January 13, 2018

កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល

ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។ AFP

ដោយ យន់ សាមៀន RFA 2018-01-12

សម្ពន្ធភាព​សង្គម​ស៊ីវិល​សកល (Global Civil Society Alliance) ជា​បណ្ដាញ​អង្គការ​ដែល​មាន​ឥទ្ធិពល​ថ្នាក់​ជាតិ តំបន់ និង​អន្តរជាតិ បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​តាមដាន។ បញ្ជី​ឃ្លាំមើល​នេះ នឹង​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ទៅ​លើ​ប្រទេស​ណា​ដែល​ធ្វើ​ទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល។

កម្ពុជា​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ឃ្លាំមើល​នេះ ដោយសារ​តែ​នៅ​មុន​ពេល​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​កម្ចាត់​គណបក្ស​ប្រឆាំង គាប​សង្កត់​សង្គម​ស៊ីវិល និង​បាន​បង្ខំ​កាសែត និង​វិទ្យុ​ឯករាជ្យ​បិទ​ការ​ផ្សាយ​ជាដើម។

របាយការណ៍​សម្ពន្ធភាព​សង្គម​ស៊ីវិល​សកល ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បណ្ដាល​ឲ្យ​មាន​កង្វល់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នឹង​បន្ត​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ហើយ​ពលរដ្ឋ​អ្នក​បោះឆ្នោត​នឹង​ត្រូវ​បង្ខំចិត្ត​បោះឆ្នោត​ក្នុង​បរិយាកាស​គំរាមកំហែង គាបសង្កត់ ខណៈ​ព័ត៌មាន​ត្រូវ​បាន​គ្រប់គ្រង ដោយ​ស្ថានីយ​ដែល​គាំទ្រ និង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល៕

No comments: