September 22, 2018

មេ​បញ្ជាការ​កងពល​ចំនួន​៥​​លាលែង​ពី​តំណែង ក្រោយពី​កងពល​ទាំងនោះ​ត្រូវ​ដាក់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ហ៊ុន ម៉ាណែត

រូបឯកសារ៖ លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ​​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ ចូល​រួម​នៅ​ក្នុង​​លំហាត់​សមយុទ្ធ​«ឆ្មាំ​អង្គរ​២០១៤‍» ជាមួយ​យោធា​សហរដ្ឋ​អាមេរិក នៅ​មេបញ្ជាការដ្ឋាន​រថពាស​ដែក​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។

កាន់ វិច្ឆិកា | VOA Khmer, 20 កញ្ញា 2018

ក្រោយ​ការ​ផ្ទេរ​​​កងពល​ចំនួន៥​ឲ្យ​ស្ថិត​ក្រោម​ចំណុះ​គ្រប់គ្រង​ផ្ទាល់​របស់​បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​គោក​ ​ដែល​មាន​លោក​ហ៊ុន ម៉ាណែត​ ជា​អ្នក​ដឹកនាំ​​​កាល​ពី​សប្តាហ៍​កន្លង​ទៅ​​នោះ​ មន្ត្រី​យោធា​ជាន់​ខ្ពស់​៥រូប​ ​ដែល​ជា​មេបញ្ជា​ការ​កងពល​ទាំង​៥​ ​និង​ជា​នាយរង​សេនាធិការ​ចម្រុះ​ ​បាន​សុំ​លាលែង​ចេញ​ពី​តំណែង​ជា​​នាយរង​សេនាធិការ​ចម្រុះ។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អះអាង​ថា​ ​ការ​លា​លែង​របស់​មេ​បញ្ជាការ​ទាំង​៥ គឺ​ធ្វើ​​​ឡើង​ទៅ​តាម​គោល​ការណ៍​ថ្មី​​របស់​​ក្រសួង​ ​ដែល​តម្រូវ​ឲ្យ​ពួកគេ​​មាន​តួនាទី​តែ​មួយ។

ភ្នំពេញ — មន្ត្រី​យោធា​ជាន់​ខ្ពស់​៥រូប​បាន​ស្នើ​សុំ​លាលែង​ចេញ​ពី​តំណែង​ជានាយរង​សេនាធិការ​ចម្រុះ​ ប៉ុន្តែ​នៅកាន់​តួនាទី​ជា​មេ​បញ្ជាការ​នៃ​កង​ពល​ដូចដើម ក្រោយ​ពី​កងពល​សំខាន់ៗ​ចំនួន​៥​ដែល​ពួក​គេ​គ្រប់គ្រង​ ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​លោកហ៊ុន ម៉ាណែត​ ​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ ​គ្រប់គ្រង​ជំនួស​វិញ។​

ឧត្តម​សេនីយ៍​ឯកទាំង​ប្រាំ​រូបនោះ​ មាន​ដូច​ជាលោក​ ស្រី ឌឹក​ ​មេ​បញ្ជាការ​កងពល​ធំ​លេខ​៣​ លោកកែវ ធី​ ​មេ​បញ្ជាការ​កងពល​ធំ​លេខ២​ ​លោក​ចាប ភក្តី​ ​មេ​បញ្ជាការ​កងពល​តូច​ទ័ព​ឆ័ត្រ​យោង​ពិសេស​លេខ​៩១១​ ​លោក​ព្រហ្ម ផេង​ ​មេ​បញ្ជាការ​កងពល​តូច​អន្តរាគមន៍​លេខ​១​ ​និង​លោក​ម៉ៅ សុផាន់​ ​មេ​បញ្ជាការ​កងពល​តូច​ថ្មើរ​ជើង​លេខ​៧០។​ ​នេះ​បើ​យោង​តាម​លិខិត​លាលែងមួយ​ច្បាប់ ​ចុះ​ថ្ងៃ​ទី​១៤​ ​ខែ​កញ្ញា​ឆ្នាំ​២០១៨​ ​ផ្ញើរ​ជូន​អគ្គ​មេ​បញ្ជាការ​រង​ ​មេ​បញ្ជាការ​ ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក។​

លិខិត​លាលែងដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ហត្ថលេខា​ ​និង​ឈ្មោះរបស់​ឧត្ដម​សេនីយ៍ឯក​ទាំង​៥​រូប​ ​ដោយ​បញ្ជាក់​ពី​កម្មវត្ថុ​ថា​ ​ឧត្តម​សេនីយ៍​ឯក​ទាំង​ប្រាំសុំ​លាលែង​ចេញ​ពី​មុខ​ងារ​នាយរង​សេនាធិការ​ចម្រុះ​ ​ប៉ុន្តែ​ពួកគេ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ស្នើ​សុំ​លា​លែងពី​តំណែង​ជា​នាយ​រង​ ​នៅ​សេនាធិការ​ចម្រុះ​កង​ទ័ព​នោះ​ទេ។​

លោកឈុំ សុជាតិ​ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ ​ការ​លា​លែងចេញ​ពី​តំណែង​នាយរងសេនាធិការ​ចម្រុះ​របស់​ឧត្តម​សេនីយ៍​ឯក​ទាំង​ប្រាំ​រូប​ ​ធ្វើ​ឡើង​ទៅ​តាម​គោល​ការណ៍​ថ្មីរបស់ក្រសួង​ ​ដែល​តម្រូវ​ឲ្យពួកគេមាន​តួនាទី​ ​ឬ​តំណែង​តែមួយ។​ ​លោក​បន្ថែម​ថា​ ​ក្រោយ​ការ​លាលែង​ចេញ​ពី​តំណែង​នាយរង​សេនាធិការ​ចម្រុះ ​ឧត្តម​សេនីយ៍​ឯកទាំង​ប្រាំនៅ​តែ​ជា​មេ​បញ្ជា​ការកង​ពល​ទាំង​នោះ​ដដែល​ ប៉ុន្តែ​គ្រាន់តែ​ត្រូវ​ស្ថិត​ក្រោម​បញ្ជា​របស់​លោកហ៊ុន ម៉ាណែត។​

លោក​បញ្ជាក់​ថា៖​

«កន្លង​មក​កង​ពល​ហ្នឹង​ជា​នាយ​សេនាធិការ​ចម្រុះ ​វា​ស្ថិត​ក្រោម​ការ​ដឹកនាំ​បញ្ជា​របស់​សេនា​ធិការ​ចម្រុះ​ ​ឧត្តម​សេនីយ៍គន់ គីម ពីដើម។​ ​អ៊ីចឹង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​ផង​ ជាប្រធាន​កងពល​ផង។​ អ៊ីចឹង​ដល់​ពេល​ឯកឧត្តមគន់ គីម​ ​គាត់​ចេញ​ផុត​ទៅ​ ​ឯកឧត្តម​ហ៊ុន ម៉ាណែត​ ​គាត់​មក​កាន់ ​យើង​មាន​ការ​ប្រែ​ប្រួល​ថា ​ឥឡូវ​យើង​កុំ​ឲ្យ​វាពិបាក​ចាត់​តាំង​រចនា​សម្ព័ន្ធ​ ការ​បញ្ជា​ពេក​ ​អ៊ីចឹង​រើ​កង​ពល​ធំ​ទាំងអស់​ក្រោម​ការ​ដឹកនាំ​របស់​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោកតែ​មួយ​ទៅ​ យើង​វា​ស្រួល​ធ្វើ​ការ​ ដឹកនាំ​បញ្ជាវា​ខ្លី ​ឲ្យ​ការ​បញ្ជា​រហ័ស​ទាន់​ចិត្ត»។​

លោក​ឈុំ សុជាតិ​ បន្ថែម​ថា​ ​គោល​ការណ៍​ថ្មី​ដែល​បញ្ជាក់​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិដែល​តម្រូវឲ្យ​មេ​បញ្ជាការ​ទាំង​នោះ​មាន​តួនាទី​តែមួយ​ មិន​ទាន់​មាន​ជាលិខិត​ ​ឬ​ឯកសារ​ជាក់លាក់​នៅឡើយ​ ​ចំណែក​ការប្រកាស​ពី​ការ​ផ្ទេរ​តំណែង​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ពេល​ខាងមុខ​ ​ប៉ុន្តែ​លោក​ថា​ ​មិនទាន់​កំណត់​ពី​ពេល​វេលា​ជាក់​លាក់​នោះ​ទេ។​

កាលពី​ថ្ងៃ​ទី៦ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨​ លោក​ទៀ បាញ់​ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​សម្រេច​ផ្ទេរ​កងពល​ចំនួន​៥ឲ្យ​ទៅ​ស្ថិត​ក្រោម​ចំណុះ​គ្រប់គ្រង​ផ្ទាល់​របស់​បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​គោក ដែល​មាន​លោក​ហ៊ុន ម៉ាណែត ​ជា​មេ​បញ្ជាការ។

កងពល​ទាំង​៥​នោះ​ ​រួម​មាន​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ ​កងពល​ធំ​អន្តរាគមន៍​លេខ​៣​ ​កង​ពល​តូច​អន្តរាគមន៍​លេខ១​ ​កងពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​ ​និង​កង​ពល​តូច​លេខ​៧០។​

ការ​សម្រេច​ផ្ទេរ​កង​ពល​ទាំង​នេះ​ធ្វើ​ឡើងក្នុង​ថ្ងៃតែមួយដែល​លោក​ហ៊ុន ម៉ាណែត​ ​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ ​ត្រូវ​បាន​តែងតាំង​ជា​មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក​ ​មាន​ន័យ​ថា​ ​លោក​ហ៊ុន ម៉ាណែត​ ត្រូវ​គ្រប់គ្រង​កងពល​ទាំង​អស់​នោះ​ដោយ​ផ្ទាល់។

VOA​ ​បាន​ព្យាយាម​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​ម៉ៅ សុផាន់ ​លោកស្រី ឌឹក​ ​និង​លោក​ចាប ភក្តី ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​មិន​អាច​ទាក់ទង​បាន​នៅ​ឡើយ។​

លោក​មាស នី​ ​អ្នកសិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ ​និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​កងពល និង​ការ​លាលែង​របស់​មេបញ្ជា​ការ​កងពល​ទាំង​៥រូប​នោះ​ទេ។

​យ៉ាង​ណា​ក្តី​ លោកមាស នី​ បាន​ដាក់​ចម្ងល់​ទៅ​លើ​លិខិត​លាលែង​មួយ​សន្លឹក ​ដែល​ធ្វើ​ដោយ​មេ​បញ្ជា​ការ​ទាំង​ប្រាំ​ ​ក្នុង​ពេល​តែមួយ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«កាល​ណា​លាលែង​រួមគ្នា​ ​វា​ខុស​គ្នា​ពី​ធ្វើ​លិខិត​លាលែង​ជា​ផ្លូវ​ការ​ម្តង​មួយៗ​រៀងៗ​ខ្លួន ​ហើយ​ការ​លា​លែង​ហ្នឹង​ត្រូវ​មាន​ការ​បញ្ជាក់​មូលហេតុ​ផង​ដែរ ​ដល់​ក្នុង​នេះ​ វា​អត់មាន​បាន​បញ្ជាក់​មូលហេតុ​អីទេ។ ​អ៊ីចឹង​ វា​ចោទ​ជា​សំណួរ​មួយថា​ តើ​ការ​លាលែង​នេះ​ ​វា​ជា​ការ​លា​លែង​ដោយ​សុទ្ធ​តែ​ចិត្ត​ ​ឬ​ក៏​ការ​លា​លែង​ដោយ​ហេតុ​ផល​ណាមួយ​ផ្សេងទៀត ​ដែល​យើង​មិនអាច​និយាយ​បាន»។​

លោក​ហ៊ុន ម៉ាណែត​ ​កូនប្រុស​ច្បង​ដ៏​លេចធ្លោ​ក្នុង​ចំណោម​កូន​ប្រុស​ទាំង​បី​រូប​ក្នុង​គ្រួសារ​របស់​នាយករដ្ឋមន្រ្តី​ខ្មែរ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​មកហើយ ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​មើល​ឃើញ​ថា កំពុង​ទទួល​ការ​បណ្តុះ​បណ្តាល​ដើម្បី​បន្ត​តំណែង​ពី​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ​ដែល​ជា​ឪពុក៕

2 comments:

Kohtral said...


"ប៉ុន្តែ​ពួកគេ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ស្នើ​សុំ​លា​លែងពី​តំណែង​ជា​នាយ​រង​ ​នៅ​សេនាធិការ​ចម្រុះ​កង​ទ័ព​នោះ​ទេ។​"

-------------

មូល​ហេតុគឺ ហ៊ុនសែន ដកចោលដូចកូនស្ពៃ។

Sod Sad said...

Special dedication to School of Vice at the Gobi desert mission!

ហ្កូប៊ី[Gobi]វាលខ្សាច់បែងចែកបេះដូង មិត្តពីដំបូងច្រូងច្រាងចំរាស
ស្គាល់មិនប្រាកដស្គាល់គ្នាមិនច្បាស់ ​​​​ តែមិនគិតផ្លាស់ក្រាស់ស្ដើងជាមិត្ត!

ពេលដល់ឃ្លាតបែកក្លែងផ្លែកផ្លាស់យល់ ហ្កូប៊ី[Gobi]ច្របល់ច្របូកមិនពិត
ទុកនៅជាគ្នាជាមិត្តជិតស្និទ្ធ សុខកាយសុខចិត្តជឿជួយជាតិយើង។

ហ្កូប៊ី[Gobi]វាលខ្សាច់កុំខ្សោះកុំខ្សោយ បណ្ដែតបណ្ដោយធ្លោយថ្លោះច្រោះបុើង
ត្រជាក់ក្ដៅជ្រុលពិសពុលមានឡើង រហូតជារឿងហ្កូប៊ី[Gobi]វាលខ្សាច់?

វិលវិញវិលរួចពេលវិលវិញបាន សំរាកកំសាន្តប្រាណបានស្រួលស្រេច
ជូបគ្នាជាថ្មីថ្វីបើបើកធ្មេច ជួបមួយពព្រិចវាលខ្សាច់ ហ្កូប៊ី[Gobi]!!!

សុទ្ធ សាធ