November 8, 2018

លោក ហ៊ុន សែន ចាញ់បោកការផ្សាយព័ត៌មានក្លែងក្លាយ លើបណ្តាញសង្គម

FakeNews

ជុន ច័ន្ទ​បុត្រ​​ RFA 2018-11-07

ឧទាហរណ៍មួយ នៃការផ្សាយតាមបណ្តាញសង្គម YouTube ដែលម្ចាស់គណនីបានយកព័ត៌មានអាស៊ីសេរី ទៅកែបំភ្លៃចំណងជើង និង ខ្លឹមសារព័ត៌មាន ប្រាសចាកការពិត។

លោក ហ៊ុន សែន បានក្លាយជាមេដឹកនាំមួយរូប ដែលចាញ់បោកការផ្សាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម។ លោក ហ៊ុន សែន ដែលមានទីប្រឹក្សារាប់រយនាក់ រួមទាំងអ្នកជំនាញខាងបច្ចេក​វិទ្យាផង បានក្លាយទៅជាជនរងគ្រោះ ជឿព័ត៌មានក្លែងក្លាយ ផ្សាយលើបណ្តាញសង្គម ជាពិសេសលើប្រព័ន្ធ យូធូប (YouTube)​។

នៅក្នុងសុន្ទរកថាជិតពីរម៉ោង ជាមួយកម្មកររោងចក្រ ក្នុងខេត្តតាកែវ កាលពី​ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ហ៊ុន សែន លើកឡើងថា អាស៊ីសេរីផ្សាយ មិនពិតពីសុខភាពរបស់លោក <<ខ្ញុំ​ថ្ងៃមុ​នហួស​ចិត្ត​ដែរ ខ្ញុំ​អត់​នឹកស្មានថា គេ​ហ៊ាន​ធ្វើ​ដល់​ប៉ុណ្ណឹង! តែមិនមែន​អាមនុស្ស​ហ្នឹង​ទេ។ ខ្ញុំ​បើក​ក្នុង​អាយូធូបហ្នឹង គេ​ដាក់ថា​លោក​ ហ៊ុន សែន កំពុង​ឈឺធ្ងន់។ អាហ្នឹង​អាស៊ីសេរីផ្សាយ។ ដល់​អាស៊ីសេរី​ ផ្សាយ​ចប់​វាមាន​អាម្នាក់​ធ្វើ​អត្ថាធិប្បាយពីក្រោយ។ វាថា​តាម​ទទួល​ដំណឹង​មក​ លោក​ ហ៊ុន សែន ឈឺធ្ងន់ណាស់ ម្ដង​នេះ​មិន​អាច​រស់​បាន​ទេ ព្រោះ​មហារីក​ខួ​រក្បាល​។ យ៉ាង​យូរ​បំផុត​ បាន​ប្រាំមួយ​ខែ>>។

ឆ្លៀតឱកាសនេះ ខ្ញុំ​បាទសូមជំរាបជូនលោក លោកស្រី អ្នកនាងកញ្ញា ​ព្រមទាំងលោក ហ៊ុន សែន ផង ថាព័ត៌មានពិតរបស់អាស៊ីសេរី ផ្សាយតាមតែប្រភពចំនួន៤នេះ តែប៉ុណ្ណោះ៖

១. គេហទំព័រផ្លូវការរបស់អាស៊ីសេរី៖ www.rfa.org/khmer

២. គេហទំព័រយូធូបផ្លូវការរបស់អាស៊ីសេរី៖ www.youtube.com/RFAKhmerVideo

៣. ទំព័រហ្វេសប៊ុកផ្លូវការរបស់អាស៊ីសេរី៖ www.facebook.com/rfacambodia (ដែលមានសញ្ញាសម្គាល់ Tick ពណ៌ខៀវ)។ និង

៤. កម្មវិធីព័ត៌មានអាស៊ីសេរី ឬ RFA App នៅលើទូរស័ព្ទដៃទំនើប (ស្មាតហ្វូន) សម្រាប់ ប្រព័ន្ធ iPhone និង ប្រព័ន្ធ Android។

រីឯការផ្សាយតាមប្រព័ន្ធ យូធូប ដែលលោក ហ៊ុន សែន លើកឡើងនេះ  គឺជាព័ត៌មាន ក្លែងក្លាយ ដែលលួចបន្លំយកស្លាកសញ្ញា (ឡូហ្គោ) អត្ថបទ ខ្លឹមសារជាសំឡេង ឬវីដេអូរបស់អាស៊ីសេរី ទៅបំភ័ន្តព័ត៌មាន ឬបោកបញ្ឆោត ឲ្យមានការចាប់អារម្មណ៍ ចង់ចូលមើលច្រើន ដើម្បីកេញចំណេញពីការរកប្រាក់តាមប្រព័ន្ធអ៊ិនធើណិត ឬបម្រើគោលដៅនយោបាយណាមួយ តែប៉ុណ្ណោះ៕

No comments: