August 24, 2019

អាជ្ញាធរ​អប្សរា​បញ្ជូន​បំណែក​វត្ថុ​បុរាណ​ចំនួន ៥ ទៅ​រក្សាទុក​ក្នុង​សារមន្ទីរ​ខេត្ត​សៀមរាប

អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វត្ថុ​បុរាណ ៥ប្រភេទ ពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​អប្សរា

ដោយ សន ចាន់រដ្ឋា RFA 2019-08-23

អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ចុះបញ្ជី​បច្ចេកទេស និង​រៀបចំ​សំណើ​បញ្ជូន​បំណែក​វត្ថុ​បុរាណ​ចំនួន ៥ ទៅ​រក្សាទុក​នៅ​ក្នុង​សារមន្ទីរ ព្រះ​នរោត្តម​សីហនុ អង្គរ ក្នុង​ខេត្ត​សៀមរាប។ គេហទំព័រ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា បាន​ឱ្យ​ដឹង​ថា បំណែក​វត្ថុ​បុរាណ​ទាំង​ប្រាំ​នេះ​រួមមាន បំណែក​ដងខ្លួន​ព្រះ​ពុទ្ធរូប បំណែក​កញ្ចាំង បំណែក​ភ្នែន​ទេវរូប និង​កុលាលភាជន៍​ចំនួន​​ពីរ។ បំណែក​ទាំង​បី​សុទ្ធតែ​ធ្វើឡើង​ពី​ថ្ម​ភក់ ចំណែក​កុលាលភាជន៍​ដែល​ធ្វើ​ជា​ថូ និង​ខួច ធ្វើ​ឡើង​ពី​ដី​ដុត។

អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​បន្ថែម​ថា បំណែក​វត្ថុ​បុរាណ​ទាំងនេះ​គឺ​ទទួល​បាន​ពី​ពលរដ្ឋ​ដែល​បាន​ប្រទះឃើញ​បំណែក​វត្ថុ​បុរាណ​ទាំងនេះ​នៅ​ក្បែរ​តំបន់​ដែល​ពួកគាត់​រស់នៅ និង​បាន​រាយការណ៍​ទៅ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ដើម្បី​ប្រមូល​បំណែក​វត្ថុ​បុរាណ​ទាំងនេះ​ទុក​។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងអំណរគុណ​ដល់​ពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​រួម​ចំណែក​ការពារ​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ចូលរួម​រាយការណ៍​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ករណី​បាន​ជួបប្រទះ​នូវ​បុរាណវត្ថុ​ទាំងនោះ៕

No comments: