October 15, 2018

លោក អាឡិច ព្រមាន​បន្ត​លាតត្រដាង​ភាព​មិន​ប្រក្រតី​ផ្សេង​ទៀត​នៃ​របប​លោក​ ហ៊ុន សែន បន្ថែម​ករណី​នាំចូល​មាស

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។  Photo Screenshot

ដោយ មាន ឫទ្ធិ RFA 2018-10-13

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ​អះអាង​ថា នៅ​ពេលនេះ​ ​លោក​កំពុង​រង់ចាំ​ចម្លើយ​ជា​ផ្លូវការ​ពី​របប​លោក​ ហ៊ុន សែន ​ជុំវិញ​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។ លោក​ព្រមាន​ថា លោក​ត្រៀមខ្លួន​រួច​ជាស្រេច​ បន្ត​លាតត្រដាង​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​ទៀត​ ​ដែល​បាន​កើត​មាន​ក្នុង​របប​លោក​ ហ៊ុន ​សែន ​បន្ថែម​ពីលើ​ករណី​នាំចូល​មាស​នេះ។

ស្រប​ពេល​ដែល​សង្គម​ស៊ីវិល​ចង់​ឃើញ​របប​ក្រុង​ភ្នំពេញ​បង្ហាញ​ភស្តុតាង​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ករណី​នាំ​មាស​ចូល​ដល់​ទៅ​ ១៥ពាន់​លាន​ដុល្លារ​អាមេរិក​ពី​សិង្ហបុរី​នេះ​ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ​លោក អាឡិច ​ដែល​ជា​អ្នក​រក​ឃើញ​ករណី​នេះ​ ​ថ្លែង​ថា​ ​បើ​ទោះជា​លោក​កំពុង​រង់ចាំ​ចម្លើយ​ផ្លូវការ​ពី​របប​ក្រុង​ភ្នំពេញ​ដែល​នៅ​មិន​ទាន់​ហួស​ពេល​ក៏​ដោយ​ ​ក៏ប៉ុន្តែ​លោក​សង្ឃឹម​តិចតួច​ណាស់​ថា​ របប​នេះ​នឹង​ហ៊ាន​ចេញមុខ​បកស្រាយ​ការពិត​លើ​ការ​រក​ឃើញ​របស់​លោក៖ «ខ្ញុំ​សង្ឃឹម​តិច​ទេ​ដែល​រដ្ឋាភិបាល​ ​ឬ​របប​ម៉ាហ្វីយ៉ា​និយម​របស់​លោក​ ហ៊ុន សែន ​នឹង​រក​ដំណោះស្រាយ។ ប៉ុន្តែ​បើ​យើង​មើល​ជាទូទៅ​នៅ​ប្រទេស​ណា​ដែល​កាន់​នីតិរដ្ឋ​ពិតប្រាកដ​ហ្នឹង​ ​គឺ​ត្រូវតែ​មាន​នាយកដ្ឋាន​ឯករាជ្យ​ពី​រដ្ឋាភិបាល​ ​ដើម្បី​ត្រួតពិនិត្យ​ទៅលើ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ។ នៅ​កម្ពុជា​ ​មាន​ហើយ​ ​ប៉ុន្តែ​ជា​នាយកដ្ឋាន​មួយ​ ​អាច​ថា​ខ្មោច​ ​ខ្យល់​ ​នៅ​ក្រោម​ឱវាទ​របស់​ធនាគារ​ជាតិ​ ​ដែល​មាន​តួនាទី​ត្រួតពិនិត្យ​ការ​លាង​លុយ​កខ្វក់។ ប៉ុន្តែ​កន្លង​មក​តាំងពី​ឆ្នាំ២០០៨ ​មិន​បាន​ស៊ើបអង្កេត​រឿង​ណាមួយ​ទាល់តែសោះ​ ​ជាង ១០ឆ្នាំ​មក​ហើយ»។

លោក អាឡិច ​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​ទី១២ តុលា ​គឺ​ក្រោយពេល​អ្នកនាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​នៃ​របប​លោក​ ហ៊ុន សែន លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា របប​របស់​លោក​នឹង​មិន​មាន​ចំណាត់​ការ​ជាក់ស្ដែង​ណាមួយ​ឡើយ​លើ​ករណី​នេះ​ទេ​ ​ព្រោះ​លោក​ថា ការ​រក​ឃើញ​របស់​អង្គការ​មាតា​ធម្មជាតិ​នេះ​ ​គឺ​គ្រាន់តែ​ជា​ការចោទប្រកាន់​តែ​ប៉ុណ្ណោះ​ទៅ​លើ​ការដឹកនាំ​របស់​របប​ក្រុង​ភ្នំពេញ ខណៈ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក សៀង ថៃ​ អះអាង​ថា​ ​អាច​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​បន្ត ដោយ​លោក​បាន​ប្រៀបធៀប​ទៅ​ករណី​នាំ​ដំឡូង​មី​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ ហើយ​ភាគី​ថៃ​អាច​ធ្វើ​ការនាំចេញ​បន្ត​ទៅកាន់​ប្រទេស​ទីបី។ លោក អាឡិច ​ហៅ​ការ​បកស្រាយ​នេះ ថា​គឺជា​ការ​មើលងាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ថា​ជា​រឿង​គួរឲ្យ​អស់​សំណើច៖ «ហើយ​ទាក់ទង​នឹង​អ្វី​ដែល​អ្វី​ដែល​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយ​ហ្នឹង​ ​ខ្ញុំ​មិន​ចង់​មើលងាយ​គាត់​ទេ​។ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ​ចំណេះដឹង​របស់​គាត់​មាន​កម្រិត​ទាប​មែនទែន។ ​នាំចូល​មាស ​ឬ​ក៏​នាំចូល​របស់​ណាមួយ​គឺ​ត្រូវតែ​មាន​ការ​កត់ត្រា​ ​បើសិនជា​នាំចូល​ ​ដើម្បី​នាំចេញ​ត ​ក៏​ត្រូវតែ​កត់ត្រា​ ​ទាំង​នាំចូល​ផង​ ​ទាំង​នាំចេញ​ផង។ ​អ៊ីចឹង​ ​គួរឲ្យ​អស់​សំណើច ​ដែល​យក​មនុស្ស​អត់​មាន​ចំណេះដឹង​អី​ប៉ុន្មាន​មក​ធ្វើជា​អ្នកនាំពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម។ លើក​នេះ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​ ​គាត់​មក​ប្រៀបធៀប​ជាមួយ​នឹង​ដំឡូង​មី។ ​អា​ហ្នឹង​គឺ​ ​វា​មើលងាយ​ដល់​ប្រជាជន​ខ្មែរ​ ​ហើយ​ជា​រឿង​មួយ​ដូចជា​កំប្លុក​កំប្លែង​ ​ដូច​បាយឡុកបាយឡ​បាទ»។

បន្ថែម​ពីលើ​ការ​លើកឡើង​របស់​លោក អាឡិច នេះ​ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ចាត់​ទុក​ថា រាល់​ការ​រក​ឃើញ​ណាមួយ​ ​ដែល​ត្រូវ​បាន​បដិសេធ ​ឬ​ទាត់ចោល មិន​បើក​ការស៊ើបអង្កេត​ដោយ​ប្រទេស​ដែល​មាន​ការ​ពាក់ព័ន្ធ​ក្នុង​ការនាំចូល​នេះ​ ​គឺ​ជា​រឿង​គួរឲ្យ​សោកស្ដាយ និង​ជា​រឿង​អភព្វ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ៖ «ខ្ញុំ​គិត​ថា​ ​ជា​រឿង​មួយ​ដែល​គួរឲ្យ​សោកស្ដាយ​ ​ហើយ​ជា​រឿង​មួយ​ដែល​អភព្វ​ណាស់​ ​នៅ​ពេល​ដែល​យើង​ឮ​ថា​ ​គេ​មិន​រវីរវល់​នោះ​ ពីព្រោះ​រឿង​នេះ ជា​ទំហំ​នៃ​ទឹក​ប្រាក់​ដ៏​ធំធេង​មួយ​ ​នៅ​ក្នុង​ការ​នាំ​មាស​ចេញ​ពី​សិង្ហបុរី ហើយ​ប្រទេស​ទទួល​ច្បាស់​ណាស់​នឹង​មាន​ប្រយោជន៍​ពី​ការនាំចូល​មាស​ដ៏​សន្ធឹកសន្ធាប់​នេះ​តាមរយៈ​ការ​គិត​ពន្ធ​គយ»

លោក សន ជ័យ ពន្យល់​ថា ការ​មិន​ខ្ចី​រវីរវល់​បើក​ការស៊ើបអង្កេត​នេះ​ នាំឲ្យ​ប្រទេស​កម្ពុជា​អាច​ខាតបង់​ប្រយោជន៍​ពន្ធ​គយ ​ហើយ​ធ្វើឲ្យ​បទល្មើស​នេះ នឹង​បន្ត​កើន​ឡើង​ថែមទៀត កាន់តែ​ធំ​ជាង​លើក​មុន​ៗ។ លោក​នៅ​តែ​មាន​មន្ទិល​ថា កម្រិត​នៃ​ការរំលោភ​អំណាច​ក្នុង​បទល្មើស​នេះ​ ​អាច​មាន​សភាព​ធំធេង។

បន្ថែម​ពីលើ​នេះ​ លោក អាឡិច ​សង្កត់ធ្ងន់​ថា​ ​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​នេះ​ ​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ។ លោក​បាន​ប្រៀបធៀប​ថា ជាមួយ​នឹង​ទឹក​ប្រាក់​ដ៏​មហាសាល​នេះ​ ​គេ​អាច​យក​ទៅ​ជួយ​ផ្គត់ផ្គង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​រហូតដល់​ជាង​ ៣៥០ ​ឆ្នាំ​ឯណោះ។ ​លោក​បញ្ជាក់​ថា នៅ​ប្រទេស​ភាគ​ច្រើន​ ​មាន​ការ​យក​ពន្ធ​ខ្ពស់​ពី​ការ​នាំចូល​មាស​ពី​បរទេស​ ​គឺ​ក្នុង​រង្វង់​ពី​ ៥ ​ទៅ​ ១០ ​ភាគរយ​ ​ហើយ​ប្រសិនបើ​ប្រទេស​កម្ពុជា​យក​ពន្ធ​ទៅលើ​ការនាំចូល​មាស​ ត្រឹមតែ ១០ ភាគរយ​ ​នោះ​កម្ពុជា​អាច​រក​បាន​ចំណូល​ពី​ការនាំចូល​មាស​នេះ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ក៏ប៉ុន្តែ​ ​លោក​ថា​ របប​លោក​ ហ៊ុន សែន ​មិន​ត្រឹមតែ​មិន​កត់ត្រា​តួលេខ​នាំចូល​មាស​នោះ​ទេ​ ​តែ​ថែមទាំង​មិន​តម្រូវឲ្យ​បង់​ពន្ធ​ទៀត​ផង ដោយ​គ្រាន់តែ​មាន​អាជ្ញាប័ណ្ណ​ជា​ការ​ស្រេច។ ​លោក អាឡិច ​ក៏​បាន​បង្ហើប​ផង​ដែរ​ថា​ ករណី​នេះ​ ​អាច​មាន​ជាប់​ព័ន្ធ​នឹង​បុគ្គល​អ្នក​មាន​អំណាច​មួយ​ចំនួន​ទាំង​ក្នុង​របប​លោក​ ហ៊ុន ​សែន ​និង​ទាំង​ក្នុង​វិស័យ​ឯកជន៖ «សំខាន់​បំផុត​ខ្ញុំ​ថា អ្នក​ដែល​ពាក់ព័ន្ធ​ធំ​ជាង​គេ​ ​គឺ​មិន​មែន​ក្រុមហ៊ុន​ឯកជន​ទេ ​គឺ​រដ្ឋអំណាច​តែម្ដង​ ព្រោះ​ជា​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ដែល​រដ្ឋអំណាច​បាន​រៀបចំ»។

លោក អាឡិច ព្រមាន​ថា លោក​នឹង​បន្ត​លាតត្រដាង​បន្ថែម​ទៀត​នា​ពេល​ឆាប់​ៗ​ខាងមុខ​នេះ ដែល​មិន​មែន​មាន​តែ​វិស័យ​នាំចូល​មាស​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ​គឺ​អាច​ពាក់ព័ន្ធ​នឹង​របរ​នាំចេញ​នាំចូល​ក្នុង​វិស័យ​ដទៃ​ទៀត។ លោក​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​ពី​គ្រប់​មជ្ឈដ្ឋាន​ ត្រូវ​មាន​ភាព​ក្លាហាន​ ហ៊ាន​និយាយ និង​ចូលរួម​ឲ្យបាន​កាន់តែ​សកម្ម ​លើ​ការស៊ើបអង្កេត​លើ​ករណី​ទាំងនេះ និង​ករណី​ផ្សេង​ៗ​ទៀត ទាក់ទង​នឹង​រឿង​អំពើ​ពុករលួយ​ប្រព្រឹត្តិ​ដោយ​រដ្ឋអំណាច ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​កម្ពុជា​ទាំងមូល៕

No comments: