ទេ? ទឹក​ហូរ​ បើ​ទើ​នៅត្រង់​ណា យើង​ត្រូ​វបត់​នៅត្រង់នោះ តាម​ផ្លូវ​ធម្មជាតិ។ ដូច្នេះ​បើ​ចូល​នៅតាម​ប្រទេស​មិន​កើត យើង​ចូល​តាម​ផ្លូវ​ប្រទេស​ដទៃទៀត។ បើ​ចូល​តាម​ផ្លូវគោកមិនកើត យើង​នៅ​ផ្លូវអាកាស យើង​នៅ​ផ្លូវ​ទឹក។ ដូច្នេះ​យើង​ត្រូវ​តែ​បត់បែនដូចទឹកទន្លេដែលហូរ​ដូច្នេះដែរ មិន​ដែលទើទេ។ ឆន្ទៈរបស់​យើង ជាឆន្ទៈរបស់​អ្នកប្រយុទ្ធ​ ដើម្បី​ប្រជាធិបតេយ្យ​​ និង សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា>>។

ស្របដែលថ្ងៃកំណត់​វិលចូលស្រុកខ្មែរវិញ នៅសល់តែ ១៧ ថ្ងៃទៀតនេះ អ្នកស្រី មូរ សុខហួរ បន្ត​អំពាវនាវឲ្យ​ពលរដ្ឋ​ខ្មែរ គាំទ្រដំណើរវិលត្រឡប់ទៅកម្ពុជាវិញនេះ ដើម្បី​ជជែកគ្នា​ដោយ​សន្តិវិធី ទើប​អាច​រកដំណោះស្រាយ​បាន។ អ្នកស្រីក៏ផ្តាំផ្ញើទៅពលករខ្មែរ នៅប្រទេសថៃថា អាជ្ញាធរថៃ មិន​ហាមឃាត់ពួកគាត់ ក្នុងការ​ធ្វើ​ដំណើរត្រឡប់​ទៅកាន់ស្រុកកំណើតខ្លួន​វិញ​នោះឡើយ៕

No comments: