February 24, 2018

ហ៊ុន សែន ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​នៃ​ក្រុម​មេដឹកនាំ​បង្ក​ការ​គំរាម​កំហែង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ) និង​ប្រធានាធិបតី​ហ្វីលីពីន (Philippine) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (ឆ្វេង) ជួប​ពិភាក្សា​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA

ដោយ មាន ឫទ្ធិ RFA 2018-02-23

សហព័ន្ធ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកាំង ដែល​ជា​បណ្តុំ​ភ្នាក់ងារ​ចារកិច្ច​ចំនួន ១៧​ស្ថាប័ន ក្នុង​នោះ​រួម​មាន​ទាំង​ភ្នាក់ងារ សេ.អ៊ី.អា (CIA) ផង បាន​ដាក់​លោក ហ៊ុន សែន ចូល​ក្នុង​បញ្ជី​នៃ​ឈ្មោះ​ក្រុម​មេដឹកនាំ «បង្ក​ការ​គំរាមកំហែង​ប្រចាំ​តំបន់» អាស៊ី​អាគ្នេយ៍ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក និង​អត្ថប្រយោជន៍​អាមេរិក នៅ​លើ​ពិភពលោក។

​ការ​ដាក់​ឈ្មោះ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ​ចូល​ទៅ​ក្នុង​បញ្ជី​របស់​សហព័ន្ធ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកាំង​នេះ ធ្វើ​ឡើង​ដោយ​ប្រធាន​ការិយាល័យ​ចារកិច្ច​ជាតិ លោក ដានីញ៉ែល ខូតស៍ (Daniel Coats) ដែល​គ្រប់គ្រង​លើ​បណ្តុំ​ភ្នាក់ងារ​ចារកិច្ច​ទាំង​អស់​នៅ​សហរដ្ឋអាមេរិក តាម​រយៈ​របាយការណ៍​វាយ​តម្លៃ​មួយ​កម្រាស់ ២៨​ទំព័រ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​ទៅ​នេះ ដាក់​ចំណង​ជើង​ថា «ការ​វាយ​តម្លៃ​លើ​ការ​គំរាមកំហែង​ជា​សាកល​នៃ​បណ្តុំ​ភ្នាក់ងារ​ចារកិច្ច​សហរដ្ឋអាមេរិក»។

​របាយការណ៍​សរសេរ​ថា មេដឹកនាំ​ខ្មែរ​រូប​នេះ​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​បង្ក្រាប​មក​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល ចាត់ចែង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ប្រើប្រាស់​ប្រព័ន្ធ​សែស្រឡាយ និង​អំពើ​ហិង្សា​ផ្នែក​នយោបាយ ក្នុង​គោលបំណង​ដើម្បី​ធានា​បន្ត​ការ​ក្ដោបក្ដាប់​អំណាច​របស់​លោក​ឲ្យ​បាន​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ខាង​មុខ។

​របាយការណ៍​វាយ​តម្លៃ​ចារកិច្ច​ដដែល​នេះ គូស​បញ្ជាក់​ត្រង់ៗ​ថា  លោក ហ៊ុន សែន បានធ្វើ​ឲ្យ​របប​របស់​លោក​នៅ​ឯកោ ដាច់​ឆ្ងាយ​ពី​ដៃគូ​បស្ចិម​ប្រទេស​ដទៃ​ទៀត។ ការណ៍​នេះ កំពុង​ធ្វើ​ឲ្យ​របប​លោក​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ការ​គាំទ្រ​ទាំង​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​ពី​សំណាក់​ក្រុង​ប៉េកាំង ដែល​នឹង​បណ្តាល​ឲ្យ​របប​លោក ហ៊ុន សែន កាន់​តែ​មាន​ចំណង​ស្អិតល្មួត​ជាមួយ​ចិន កាន់​តែ​ខ្លាំង​ឡើងៗ។

​លោក ហ៊ុន សែន មិន​មែន​ជា​មេដឹកនាំ​តំបន់​អាស៊ីអាគ្នេយ៍​តែ​ម្នាក់​ទេ ដែល​ត្រូវ​បាន​សហព័ន្ធ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកាំង ដាក់​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ក្រុម​មេដឹកនាំ «បង្ក​ការ​គំរាមកំហែង​ប្រចាំ​តំបន់» អាស៊ី​អាគ្នេយ៍។ មេដឹកនាំ​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ក៏​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នោះ​ដែរ ដោយសារ​តែ​លោក​បាន​ប្រកាស​ធ្វើ «រដ្ឋាភិបាល​បែប​បដិវត្តន៍» និង​ដាក់​ចេញ​នូវ​ច្បាប់​អាជ្ញាសឹក​ដែល​ជា​ការគំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​តំបន់៕

No comments: