February 20, 2018

កូនស្រី​លោក កឹម សុខា ទទួល​ប័ណ្ណ​សរសើរ​ស្ដីពី​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស


កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។ RFA

ដោយ ទីន ហ្សាការីយ៉ា RFA 2018-02-19

កូនស្រី​ច្បង​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ត្រូវ​ប្រធាន​គណៈកម្មាធិការ​កិច្ច​ការបរទេស​អាមេរិក លោក អេដ រ៉យដ៍ (Ed Royce) និង​សមាជិក​រដ្ឋ​សភា​លោក អាឡិន ឡូវ៉ិនថល (Alan Lowenthal) បាន​ផ្ដល់​ប័ណ្ណ​សរសើរ​ស្ដីពី​ការ​តស៊ូ​មតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

ការ​ផ្ដល់​ប័ណ្ណ​សរសើរ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួបជុំ​ពលរដ្ឋ​ខ្មែរ-អាមេរិក នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រនីញ៉ា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ។

អនុ​ប្រធាន​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​នោះ​ថា កញ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ទៀត ដើម្បី​ឲ្យ​របប​ក្រុង​ភ្នំពេញ វិល​មក​រក​ភាព​ប្រក្រតី​ផ្នែក​នយោបាយ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់។

កញ្ញា​អះអាង​ថា នៅ​ពេល​បន្តិច​ទៀត​នេះ អាមេរិក នឹង​ប្រទេស​មួយ​ចំនួន​ទៀត នឹង​ដាក់​ទណ្ឌកម្ម​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត បើសិនជា​លោក ហ៊ុន សែន មិន​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​បើក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​រួម​បោះឆ្នោត​វិញ​ទេ​នោះ៕

1 comment:

Chun Sokha said...

She is one of those smart young ladies , she deserved it and congratulation to her .