![]() |
ត្រាក់ទ័ររបស់កសិករថៃចូលមកភ្ជួរដីស្រែខ្មែរកាលពីព្រឹកម្សិលមិញ។ រូបថត សហការី |
ឃុត សុភចរិយា ភ្នំពេញ ប៉ុស្តិ៍ Fri, 24 July 2015
បន្ទាយមានជ័យៈ ប្រជាពលរដ្ឋខ្មែរ និងកម្មករក្រុមហ៊ុន សំ ផាន់ណារិទ្ធឌីវិលឡុបមិនដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍនៅលើដីក្បែរបង្គោលព្រំដែនលេខ ៤៣ ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅកាលពីព្រឹកម្សិលមិញបានហាមឃាត់កសិករថៃចំនួន ៥ នាក់ ដែលបើកត្រាក់ទ័រ និងគោយន្តចូលមកភ្ជួរស្រែ និងព្រោះស្រូវក្នុងដីស្រែខ្មែរជាប់ព្រំដែន។
លោក តូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ ៩១១ ប្រចាំនៅតំបន់នោះបានថ្លែងថាចាប់តាំងពីព្រលឹមស្រាងៗកសិករថៃ ៥ នាក់ បានបើកត្រាក់ទ័រ និងគោយន្ត ចំនួនពីរគ្រឿងដោយមានទាំងស្រូវពូជចំនួន ៥ បាវផងនោះបានចូលមកក្នុងទឹកដីកម្ពុជាក្បែរបង្គោលព្រំដែនលេខ ៤៣ ដើម្បីភ្ជួររាស់ដី និងសាបព្រោះស្រូវនៅលើផ្ទៃដីទំហំ ២២៦ ហិកតា ដែលពួកគេបានលួចចូលមកធ្វើការដាំដុះដោយខុសច្បាប់កាលពីថ្ងៃទី ៨ ខែមិថុនា កន្លងមក។ ប៉ុន្តែការចូលមកភ្ជួរដីរបស់កសិករថៃទាំងនោះត្រូវបានរារាំងដោយក្រុមកម្មករក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវិលឡុបមិន ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍនៅលើទីតាំងដីស្រែក្នុងតំបន់នោះ។
លោកបានបន្តថា៖ «បន្ទាប់ពីមានការរារាំងពីភាគីក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវិលឡុបមិន កសិករថៃទាំងនោះបានទូរស័ព្ទហៅកងតម្រួតថៃចំនួន ៦ នាក់ចុះមកជួយអន្តរាគមន៍ប៉ុន្តែពេលក្រុមតម្រួតទាំងនោះបានមកដល់ឃើញមានបាតុភាពរញ៉េរញ៉ៃដោយការឈ្លោះប្រកែកគ្នានោះពួកគេក៏បានប្រាប់ទៅកសិករថៃទាំងនោះឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញដើម្បីបញ្ចៀសការផ្ទុះអំពើហិង្សាកើតឡើង»។
បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ទំនាស់ខាងលើនេះបានឲ្យដឹងថា ពេលដែលក្រុមតម្រួតថៃបានមកដល់ដំបូងបានបោះពាក្យសម្តីគំរាមកំហែងដល់ប្រជាពលរដ្ឋខ្មែរដោយប្រមាថធ្វើការបាញ់ប្រហារប្រជាពលរដ្ឋខ្មែរដែលល្មើសលួចចូលធ្វើស្រែនៅក្នុងតំបន់បង្គោលព្រំដែនលេខ ៤៣ ស្ថិតនៅក្នុងទឹកដីរបស់ពួកគេ។
លោក វ៉ាន់ ឆៃ អាយុ ៤៥ ឆ្នាំ រស់នៅឃុំអូរបីជាន់បានថ្លែងថានៅពេលនេះប្រជាពលរដ្ឋខ្មែររស់នៅតំបន់ជាយដែនខ្មែរថៃមានក្ដីបារម្ភអំពីបញ្ហាសុវត្ថិភាពដោយហេតុថាប្រជាពលរដ្ឋថៃដែលមានទាហានរបស់ពួកគេចាំជួយការពារនៅពីក្រោយនោះតែងតែលួចចូលមកធ្វើស្រែរំលោភយកដីស្រែរបស់ពួកគាត់។
លោកបានថ្លែងថា៖ «ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ [ម្សិលមិញ] ពួកទាហានថៃ ៦ នាក់បានចូលមកជួយការពារពលរដ្ឋរបស់គេដែលចូលមកភ្ជួរស្រែលើទឹកដីកម្ពុជាយើងដោយខុសច្បាប់ហើយថែមទាំងជេរប្រមាថបាញ់សម្លាប់ពួកយើងទៀតប្រសិនបើចូលទៅធ្វើស្រែ ឬរកអនុផលព្រៃឈើ ឬកាប់ឈើក្នុងទឹកដីរបស់ពួកគេ»។
ទោះជាបែបណាក្ដី លោក ឈុន សុងលី នាយនគរបាលប៉ុស្តិ៍ឃុំអូរបីជាន់ដែលបានចូលរួមសម្របសម្រួលកុំឲ្យមានការផ្ទុះអំពើហិង្សារវាងប្រជាពលរដ្ឋខ្មែរ និងថៃបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាមិនមានការគំរាមកំហែងណាមួយពីក្រុមយោធាថៃនោះទេផ្ទុយទៅវិញកងកម្លាំងយោធាថៃទាំង ៦ នាក់នោះបានប្រឹងប្រែងជួយសម្រុះសម្រួលពលរដ្ឋរបស់ពួកគេឲ្យបញ្ឈប់ការជជែក និងចូលមកធ្វើស្រែដោយខុសច្បាប់នៅក្នុងតំបន់នោះតទៅទៀតព្រោះវាស្ថិតនៅក្នុងទឹកដីកម្ពុជាសុទ្ធសាត៕
No comments:
Post a Comment