September 29, 2019

សកម្មជន​បក្ស​ប្រឆាំង ៧​រូប​នៅ​ខេត្ត​កំពង់ចាម ​ភៀសខ្លួន​រក​កន្លែង​សុវត្ថិភាព​បន្ទាប់​ពី​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ

សាលាដំបូង​ខេត្ត​កំពង់ចាម។ រូបថត​ខែ​កក្កដា ឆ្នាំ​២០១៧។ RFA

ដោយ វ៉ែន សុមេធ RFA 2019-09-27

សកម្មជន​បក្ស​គណបក្ស​ប្រឆាំង​នៅ​ស្រុក​កងមាស​ ខេត្ត​កំពង់ចាម ​៧​នាក់ ​​រត់​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព នៅ​ថ្ងៃ​ទី​២៧ កញ្ញា។ ការ​រត់​គេច​ខ្លួន​នេះ​ គឺ​បន្ទាប់​ពី​ពួកគេ​​ទទួល​ដីកា​ពី​តុលាការ​ឱ្យ​ចូល​បំភ្លឺ​ ពាក់ព័ន្ធ​នឹង​ការ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​ជំរុញ​​​របប​ក្រុង​ភ្នំពេញ​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ ​ដើម្បី​រក្សា​ប្រព័ន្ធ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​គាំទ្រ​ឱ្យ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ពេល​ខាង​មុខ។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ដីកា​កោះ​របស់​តុលាការ​នេះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ដល់​ប្រជាពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿង​នយោបាយ។

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កងមាស​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ឈួន កុសល ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី២៧ កញ្ញា​ថា លោក​នឹង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ៧រូប ​បាន​សម្រេច​មិន​ចូល​បំភ្លឺ​តុលាការ​តាម​ការ​កោះ​ហៅ​របស់​តំណាង​អយ្យកា​នោះ​ទេ ពីព្រោះ​លោក​ថា​ ពុំ​មាន​ជំនឿ​នឹង​ប្រព័ន្ធ​តុលាការ​របប​ដឹក​នាំ​សព្វ​ថ្ងៃ។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា ពួកគាត់​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​លោក​តុលាការ​ឡើយ។ លោក​បន្ត​ថា​ កន្លង​មក​ពួក​លោក​គ្រាន់​តែ​​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​ព្រួយបារម្ភ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​ EBA ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ និង​គាំទ្រ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ៖ «យើង​គ្រាន់​តែ​ឱ្យ​គេ​ទុក​អីប៊ីអេ (EBA) ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ការងារ​ធ្វើ​គេ​ខ្ញុំ​ពី​បទ​ឧក្រិដ្ឋ​ខ្ញុំ​មិន​យល់​សោះ​។យើង​ធ្វើ​ដើម្បី​ពលរដ្ឋ​សោះ​គេ​ចោទ​ចុះ​ថា​ច្បាប់​នឹង​គេ​គិត​យ៉ាង​ម៉េច​​ គឺ ធ្វើ​ច្បាប់​សម្រាប់​តែ​បុគ្គល​ម្នាក់​ ជាក់​ស្ដែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់​ដែល​គេ​ចាប់​យក​ទៅ​ឃុំ​ខ្លួន​គេ​ចាប់​ដោយ​បំពាន​ដោយ​គ្មាន​ដីកា​ពី​តុលាការ​ទេ»។

លោក​បន្ត​ថា​ សកម្មជន​​បក្ស​របស់​លោក​ទាំង​ ៧រូប ក្នុង​នោះ​ក៏​មាន​​​ស្ត្រី​ម្នាក់​ដែរ ​បាន​រត់​ភៀស​ខ្លួន​ទៅ​ដល់​កន្លែង​មាន​សុវត្ថិភាព​ហើយ ​នៅ​រសៀល​ថ្ងៃ​ទី២៧ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ពួក​គេ​ទទួល​​ដីកា​របស់​តុលាការ។

តំណាង​អយ្យកា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​លោក​ ហាក់ ហាន់ បាន​កោះ​ហៅ​ លោក ឈួន​ កុសល លោក​ ជា សុផល និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ​៥​រូប​ផ្សេង​ទៀត​ រស់​នៅ​ស្រុក​កងមាស ​ឱ្យ​ចូល​បំភ្លឺ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី៩​តុលា​ខាង​មុខ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។

ទាក់​ទង​នឹង​ការ​ដីកា​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​នេះ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) លោក នី សុខា​ លើក​ឡើង​ថា ​ ដីកា​កោះ​ហៅ​របស់​តុលាការ​នេះ​ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ ពី​ព្រោះ​លោក​ថា​​ពួកគេ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក (Face book)​ គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ និង​ការ​ព្រួយបារម្ភ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​EBA គឺ​ជា​សិទ្ធិ​សេរីភាព​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ គឺ​មិន​ខុស​ច្បាប់​ឡើយ៖ «ដូច្នេះ​ខ្ញុំ​គិត​ថា​រឿង​ដែល​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​មិន​គួរ​ណា​តុលាការ​កោះ​ហៅ​ឬ​ក៏​ចាប់​ឃុំ​ខ្លួន​ឬ​ការ​ចោទ​ប្រកាន់​អី​ផ្សេងៗ នោះ​ទេ​នេះ​គ្រាន់​តែ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​មួយ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​។ខ្ញុំ​យល់​រឿង​នេះ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហើយ​បាទ!»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ថ្លែង​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត​នេះ​ ពុំ​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ទេ​ ផ្ទុយ​ទៅ​វិញ ​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ ដែល​អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​ជិត​កន្លះ​នគរ​ក្ដៅ​ក្រហាយ ហើយ​ជា​ការ​ធ្វើ​ឱ្យ​ពួក​គាត់​កាន់​តែ​ស្អប់ខ្ពើម​រដ្ឋាភិបាល​ទៅ​វិញ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ទទូច​ដល់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ឱ្យ​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​ ដោយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់ ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២៧ កញ្ញា​ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ១៦៥​នាក់ ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន កោះ​ហៅ​ទៅ​សាកសួរ។ រីឯ​សកម្មជន​ច្រើន​នាក់​ទៀត បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ​ដោយសារ​តែ​ពួក​គេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​ប្រឆាំង។

ទោះ​ជា​យ៉ាង​ណា​លោក ឈួន កុសល ​អះអាង​ថា ថ្វីត្បិត​តែ​ពួក​គាត់​បាន​រត់​គេច​ខ្លួន​ក៏​ដោយ​ ក៏​ពួក​គាត់​នៅ​តែ​ប្រកាន់​ជំហរ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដដែល ពី​ព្រោះ​ពួក​គាត់​សង្ឃឹម​ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រសិន​បើ​លោក​សម រង្ស៊ី នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា​ជា​មិន​ខាន៕

No comments: