December 15, 2017

ហ៊ុន សែន ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​​លោក​និង​មន្ត្រី​រដ្ឋាភិបាល

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ នា​​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧។ Screenshot

ដោយ មួង ណារ៉េត RFA 2017-12-15

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​គ្មាន​ប្រាក់​លាក់​ទុក​នៅ​បរទេស​នោះ​ទេ ដូច្នេះ​បើ​បរទេស​ណា​ចង់​បង្កក​ប្រាក់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មន្ត្រី​រដ្ឋាភិបាល លោក​លើក​ទឹក​ចិត្ត​បន្ថែម​ឱ្យ​ធ្វើ​រឿង​នេះ។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ នៅ​ឯ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន ឌឺដង​ឱ្យ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ឱ្យ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ឱ្យ​បាន​ឆាប់រហ័ស ដោយ​លោក​អះអាង​ថា លោក​និង​មន្ត្រី​របស់​លោក​ភាគ​ច្រើន​មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក ហ៊ុន សែន បន្ត​អះអាង​ថា ទ្រព្យសម្បត្តិ​របស់​លោក​អាច​មើល​ឃើញ​​នៅ​តាម​វត្ត​អារាម សាលារៀន មណ្ឌល​កុមារ​កំព្រា បណ្ណាល័យ ស្រះ​ទឹក អណ្ដូង​ទឹក ស្ពាន និង​ផ្លូវ​ថ្នល់​ជាដើម។

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «អ្នក​ខ្លះ​សង្ឃឹម​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ​មេដឹកនាំ​កម្ពុជា នៅ​ក្រៅ​ប្រទេស សូម​អញ្ជើញ​ធ្វើ​ទៅ! ខ្ញុំ​រុញ​ឱ្យ​អ្នក​ឯង​ធ្វើ​ដើម្បី​រក​ឱ្យ​ឃើញ​ថា មេដឹកនាំ​កម្ពុជា ណា​ខ្លះ​មាន​លុយ​នៅ​ក្រៅ​ប្រទេស។ ខ្ញុំ​រុញ​ឱ្យ​អ្នក​ឯង​រឹប រឹប​ទៅ! វា​មិន​បាន​ប៉ះ​ក្បាល ហ៊ុន សែន ទេ កុំ​ឆ្ងល់ ហើយ​គូស​ទៅ មនុស្ស​ណា​ខ្លះ​ដែល​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រទេស​របស់​អ្នក បាន​តើ! នៅ​ពេល​ដែល​គេ​មិន​ហាម​ឃាត់ សួរ​ថា មន្ត្រី​ទាំង​អស់​នេះ​ត្រូវការ​ទៅ​នៅ​ស្រុក​គេ ឬ​យ៉ាង​ណា?»។
​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​សភា​អឺរ៉ុប ​ដែល​ទើប​នឹង​បាន​សម្រេច​អនុម័ត​វិធានការ​ដាក់ទណ្ឌកម្ម​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​របស់​លោក ដែល​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

​តាមរយៈ​សេចក្ដី​សម្រេច​មួយ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ កន្លង​ទៅ សភា​អឺរ៉ុប​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​សហភាព​អឺរ៉ុប​ទាំង​អស់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការ​នាំ​ចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃ​ទៀត​ជា​បណ្ដោះអាសន្ន​សិន។  កិច្ចព្រមព្រៀង​នៃ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នេះ នឹង​អាច​បន្ត​ទៅ​ទៀត​បានតែ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។

លើស​ពី​នេះ​ទៅ​ទៀត ស្ថាប័ន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប នៅ​ក្រៅ​ប្រទេស​ទាំង​អស់ រួម​ទាំង​គណៈកម្មការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ផង ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ជន​ទាំង​ឡាយ​ដែល​ចូល​ដៃ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាមឃាត់​មិន​ឲ្យ​ចូល​សហគមន៍​អឺរ៉ុប និង​បង្គាប់​ឲ្យ​ប្រធាន​សភា​អឺរ៉ុប បញ្ជូន​សេចក្ដី​សម្រេច​នេះ​ទៅ​គណៈកម្មការ​ក្រុមប្រឹក្សា ស្ថាប័ន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប នៅ​ក្រៅ​ប្រទេស​ទាំង​អស់ រដ្ឋ​ជា​សមាជិក​រដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ទាំង​អស់​ផង​ដែរ។ នៅ​មុន​ចេញ​សេចក្ដី​សម្រេច​ដាក់ទណ្ឌកម្ម​បន្ថែម​នេះ សហភាព​អឺរ៉ុប ក៏​ទើបតែ​បាន​ផ្អាក​ជំនួយ​ទាំង​អស់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ផង​ដែរ។

​ចំណែក​សហរដ្ឋអាមេរិក ដែល​បាន​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​មក​កម្ពុជា ដែរ​នោះ ក៏​ពន្លឿន​ចំណាត់​ការ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បន្ថែម​ទៀត​ដែរ។ ជំហាន​បន្ទាប់​របស់​សហរដ្ឋអាមេរិក គឺ​ការ​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក ក៏​កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ឈាន​ទៅ​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ផង​ដែរ។

​បើ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ជា​សាធារណៈ​ថា លោក និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​លាក់​នៅ​បរទេស​ក៏ដោយ តែ​កាល​ពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា ត្រកូល "ហ៊ុន" កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើ​ពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។

​ក្នុង​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ ដែល​មាន​ចំណងជើង​ថា "ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា" គ្លបល វីនេស រក​ឃើញ​ថា គ្រួសារ​ត្រកូល "ហ៊ុន" បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់​កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគ​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូចជា Apple, Unilever, Visa, Nestle, Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។

​ចំនួន​ទឹក​ប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់​ចេញ​អោយ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល "ហ៊ុន" ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លបល វីនេស អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើន​ជាង​នេះ ហើយ​ដែល​មិន​ប្រកាស​ឲ្យ​ដឹង​ជា​តម្លាភាព ប៉ុន្តែ​ប្រើ​អ្នក​ក្លែងក្លាយ និង​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ។

​ចំណែក​ឯ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​លោក គឺ​លោក អង្គ វង្សវឌ្ឍានា ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក៏​មាន​ពាក់ព័ន្ធ​នឹង​ជំនួញ​រកស៊ី​នៅ​ក្រៅ​ប្រទេស​ដែរ។ តាមរយៈ​ឯកសារ​ប៉ាណាម៉ា (Panama Paper) ដែល​បាន​លេច​ធ្លាយ​កាល​ពី​ឆ្នាំ​២០១៦ លោក អង្គ វង្សវឌ្ឍានា មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ អ.ស៊ី.ឌី អ៊ីនធឺណេសិណល លីមីធីត (RCD International Limited) មាន​មូលដ្ឋាន​នៅ ប្រ៊ីដធីស វឺជិន អាយឡេន (British Virgin Islands) ដែល​លោក អង្គ វង្សវឌ្ឍានា ព្យាយាម​លាក់បាំង។

អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​មិន​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​លោក ហ៊ុន សែន ជា​លក្ខណៈ​បុគ្គល​ក៏​ពិត​មែន ប៉ុន្តែ មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​មាន​ភាគហ៊ុន​ជំនួញ​ជា​ច្រើន នឹង​ប៉ះពាល់​យ៉ាង​ដំណំ។ មិន​តែ​ប៉ុណ្ណោះ កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏​នឹង​ប្រឈម​ការ​ធ្លាក់​ចុះ។ ចំណែក​វិស័យ​រោងចក្រ​កាត់ដេរ ដែល​មាន​កម្មករ​ជិត ១​លាន​នាក់ ក៏​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​ព្រងើយកន្តើយ​មិន​ធ្វើតាម​សំណូមពរ​អន្តរជាតិ ដែល​ស្នើ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​វិញ​នោះ​ទេ៕

2 comments:

KhmerBTB said...

Hun Sen niyeay lop lop pey kloun men ten heuy men te ? No need to tell them what to do .

Hemondno Viata said...

អ្នកដឹកនាំខ្មែរឡប់បំផ្លាញវេចខ្ចប់សម្បតិជាតិដាក់ចូលហោបៅខ្លួនឯង ។ ពិភពលោកគេមិឆ្គួតទេគេ
មើលឃើញដូចមើលគំរោងឆ្អឹងនូវគ្រប់ក្បាច់របស់លោកហ៊ុន សែន ។ ខ្លាំងគ្រាន់តែមាត់ប៉ុណ្ណោះ ស្របពេលជាមួយគ្នានេះបានបញ្ជូន សហការីស៊ីភីភីទៅចចារ(អ៊ុច ភីរឹត)នៅអឺរុបធ្វើមុខអុញអៀនទាំងពីរ
នាក់ ។ នេះឬអ្នកខ្ឡាំង មានតែខ្មែរស៊ីភីភី និងរាស្ត្រខ្មែរខ្វះពត៌មានប៉ុណ្ណោះដែលជឿរល្បិចកំសាកនេះ។
ចូរចាំថា៖ អ៊ីនធឺណេត ជារបស់អាមេរិក លុយដូល្លាជាលុួអាមេរិក និងប្រព័ន្តហេរញ្ញវត្ថុអាមេរិកដឹងទាំង
អស់ កុំថាអ្នកឯងយកឈ្មោះឆ្កែ ឈ្មោះឆ្មាឬញាតិសណ្តានរបស់អ្នកមកដាក់ ទោះជ្រកក្រមផ្លាកអ្វីក៏អាច
រកឃើញទាំងអស់ ។ គ្រាន់តែចេញសម្តីមក រាស្ត្រខ្មែរដឹងជាស្រេចថា ជាមេដឹកនាំខ្មែរដ៏លីលាយ៉ាងពិតប្រាកដ ។