June 17, 2018

សម្តេចក្រុមព្រះជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រៃនប់, សម្តេចក្រុមព្រះ និងអ្នកម្នាងរងរបួសធ្ងន់



(ព្រះសីហនុ)៖ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L-9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ដោយបើកលឿន និងវ៉ាជែងរថយន្តនៅពីមុខ តែវ៉ាមិនផុត ក៏វ៉ាក់អើ ហើយរេចង្កូតបុកចូលព្រះទីនាំងរបស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគីរថយន្តឈ្នួលហាយលែនឌើរងរបួស៥នាក់ផងដែរ។ អ្នកម្នាង អ៊ុក ផល្លា និងសម្តេចក្រុមព្រះ កំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរ ហើយកាលនោះអ្នកម្នាង ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ ៕







No comments: