October 25, 2019

ឯក​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន​និង កម្ពុជា

លោក W. Patrick Murphy ត្រូវបាន​ស្បថ​ចូល​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។ (រូបថត៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា)

សុខ ខេមរា | VOA Khmer, 25 តុលា 2019

រដ្ឋធានី​វ៉ាស៊ីនតោន — លោក​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ W. Patrick Murphy​ ប្រចាំ​ប្រទេស​កម្ពុជា ​បាន​រៀប​ចំ ទទួល​អាហារ​ថ្ងៃត្រង់​ ជូន​ឯកអគ្គ​រដ្ឋទូត​អាស៊ាន​ប្រចាំ​នៅ​កម្ពុជា ​នៅ​និវាសដ្ឋាន​របស់ លោក​កាលពី​ថ្ងៃព្រហស្បតិ៍​ ក្រោយពេល​លោក​បាន​ថ្វាយសារ​តាំង​ជូន​ព្រះ​មហាក្សត្រ ខ្មែរ ​គឺ​សម្តេច​ព្រះបរមនាថ ​នរោត្តម សីហមុនី ​និង​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​លើក​ដំបូង​កាលពី​ថ្ងៃទី​២៣ ​តុលា ​នៅមុន​ពេល​ក្រុម​មេដឹកនាំ​អាស៊ាន​ចូលរួម​កិច្ច ប្រជុំ​កំពូល​អាស៊ាន​ប្តូរវេន​ប្រចាំឆ្នាំ​និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ នៅដើម​ខែវិច្ឆិកា​ខាងមុខ។​

គេមិន​បាន​ឃើញ​ការ​បញ្ជាក់​ថា​ឯកអគ្គរដ្ឋទូត​ប្រទេស​ណា ខ្លះ​របស់​អាស៊ាន​ដែល​ចូលរួម​នោះទេ​តែនៅ​ក្នុង​សារ​ លោក​ Patrick Murphy ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ លោក​បាន​បញ្ជាក​ថា៖ ​«ខ្ញុំយក​ចិត្តទុក​ដាក់​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់​អាស៊ាន។​ ខ្ញុំរង់ចាំ​ដោយ​រីករាយ​ នូវកិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា ​និង​កិច្ចប្រជុំ​កំពូល ​អាមេរិក ​អាស៊ាន​ នៅទីក្រុង​បាងកក»​។

ទាំងលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ ហើយ​នឹង​ទាំង​លោក​ Patrick Murphy​ មិន​បាន លើក​ឡើង​នៅលើ​សារហ្វេសប៊ុក​ថា​លោក​បាន​ពិភាក្សា​អំពី​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ កម្ពុជា​ដែល​គេទន្ទឹង​រង់ចាំ ​ហើយ​ដែល​ប្រទេស​ទាំងពីរ​មាន​ភាព​ល្អក់​កករ​ក្នុង​ទំនាក់ ទំនង​ការទូត​ខ្លះថ្មីៗ​នេះ​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​និង​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​បាន​បង្ហាញ​ពី​ការ​បន្ត ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ ក្រៅពី​ការ​ជំរុញ​ដល់​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ ឲ្យ​មាន​ការ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​កម្រិត​អន្តរជាតិ​ ជា ពិសេស​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហ​ប្រជាជាតិ​ និងក្នុង​ក្របខណ្ឌ​អាស៊ាន​និង​សហ​រដ្ឋ​អាមេរិក​ផង​ដែរ ​ជាពិសេស​នៅពេល​ដែល​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅឆ្នាំ ២០២២ ។

«ទាក់ទង​ទៅនឹង​ទំនាក់​ទំនង​នេះ​ផងដែរ ​នៅឆ្នាំ​ក្រោយនេះ​គឺជាខួប​ទី៧០ ​នៃ​ទំនាក់ ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ ដូច្នេះ​កម្ពុជា​ និង​ទូត​អាមេរិក ​នឹង​សហការ​គ្នា​ក្នុងការ ធ្វើ​កម្មវិធី​មួយ​ចំនួន​នៅខួប​នៃ​ទំនាក់​ទំនង​នេះ‍»។

ទំនាក់​ទំនង​និង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​និង​អាមេរិក​មិនទាន់​ឈាន​ដល់​កម្រិត យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​ទេ ​ក្នុង​រដ្ឋបាល​លោក​ ប្រធានាធិបតី ​ដូណាល់ ត្រាំ ​ដែល​មិន​អើពើ​ចំពោះ​តំបន់​អាស៊ាន​ដែលមាន​ពលរដ្ឋ​ជាង​៦៥០​លាន​នាក់ ​និង ​ជាទីផ្សារ​ដ៏ធំ សម្រាប់​អាមេរិក ​ដែល​ចិន​បាន​ច្បាម​យក​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​នេះ។

No comments: