January 13, 2018

ហ៊ុន ម៉ាណែត ប្រកាស​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA

ដោយ អាស៊ីសេរី RFA 2018-01-12

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ដែល​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ប្រកាស​ថា កងទ័ព​នឹង​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​ឡើង​នៅ​កម្ពុជា ជា​ដាច់​ខាត។

លោក ហ៊ុន ម៉ាណែត និយាយ​ថា បដិវត្ត​ពណ៌​នឹង​ធ្វើ​ឲ្យ​បែកបាក់​ជាតិ បំផ្លាញ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ដូច្នេះ​កងទ័ព​មិន​ឲ្យ​កើត​មាន​បដិវត្ត​ពណ៌​នៅ​លើ​ទឹក​ដី​កម្ពុជា​ទេ៖ «»។

លោក ហ៊ុន ម៉ាណែ​ត លើក​ឡើង​ដូច្នេះ​ក្នុង​ពិធី​ពិព័រណ៍​យោធា និង​ការ​ប្រកួត​កីឡា​កងទ័ព នៅ​ថ្ងៃ​ទី​១២ ខែ​មករា នេះ  ក្នុង​ពិធី​រៀបចំ​ជា​ផ្លូវការ​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១២ ១៣ និង ១៤ ខែ​មករា នេះ។

ពិព័រណ៍​យោធា និង​ការ​ប្រកួត​កីឡា​កងទ័ព​ធ្វើ​ឡើង​នៅ​​កោះពេជ្រ មាន​ការ​តាំង​បង្ហាញ​ឧបករណ៍​សឹក​យ៉ាង​ច្រើន​សំខាន់ៗ សម្ភារៈ​សឹក​ជា​ច្រើន​ទៀត ដូចជា​ឧទ្ធម្ភាគចក្រ កាំភ្លើង​ធំ អូប័រ ទីតាំង​បញ្ជាការ និង​ទីតាំង​លេណដ្ឋាន​ដូច​សមរភូមិ ព្រៃ​សិប្បនិម្មិត អម​ដោយ​ស្តង់​សហគ្រាស​ឯកជន​ជាដើម។ សកម្មភាព​នេះ ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ជា​ការ​បង្ហាញ​សព្វាវុធ និង​កងទ័ព ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។

ការ​ប្រកាស​មិន​ឲ្យ​មាន​បដិវត្ត​ពណ៌​នៅ​កម្ពុជា របស់​លោក ហ៊ុន ម៉ាណែត នេះ ក៏​មិន​ខុស​ពី​ឪពុក​របស់​លោក​ដែរ។ លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​អួតអាង​កាល​ពី​ថ្ងៃ​៧ មករា ថា ចលនា​បដិវត្តន៍​ពណ៌​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រដ្ឋាភិបាល​កម្ទេច​បាន​ជោគជ័យ។ លោក​ថា ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ការ​ជា​ការពារ​សន្តិភាព ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​ថ្មី​របស់​ជាតិ៖ «»។

​ពាក្យ​បដិវត្តន៍​ពណ៌​នេះ ធ្វើ​ឲ្យ​លោក ហ៊ុន សែន ហ៊ាន​ប្រកាស​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​ជា​សាធារណៈ។ លោក​ថា លោក​សុខ​ចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១០០ ទៅ ២០០​នាក់ ប្រសិនបើ​ចាំបាច់ ដើម្បី​ការពារ​សន្តិភាព​សម្រាប់​ប្រជាជន​រាប់​លាន​នាក់។  ជាក់​ស្តែង​ក្នុង​ការ​បង្ក្រាប​លើ​ការ​ទាមទារ​របស់​កម្មករ​កាល​ពី​ដើម​ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង កងទ័ព​លោក ហ៊ុន សែន បាន​សម្លាប់​ពលរដ្ឋ​ស្លូត​ត្រង់​យ៉ាង​ហោច​ណាស់​អស់ ៤​នាក់ ដោយ​មិន​ទទួល​ខុស​ត្រូវ​ដោយ​គ្រាន់​តែ​ទម្លាក់​កំហុស​ថា ការ​ទាមទារ​ពួកគេ​ជា​ចលនា​នៃ​បដិវត្តន៍​ពណ៌​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

​ទាក់ទង​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ប្ដេជ្ញា​មិន​ឲ្យ​កើត​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា លោក​មិន​ដែល​បាន​ឃើញ​គម្រោង​បដិវត្តន៍​ពណ៌​ណា​មួយ​កើត​មាន​នៅ​កម្ពុជា​ទេ គឺ​មាន​តែ​ការ​ទាមទារ​តវ៉ា​រក​យុត្តិធម៌​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។ លោក​យល់​ថា ពាក្យ​បដិវត្តន៍​ពណ៌​ដែល​ឮ​សព្វ​ថ្ងៃ​នេះ គ្រាន់​តែ​ជា​ការ​លាប​ពណ៌​គ្នា​ប៉ុណ្ណោះ៖ «»។

​សារ​ហិង្សា​របស់​លោក ហ៊ុន សែន ក្រោម​លេស​ការពារ​សន្តិភាព កម្ទេច​ក្រុម​បដិវត្តន៍​ពណ៌ ធ្វើ​ឲ្យ​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​គាំទ្រ​មួយ​ចំហៀង​ប្រទេស​បាន​ជោគជ័យ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​អាច​ទិញ​ពេល​វេលា ធានា​ផ្ចុងផ្ដើម​ឲ្យ​កូនៗ​របស់​លោក​អាច​ឡើង​បន្ត​អំណាច​ក្ដោបក្ដាប់​ប្រទេស​កម្ពុជា ក្រោយ​ពេល​លោក​ចូល​និវត្តន៍​ពេល​អនាគត៕

No comments: