June 20, 2018

ជន​សង្ស័យ​ដែល​បើក​បុក​រថយន្ត​សម្ដេច​ក្រុមព្រះ​ត្រូវ​ចៅក្រម​សម្រេច​ឃុំ​ខ្លួន​ទាំង​សន្លប់

ស្ថានភាព​រថយន្ត​​ខូច​ខាត ពេល​ដែល​អ្នក​ម្នាង អ៊ុក ផល្លា និង​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ ២០១៨។ រូប​ពី​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

ដោយ អាស៊ីសេរី RFA 2018-06-19  

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ឃុំខ្លួន​អ្នក​បើកបរ រថយន្ត​តាក់ស៊ី ឈ្មោះ ម៉ិល សារ៉េត ដែល​គេ​សង្ស័យ​ថា ជា​អ្នក​បើក​រថយន្ត​បុក​ព្រះទីនាំង​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បណ្ដាល​ឲ្យ អ្នកម្នាង អ៊ុក ផល្លា ដែល​ស្ថិត​ក្នុង​រថយន្ត​ជាមួយគ្នា​បាត់បង់​ជីវិត ហើយ​ទ្រង់​រណឫទ្ធិ រង​របួស​ធ្ងន់។

ដីកា​ឃុំខ្លួន​នោះ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​លោក ប្លុង វិសាល កាលពី​ថ្ងៃ​ទី​១៨ ខែ មិថុនា។

ដីកា​ដដែល បាន​ចោទប្រកាន់​អ្នក​បើក​រថយន្ត លោក ម៉ិល សារ៉េត អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​លេខ១ ក្រុង​-​ខេត្ត​ព្រះសីហនុ ពី​បទ​បើកបរ​បណ្ដាល​ឲ្យ​របួស និង​ស្លាប់​អ្នកដទៃ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា អ្នក​បើក​រថយន្ត​រូប​នោះ ក៏​រង​របួស​ដែរ ហើយ​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ក្រោយ​កើតហេតុ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​យក​ចេញ​ពី​មន្ទីរពេទ្យ ទៅ​បង្ហាញខ្លួន​នៅ​តុលាការ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី១៨ មិថុនា ពេលនោះ​តុលាការ​ក៏​ចេញ​ដីកា​ឃុំ​ខ្លួន​តែម្ដង។

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញេប ប៊ុនជិន មាន​ប្រសាសន៍ កាលពី​រសៀល​ថ្ងៃ​ទី​១៨​មិថុនា ថា ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ដោយសារ​សមាជិក​គណបក្ស​ចង់​ឲ្យ​របួស​របស់​ព្រះអង្គ​បាន​ធូរស្រាល​ឆាប់​រហ័ស។

ទោះជា​យ៉ាងណា លោក ញេប ប៊ុនជិន ទទូច​ឲ្យ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​លើ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​រក​យុត្តិធម៌​ដល់​សម្ដេចក្រុមព្រះ និង​ជនរងគ្រោះ។

លោក ញេប ប៊ុនជិន បន្ត​ថា ចំពោះ​សព​អ្នកម្នាង អ៊ុក ផល្លា វិញ គឺ​បាន​បង្កើត​អ្នក​គណៈកម្មការ​បុណ្យ​ធ្វើ​បុណ្យ​សព ដោយ​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្តបទុមវតី ចាប់ពី​ថ្ងៃ​ទី​១៨ រហូតដល់ ២០ មិថុនា ហើយ​នឹង​បូជាសព​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា តែម្ដង។ លោក ញេប ប៊ុនជិន អះអាង​ទៀត​ថា រហូត​មក​ពេល​ពេលនេះ​មិន​ទាន់​មាន​ស្ថាប័ន​ណា​ចូល​លុយ​ដើម្បី​ធ្វើបុណ្យ​នៅឡើយ​ទេ។

អ្នកម្នាង អ៊ុក ផល្លា ទទួល​អនិច្ចកម្ម នៅ​ម៉ោង​១២​ថ្ងៃត្រង់ ក្រោយ​ពី​គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា គឺ​បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ៕

No comments: