September 15, 2019

លោក សម រង្ស៊ី ថា ព្រះមហាក្សត្រ​បច្ចុប្បន្ន​ខុសគ្នា​ដូច​មេឃ​និង​ដី បើ​ប្រៀប​នឹង​ព្រះបិតា​ព្រះអង្គ

ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។ RFA

ដោយ មួង ណារ៉េត RFA 2019-09-14

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ នៅតែ​ប្រកាន់​ជំហរ​ថា ព្រះមហាក្សត្រ​បច្ចុប្បន្ន ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី កំពុង​ស្ថិត​ក្រោម​ការ​គំរាម និង​ប្រមាថ​ពី​លោក ហ៊ុន សែន។

ថ្លែង​សារ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា​ លោក សម រង្ស៊ី ប្រៀបធៀប​ព្រះមហាក្សត្រ​ដែល​កំពុង​គ្រង​រាជ​សព្វថ្ងៃ ទៅ​នឹង​ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ថា មាន​ភាព​ខុសគ្នា ដូច​មេឃ​និង​ដី។

ភាពខុស​គ្នា​នេះ គឺ​លោក សម រង្ស៊ី បញ្ជាក់​ថា មក​ពី​ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ កាល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នៅឡើយ តែងតែ​ចេញ​ព្រះ​ភ័ក្ត្រ​ការពារ​ប្រជាពលរដ្ឋ​ទន់ខ្សោយ ដែល​ឈឺចាប់​ដោយសារ​រងគ្រោះ​ពី​អំពី​អយុត្តិធម៌​ផ្សេងៗ ពី​សំណាក់​​រដ្ឋ​អំណាច​​ផ្ដាច់ការ និង​អ្នកមាន​លុយ​។ ព្រះអង្គ​ជួយ​រក​ដំណោះស្រាយ​ជូន​កម្មករ​រោងចក្រ និង​គង់​ជា​បិតា​ឯកភាព​ជាតិ ការពារ​សិទ្ធិមនុស្ស សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ ក្នុង​ព្រះរាជ​តួនាទី​ជា​អ្នក​សម្របសម្រួល​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ។ ជាង​នេះ​ទៅ​ទៀត លោក សម រង្ស៊ី បន្ថែម​ថា ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ មិន​យល់ព្រម​យាង​ទៅ​បើក​កិច្ចប្រជុំ​រដ្ឋសភា នៃ​នីតិកាល​ណា ដែល​គ្មាន​វត្តមាន​គណបក្ស​ជាប់ឆ្នោត​ទាំងអស់​ចូលរួម​ជាមួយគ្នា​នោះ​ទេ។

ចំណែក​​​ព្រះមហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន​វិញ លោក សម រង្ស៊ី លើកឡើង​ថា ព្រះអង្គ​​មិន​ដែល​ចេញ​ព្រះ​ភ័ក្ត្រ​ជួយ​​ការពារ​​ប្រជារាស្ត្រ​​ខ្មែរ ដែល​រងគ្រោះ​ដូចជា​ការ​រឹបអូស​ផ្ទះសម្បែង និង​ដីធ្លី ការ​ចាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​យក​ទៅ​ឃុំឃាំង ការ​ធ្វើ​ទារុណកម្ម​​​លើ​​ពលរដ្ឋ​ទន់ខ្សោយ ដែល​ទាមទារ​រក​យុត្តិធម៌​ជាដើម​។ លោក សម រង្ស៊ី ថា ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះអង្គ​​យល់​ព្រម​​ជា​និច្ចកាល ប្រថាប់ត្រា​លើ​ច្បាប់​ទាំងឡាយ ដែល​លោក​ហៅថា​ព្រៃផ្សៃ ដែល​ផ្ដួចផ្ដើម ដោយ​​​លោក ហ៊ុន សែន។

ជាង​នេះ​ទៅ​ទៀត​លោក សម រង្ស៊ី ថា សារ​របស់​ព្រះករុណា ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ នាំគ្នា​ទៅ​បោះឆ្នោត ក្រោយ​របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ពលរដ្ឋ​គាំទ្រ​ជាង​បី​លាន​នាក់ និង​រង​ការ​ថ្កោលទោស​ជុំ​ទិស​ពី​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​នោះ ថា​គឺ​រឹតតែ​បង្ហាញ​ថា ព្រះអង្គ​មិន​យក​ព្រះទ័យ ទុកដាក់​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ភាព​អយុត្តិធម៌​នោះ​ឡើយ​។ លោក​ថា​ធ្វើ​បែប​នេះ ហាក់​ដូចជា​ព្រះអង្គ​ចូល​ព្រះហស្ត (ចូល​ដៃ) ជាមួយ​គេ ហើយ​​​យល់ព្រម​ធ្វើជា​អាយ៉ង​របស់​គេ ឱ្យ​តែ​ព្រះអង្គ​បាន​សុខ​ខ្លួនឯង​។ លោក សម រង្ស៊ី បន្ថែម​ថា ការ​ធ្វើ​បែប​នេះ លោក​យល់ថា ព្រះអង្គ​មិនមែន​ជា​ព្រះមហាក្សត្រ​គួរ​ឲ្យ​ស្រលាញ់ និង​គោរព​នោះ​ឡើយ។ តែ​ទោះជា​យ៉ាង​នេះ​ក្តី លោក សម រង្ស៊ី នៅ​តែ​​​ប្រកាន់​​ជំហរ​ថា ការណ៍​ដែល​ព្រះរាជា​ខ្មែរ​បច្ចុប្បន្ន មិន​អាច​ធ្វើ​ដូច​ព្រះបិតា​ព្រះអង្គ​បាន ក៏​​ដោយសារ​តែ​​រង​​សម្ពាធ និង​ការ​គំរាម​កំហែង​ពី​របប​លោក ហ៊ុន សែន នោះ​ឯង។

លោក​ថា បុគ្គល​ដែល​បាន​ចាប់​ព្រះមហាក្សត្រ​ធ្វើជា​ចំណាប់ខ្មាំង​របស់​ខ្លួន ហើយ​ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត គឺ​លោក ហ៊ុន សែន ដែល​ធ្លាប់​ហ៊ាន​គំរាម​រំលាយ​ស្ថាប័ន​រាជបល្ល័ង្ក និង​របប​រាជា​និយម​ថែម​ទៀត​ផង។

អាស៊ីសេរី មិនទាន់​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​ព្រះបរមរាជវាំង ជុំវិញ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ កាលពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ទាំង​ក្រសួង​ព្រះបរមរាជវាំង រដ្ឋាភិបាល ស្ថាប័ន​ជាតិ​សំខាន់ៗ និង​កងកម្លាំងប្រដាប់អាវុធ សុទ្ធតែ​ចេញ​សារ​ព្រម​គ្នា ថ្កោលទោស​លោក សម រង្ស៊ី ចំពោះ​ការ​ថ្លែង ដែល​ស្ថាប័ន​ទាំងនេះ ចាត់ទុកថា ប៉ះពាល់​អង្គ​ព្រះមហាក្សត្រ និង​ជា​ទង្វើ​ក្បត់ជាតិ។

តុលាការ​របប​លោក ហ៊ុន សែន ក៏បាន​សម្រេច​ចោទប្រកាន់​លោក សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​មួយ​ករណី​ទៀត កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​នោះ​ដែរ ក្រោយ​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី១២ ខែ​កញ្ញា បាន​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រជារាស្ត្រ​ខ្មែរ មិន​អាច​ពឹង​ព្រះមហាក្សត្រ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​បានទេ ព្រោះ​របប​លោក ហ៊ុន សែន បាន​យក​ព្រះ​មហាក្សត្រ ធ្វើជា​ចំណាប់ខ្មាំង​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ចំណាត់​ការ​របស់​តុលាការ​របប​ក្រុងភ្នំពេញ មិនមែន​ជា​ព្រះរាជ​បំណង​ព្រះមហាក្សត្រ​នោះ​ទេ ហើយ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ពិតប្រាកដ គឺ​របប​ក្រុង​ភ្នំពេញ​ឯណោះ៕

1 comment:

tk said...

The former King father destroyed his kingdom and his people to revenge against Lon Nol for wrestling the power from the King. Whereas the current king has failed to deliver on his duty to protect his people. To keep the throne, son of bitch king choose to remain silent even when Hun Sen oppresses and kills his people. Both father and son are useless, careless about his own people.