August 15, 2018

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​ចាប់ផ្ដើម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ខ្នាត​តូច​ចំពោះ​សកម្មជន​បក្ស​កាន់​អំណាច

តាំង សារ៉ាដា RFA 2018-08-14

ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក​ជាច្រើន​បាន​ចាប់ផ្ដើម​នាំ​គ្នា​ដាក់​ទណ្ឌកម្ម​តាមរយៈ​ការ​ធ្វើ​ពហិការ​លើ​អាជីវកម្ម​ទាំងឡាយ​ណា ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន។ ពួកគេ​អះអាង​ថា យុទ្ធសាស្ត្រ​នេះ​គឺជា​សម្ពាធ​សេដ្ឋកិច្ច​ខ្នាត​តូច មួយ​ទៀត​ដែល​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ ស្ដារ​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​ឡើងវិញ។

ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​បោះពួយ​បង្កើត​ច្បាប់​ដើម្បី​ដាក់ទណ្ឌកម្ម​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​នោះ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ឯណេះ បាន​នាំគ្នា​ចាប់ផ្ដើម​ធ្វើ​ពហិការ​ការ​មិន​គាំទ្រ​មុខ​ជំនួញ ឬ​អាជីវកម្ម ទាំងឡាយ​ណា​ដែល​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ​មាន​និន្នាការ​គាំទ្រ ឬ​ជា​សកម្មជន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង​ហ្វីឡាដែលហ្វា (Philadelphia) នៃ​រដ្ឋផែនស៊ីលវែនញ៉ា (Pennsylvania) សហរដ្ឋអាមេរិក លោក ណាំ អែម បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ក្រុម​របស់​លោក​បាន​នាំ​គ្នា​ធ្វើ​ពហិការ​មិន​ចូល​បរិភោគ​នៅ​តាម​ភោជនីយដ្ឋាន​ណា​ដែល​ម្ចាស់​ភោជនីយដ្ឋាន​នោះ​ជា​សកម្មជន​របស់​គណ​បក្ស​កាន់អំណាច​នោះ​ឡើយ។

លោក​បាន​បង្ហាញ​ឈ្មោះ​អាជីវកម្ម​ទាំងនោះ​ដោយ​ចំៗ​ថា ភោជនីយដ្ឋាន ដែល​លោក​បាន​ធ្វើ​ពហិការ​ទាំង​នោះ​រួមមាន ភោជនីយដ្ឋាន I Heart Cambodia ហាង​លក់​ម្ហូប Chinese Food Carry Out និង​ក្រុមហ៊ុន​ទេសចរ​វិមានអាកាស​ជាដើម។ «»

លោក ណាំ អែម អះអាង​ថា លោក​នឹង​កៀរគរ​មនុស្ស​ជាច្រើន​ឲ្យ​នាំ​គ្នា ធ្វើ​ពហិការ​ចូល​ទិញ​ទំនិញ ឬ​បរិភោគ​ម្ហូបអាហារ​នៅ​តាម​ហាង ទាំងនោះ​ទៀត​ឡើយ។

ចំណែក​លោក អ៊ូ ថុល ដែល​ជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​មាសាឈូសេត (Massachusetts) អះអាង​ថា ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង ដែល​លោក​កំពុង​រស់នៅ​នេះ​បាន​ចាប់ផ្ដើម​ចេញដំណើរ​ធ្វើ​ពហិការ រាល់​អាជីវកម្ម ឬ​ពាណិជ្ជកម្ម​ទាំងឡាយ​ដែល​កំពុង​គាំទ្រ​យ៉ាង​គគ្រឹកគគ្រេង​ដល់​របប​ក្រុងភ្នំពេញ។ «»

លោក​បន្ត​ថា​អាជីវកម្ម​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ឡូវែល ដែល​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​កំពុង​នាំគ្នា​គាំទ្រ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន នោះ រួមមាន​ហាង​សម្ផស៍ ផ្សារ​លក់ទំនិញ ភោជនីយដ្ឋាន និង​មាន​ហាង​ជាច្រើន​ទៀត។

លោក ថុល អ៊ូ បញ្ជាក់​ថា មូលហេតុ​ដែល​មាន​អាជីវកម្ម​ជាច្រើន​កំពុង​គាំទ្រ​ដល់​គោលនយោបាយ​នៃ​របប​លោក ហ៊ុន សែន នោះ​ដោយ​សារ​អាជីវកម្ម​ខ្លះ មានការ​ចូល​ហ៊ុន​ដោយ​លោក ហ៊ុន ម៉ាណែត ថែមទៀត។ «»​

អាជីវកម្ម​ដែល​មាន​និន្នាការ​គាំទ្រ​ដល់​របប​លោក ហ៊ុន សែន មិនមែន មានតែ​នៅក្នុង​ទីក្រុង​ហ្វីឡាឌែលហ្វា (Philadelphia) នៃ​រដ្ឋ​ភែនស៊ីលវែនញ៉ា ឬ​នៅ​ទីក្រុង​ឡូវែល (Lowell) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាជីវកម្ម​ដែល​មាន​ខ្នងបង្អែក​ដោយ​បក្ស​កាន់អំណាច​នៅ​កម្ពុជា ប្រភេទ​នេះ ក៏​មាន​នៅ​តាម​រដ្ឋ កាលីហ្វ័រញ៉ា រដ្ឋ​វ៉ាស៊ីនតោន រដ្ឋ​មីនីសូតា និង​នៅ​តាម​បណ្ដា​រដ្ឋ​ជាច្រើន​ទៀត​ដែរ។

ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ក្នុង​សហរដ្ឋអាមេរិក​បាន​ត្អូញត្អែរ​ថា ក្រុម​អាជីវករ ដែល​ជា​បណ្ដាញ ឬ​សែស្រឡាយ​របស់​ក្រុម​អ្នកកាន់អំណាច​នៅ​កម្ពុជា កំពុង​រកស៊ី​យ៉ាង​សុខសាន្ត​ក្នុង​សហរដ្ឋអាមេរិក ហើយ​ប្រមូល​លុយ​ពី​អាមេរិក​ដើម្បី​ទៅ​ជួយ​របប​មួយ​ដែល​ពួកគេ​ចាត់ទុកថា ជា​របប​ផ្ដាច់ការ និង​ជា​របប​មួយ​ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា។

អ្នកវិភាគ​ផ្នែក​គោលនយោបាយ របស់​អង្គការ​កេរ្តិ៍​ដំណែល​ពិភពលោក (Heritage Foundation) ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី Washington អ្នកស្រី អូលីវវា អ៊េននុស (Olivio Enos) ធ្លាប់​បាន​ជំរុញ ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ប្រើប្រាស់​ច្បាប់​ក្លូបបល មែកនីតស្គី ដែល​ជា​ច្បាប់​មួយ​មាន​វិសាលភាព​ចាត់ការ​ទៅលើ​គ្រួសារ​សែស្រឡាយ និង​មនុស្ស​ជំនិត​របស់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​នោះ ដើម្បី ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋាការ​លើ​របប​លោក ហ៊ុន សែន តែម្ដង។

ការិយាល័យ​ស្រង់​ស្ថិតិ​របស់​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១០ បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ខ្មែរ​ជាង​៣​សែន នាក់ កំពុង​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក។ ប៉ុន្តែ​ចំនួន​ក្រៅផ្លូវការ​អាច​មាន លើស​ពី​នេះ​ទៅទៀត។

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​យុទ្ធនាការ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក ដែល​ពហិការ​មិន​ទិញ​ទំនិញ ឬ​គាំទ្រ​អាជីវកម្ម​របស់​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សហរដ្ឋអាមេរិក​នោះ ប្រធាន​ចលនា សង្គ្រោះជាតិ និង​ជា​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​គាំទ្រ​ចំពោះ​ការ​សម្រេចចិត្ត​របស់​ពួកគេ។

លោក​បន្ត​ថា ដល់ពេល​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​នាំគ្នា​ខ្ទប់​ដង្ហើម សេដ្ឋកិច្ច​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​គ្រប់​វិធី​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ដាក់​សម្ពាធ​ដល់​របប​លោក ហ៊ុន សែន ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ ដោះលែង​រាល់​អ្នក​ទោស​នយោបាយ ហើយ​បញ្ឈប់​រាល់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ។

ជាង​ទៅទៀត​លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋ អាមេរិក​នាំគ្នា​ប្ដឹង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដើម្បី​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំងឡាយ​ណា​ដែល​ក្បត់​លទ្ធិប្រជាធិបតេយ្យ និង​គោលនយោបាយ​របស់​អាមេរិក​ទៅ​ចុះចូល​ជាមួយ​របប​ផ្ដាច់ការ ឬ​របប​កុម្មុយនិស្ត​ជាដើម​នោះ។ «»

កាលពីដើម​ខែ​មិថុនា ឆ្នាំ​២០១៨ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចាប់ផ្ដើម​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ដក​សញ្ជាតិ អាមេរិកាំង ពី​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ជាតិ​សាសន៍​ផ្សេង​ទាំងឡាយ​ដែល​បាន​បោកប្រាស់ ឬ​ភូត​កុហក ក្នុង​ការ​ស្បថ​ចូល​ជា​សញ្ជាតិ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ។

ការ​ដក​សញ្ជាតិ​អាមេរិកាំង​ពី​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ផ្សេង​ជា ករណី​ដ៏​កម្រ​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ករណី​នេះ​ធ្លាប់​កើត​មាន​ខ្លះ រួច​មក​ហើយ ដោយសារ​ជន​នោះ​បាន​កុហក ឬ​បោកប្រាស់​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង។

សា​ព័ត៌មាន AP បាន​ដកស្រង់​សំដី​នាយក​សេវាកម្ម​អន្តោប្រវេសន្ត និង​សញ្ជាតិ​របស់​សហរដ្ឋអាមេរិក លោក លី ហ្វ្រែនស៊ីស ស៊ីសស្នា (Lee Francis Cissna) ចុះផ្សាយ​កាលពី​ខែ​មិថុនា​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩០ មក​ក្រសួង យុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក​បាន​ប្ដឹង​ឲ្យ​មាន​ការ​ដក​សញ្ជាតិ​អាមេរិក​ពី​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ជាតិ​សាសន៍​ផ្សេង ជាង ៣​រយ​ករណី​ហើយ។

លោក​បន្ត​ថា ភ្នាក់ងារ​របស់​លោក​បាន​ជួល​មេធាវី និង​មន្ត្រី​អន្តោប្រវេសន៍ រាប់​សិប​នាក់​ដើម្បី​ពិនិត្យមើល​ករណី​ដែល​សង្ស័យ​ថា មាន​ការ​លួច​បន្លំ។

កន្លងមក​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​អាមេរិកាំង ខ្លះ​មក​ហើយ​ចំពោះ​អ្នក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​របប​របស់ ណាស៊ីស អ៊ីធ្លែរ និង​ជនសង្ស័យ​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​ចំនួន ដែល​បាន​ភៀសខ្លួន​មកដល់​សហរដ្ឋអាមេរិក គេច​ពី​ការ​ផ្ដន្ទាទោស ចំពោះ​មុខ​ច្បាប់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក​នាំគ្នា​កំណត់​អត្តសញ្ញាណ ឬ​ស៊ើបអង្កេត​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ទាំងឡាយ​ណា​ដែល​នាំគ្នា បម្រើ​ដល់​គោលនយោបាយ​របស់​គណបក្សប្រជាជន​កម្ពុជា ដែល​លោក​ចាត់ទុកថា​ជា​គណបក្ស​មាន​រដ្ឋាភិបាល​កុម្មុយនិស្ត​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ ដាក់​ទៅ​ក្រសួងយុត្តិធម៌​អាមេរិក​ដើម្បី ឲ្យ​អាមេរិក​ចាត់វិធានការ​ដក​សញ្ជាតិ​អ្នក​ទាំងនោះ​មកវិញ។

ទាក់​នឹង​ការ​ធ្វើ​ពហិការ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក មិន​ទិញ​ទំនិញ លក់​ដោយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ប្រតិកម្ម​ពី​ម្ចាស់​ហាង​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​នៅឡើយ​ទេ៕

No comments: