March 14, 2018

អ្នកស្រី រ៉ូណា ស្មីត ព្រួយបារម្ភ​អំពី​ប្រព័ន្ធ​ដឹកនាំ​បែប​ឯក​បក្ស​នៅ​កម្ពុជា

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA

ដោយ មួង ណារ៉េត RFA 2018-03-13

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ប្រព័ន្ធ​ការ​អនុវត្ត​ប្រព័ន្ធ​ឯក​បក្ស​នៅ​កម្ពុជា។ អ្នកស្រី​បញ្ជាក់​ថា វា​ជា​តួនាទី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) ដែល​ត្រូវ​ធានា​អំពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​កម្ពុជា។

អ្នកស្រី រ៉ូណា ស្មីត ថ្លែង​បែបនេះ ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ព្រឹក​ថ្ងៃទី១៣ មីនា នេះ។

អ្នកស្រី រ៉​ណា ស្ម​ត ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប នឹង​មន្ត្រី​គ.ជ.ប​ថា វា​ជា​រឿង​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ ប្រសិនបើ​កម្ពុជា​អនុវត្ត​របប​ដឹកនាំ​បែបនេះ​មែន​នោះ ព្រោះ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មាន​ចែង​ច្បាស់​អំពី​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស។ អ្នកស្រី​បន្ត​ថា ការចូលរួម​របស់​គណបក្ស​ប្រឆាំង គឺជា​រឿង​ចាំបាច់​មិន​អាច​ខ្វះ​បាន​នៅ​គ្រប់​ការ​បោះឆ្នោត​ទាំងអស់ ដូច្នេះ​វា​ជា​សំណួរ​ដែល​ត្រូវ​ចោទសួរ​ទៅ គ.ជ.ប អំពី​រឿង​នេះ។

អ្នកស្រី​បញ្ជាក់​តាមរយៈ​អ្នកបកប្រែ​ថា គ.ជ.ប មាន​តួនាទី​សំខាន់​ក្នុង​ការ​ធានា​ថា គ្រប់​គណបក្ស​នយោបាយ និង​បេក្ខជន​ទាំងអស់ នឹង​អាច​ចូលរួម​ប្រកួតប្រជែង​ដោយ​សេរី និង​ស្មើភាព​គ្នា នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាងមុខ ឱ្យ​ដូច​ទៅ​នឹង​អ្វី​ដែល គ.ជ.ប បាន​ធ្វើ​នៅ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាលពី​ឆ្នាំ​២០១៧ យ៉ាង​ដូច្នោះ​ដែរ។ «»

ការ​ព្រួយបារម្ភ​អំពី​ការដឹកនាំ​តាម​ប្រព័ន្ធ​បក្ស​តែមួយ និង​ការ​ក្រើន​រំលឹក​អំពី​តួនាទី​របស់​គ.ជ.ប ពី​សំណាក់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​នេះ គឺ​បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ដែល​រៀបចំ​ដោយ គ.ជ.ប កាល​ពី​ពេល​ថ្មីៗ បង្ហាញ​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ ដែល​ឈ្នះ​ឆ្នោត​ទទួល​បាន​អាសនៈ​ព្រឹទ្ធសភា​ទាំងអស់។ ជ័យជំនះ​នេះ បាន​មក​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ធ្វើ​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ស្រុក​ខណ្ឌ រាជធានី​ខេត្ត និង​មន្ត្រី​ជាន់ខ្ពស់​ទាំងអស់​របស់​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាត់​សិទ្ធិ​តំណាង​ស្របច្បាប់​ដែល​ពលរដ្ឋ​បាន​ផ្តល់​ឱ្យ​តាមរយៈ​សន្លឹកឆ្នោត ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ។

ឆ្លើយតប​នឹង​ការ​ការ​ព្រួយបារម្ភ​របស់​អ្នកស្រី រ៉ូណា ស្មី​ត អំពី​រឿង​ប្រព័ន្ធ​ដឹកនាំ​ឯក​បក្ស​នេះ អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែង​ថា គ្មាន​អ្នកណា​អាច​កែប្រែ​រឿង​នេះ​បាន​នោះ​ទេ ហើយ​គ.ជ.ប​នឹង​នៅ​តែ​បន្ត​ការងារ​រៀបចំ​ការបោះឆ្នោត​ដដែល ទោះបី​ជា​មាន​គណបក្ស​តែមួយ​ចូលរួម​ក៏ដោយ។ «»

ទោះជា​យ៉ាង​នេះ​ក្តី ប្រធាន​គ.ជ.ប លោក ស៊ិក ប៊ុនហុក បាន​ស្នុំសុំឲ្យ​អ្នកស្រី រ៉ូណា ស្មីត ដាក់​អ្នក​សង្កេតការណ៍​បោះឆ្នោត ឬ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​អង្គការសហប្រជាជាតិ នៅ​ទីស្ដីការ​គ.ជ.ប ផ្ទាល់​តែម្ដង។ ក្នុង​សេចក្ដីថ្លែងការណ៍ ដែល​ចេញ​ក្រោយ​ជំនួប​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ថ្ងៃទី​១៣ ខែ​មីនា​នេះ លោក ស៊ិក ប៊ុនហុក អះអាង​ថា វត្តមាន​របស់​អង្គការសហប្រជាជាតិ គឺ​ដើម្បី​ឃ្លាំ​មើល​សុចរិត​ភាព​របស់​គ.ជ.ប។

ជំហរ​គ.ជ.ប ចង់​ឲ្យ​ស្ថាប័ន​អង្គការសហប្រជាជាតិ ទទួលស្គាល់​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត ដែល​ខិត​ជិត​ចូល​មក​ដល់​នេះ វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​លោក ស៊ិក ប៊ុនហុក អះអាង​កាលពី​ថ្ងៃទី​២៥ ខែ កុម្ភៈ កន្លង​ទៅ​នេះ ដែល​ពេលនោះ​លោក ប្រាប់​អ្នកសារព័ត៌មាន ថា​ការបោះឆ្នោត​នៅ​កម្ពុជា គ.ជ.ប ធ្វើឡើង​ដោយ​ផ្អែក​តាមច្បាប់​របស់​កម្ពុជា និង​ថា គ.ជ.ប​កម្ពុជា មិនមែន​កើតឡើង​ពី​សហរដ្ឋអាមេរិក និង​ពី​សហភាព​អឺរ៉ុប​នោះ​ទេ។ ការ​លើក​ឡើង​នេះ គឺ​ស្របគ្នា​ទៅ​នឹង​ជំហរ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ជា​ញឹកញាប់​ថា កម្ពុជា​មិន​ត្រូវ​ការ​ឲ្យ​អន្តរជាតិ​ទទួលស្គាល់​ការបោះឆ្នោត នៅ​កម្ពុជា​នោះ​ឡើយ។ លោក ហ៊ុន សែន អះអាង​ថា ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលស្គាល់ នោះ​វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។

ទោះជា​យ៉ាងណា ស្ថានការណ៍​នយោបាយ​កាន់តែ​អាក្រក់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ទុក​ចិត្ត​បាន​ថា ការ​បោះឆ្នោតជាតិ​នៅ​ពេល​ខាងមុខ​នឹង​ជា​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ឡើយ។ សហគមន៍​ជាតិ និង​អន្តរជាតិ ដែល​ក្នុង​នោះ​ក៏​រួមមាន​ទាំង​អង្គការសហប្រជាជាតិ​ផង បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដោះលែង​លោក កឹម សុខា និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ផ្សេងទៀត និង​បើក​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដំណើរការ​ឡើងវិញ ព្រមទាំង​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ មើល​ឃើញ​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​កម្ពុជា បាន​ក្លាយ​ជា​ស្ថាប័ន​ឯកបក្ស​រួច​ទៅ​ហើយ ក្រោយ​ពេល​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ដោយ​របប​ក្រុងភ្នំពេញ ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ពី​របៀប​ដឹកនាំ​មួយ​ដែល​កំពុងតែ​ដើរ​ផ្ទុយ​នឹង​ច្បាប់​កំពូល​របស់​ជាតិ។ លោក​បន្ត​ថា ការប្រកាស​របស់​គ.ជ.ប​ថា ខ្លួន​នឹង​នៅតែ​រៀបចំ​ការបោះឆ្នោត​ដដែល ទោះជា​អវត្តមាន​បក្ស​ប្រឆាំង​បែបនេះ គឺជា​ការ​ធ្វើ​ខុស​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ «»

រហូត​មក​ទល់នឹង​ពេលនេះ មានតែ​ប្រទេស​ចិន​កុម្មុយនិស្ត​មួយ​តែប៉ុណ្ណោះ​ដែល​ប្រកាស​ថា ខ្លួន​នឹង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ នា​ខែ​កក្កដា​ខាងមុខនេះ ខណៈ​ដែល​ក្រុម​ប្រទេស​លោក​ខាងលិច​កំពុង​ដាក់​សម្ពាធ និង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់​ឡើងវិញ។

ក្រៅពី​ជំនួប​ជាមួយ​គ.ជ.ប អ្នកស្រី រ៉ូណា ស្មីត ក៏​មាន​ជំនួប​ដាច់ដោយឡែក​មួយ​ទៀត​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា នេះ គឺ​អ្នកស្រី​បាន​ជួប​ជាមួយ លោក ហេង សំរិន និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋសភា​មួយ​ចំនួន​ទៀត​។ បញ្ហា​សំខាន់​ដែល​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​រូប​នេះ លើកឡើង​ក្នុង​ជំនួប​ជាមួយ​រដ្ឋសភា​ឯក​បក្ស​នេះ គឺ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​យក​អាសនៈ​សភា​របស់​បក្ស​ប្រឆាំង​ទៅ​បែងចែក​ឱ្យ​គណបក្ស​ផ្សេង​ដែល​មិន​ជាប់ឆ្នោត បញ្ហា​តម្លាភាព​នៃ​ការ​តាក់តែង​ច្បាប់ និង​ការ​សើរើ​មើល​ឡើងវិញ​នូវ​ខ្លឹមសារ​ច្បាប់​មួយ​ចំនួន​របស់​កម្ពុជា ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ៕

No comments: