August 13, 2017

ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ហង្សមាស​សុំទោស​ជា​សាធារណៈ


ញត្តិ​លើ​អនឡាញ (online) www.change.org ដើម្បី​ទាមទារ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ហង្សមាស សុំ​ទោស​ជា​សាធារណៈ។  Screenshot

ដោយ ខែ សុណង RFA 2017-08-12

ពលរដ្ឋ​មក​ពី​ស្ថាប័ន​ផ្សេង​គ្នា​បាន​បង្កើត​ញត្តិ​នៅ​លើ​​គេហទំព័រ​មួយ ឈ្មោះ www.change.org ធ្វើ​យុទ្ធនាការ​​ស្វែង​រក​សំឡេង​​គាំទ្រ ដើម្បី​ទាមទារ​ឲ្យ​​អ្នក​អត្ថាធិប្បាយ​ព័ត៌មានរបស់​ស្ថានីយ​​ទូរទស្សន៍​ហង្សមាស​ គឺ​លោក មាស រិទ្ធី។ យុទ្ធនាការ​នេះ ពួកគេ​សម្ដែង​ការ​មិន​ពេញ​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក និង​ពិធីការិនី​មួយ​រូប​ទៀត ដែល​គេ​យល់​ថា បាន​ប្រើ​ពាក្យពេចន៍​ប្រមាថ​មាក់ងាយ និង​ព្យាយាម​ស្ដី​បន្ទោស​ដល់​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​ដោយ​ករណី​រំលោភ​សម្លាប់​ដោយ​អ្នក​រត់​តាក់ស៊ី​នៅ​ខេត្ត​ស្វាយរៀង។

គោលបំណង​នៃ​គេហទំព័រ www.change.org សម្រាប់​យុទ្ធនាការ​ដាក់​ញត្តិ​លើ​អនឡាញ ទាមទារ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ពេល​ព្រឹក​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី ឲ្យ​សុំទោស​ជា​សាធារណៈ​ដល់​សព​ស្ត្រី និង​គ្រួសារ​ដោយ ព្រោះ​ការ​អត្ថាធិប្បាយ​មិន​សមរម្យ​មក​លើ​ស្ត្រី។

សកម្មជន​ស្ត្រី​នៅ​ក្នុង​យុទ្ធនាការ​ដាក់​ញត្តិ​លើ​អនឡាញ www.change.org និង​ជា​អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា យុទ្ធនាការ​នេះ​ដើម្បី​កៀរគរ​រក​អ្នក​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ការ​អត្ថាធិប្បាយ​ព័ត៌មាន​ពេល​ព្រឹក​របស់​ទូរទស្សន៍​ហង្សមាស គឺ​លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី នៅ​លើ​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ជុំវិញ​សំណុំរឿង​ឃាតកម្ម​រំលោភ​សម្លាប់​លើ​នារី​រងគ្រោះ​ដែល​ជិះ​រថយន្ត​ឈ្នួល​ពី​ភ្នំពេញ ទៅ​ខេត្ត​ស្វាយរៀង។

អ្នកស្រី​យល់​ថា ការ​អត្ថាធិប្បាយ​របស់​អ្នក​ទាំង​ពីរ​គឺ​កាន់​តែ​ជាន់​ឈ្លី​សិទ្ធិ​និង​តម្លៃ​ស្ត្រី៖ «»។

នៅ​ក្នុង​គេហទំព័រ www.change.org ឬ​ប្រែ​ថា ​ផ្លាស់ប្ដូរ យុទ្ធនាការ​ដាក់​ញត្តិ​លើ​អនឡាញ ដែល​គេ​រៀបចំ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា បាន​បង្ហោះ​វីដេអូ អត្ថាធិប្បាយ​ព័ត៌មាន​ពេល​ព្រឹក​ និង​បាន​ស្រង់​សម្ដី​ថា បើ​រំលោភៗ​ចុះ កុំ​សម្លាប់ បើ​គេ​រំលោភ​កុំ​ជេរ​ប្រមាថ​គេ សម្របសម្រួល​តាម​គេ​ទៅ​ បើ​រំលោភ​ហើយ​មិន​ព្រម​ទុក​ប្រើប្រាស់​ត​ទៅ​ទៀត យុទ្ធសាស្ត្រ​របស់​ស្រីៗ​ បើ​ចូល​ក្នុង​កណ្ដាប់​ដៃ​គេ​ហើយ ធ្វើ​ឲ្យ​ទន់ភ្លន់ ពេល​យប់​ព្រលប់​ស្ងាត់​កុំ​សូវ​ហ៊ាន​ពេក និង​មិន​គួរ​ធ្វើ​ដំណើរ​តាម​ប្រភេទ​តាក់ស៊ី​ម៉ៅ វា​គ្រោះថ្នាក់​ដល់​យើង​អ៊ីចឹង​ជាដើម។

ឆ្លើយ​តប​នឹង​យុទ្ធនាការ​ប្រឆាំង​នេះ លោក មាស រិទ្ធី អគ្គនាយក​រង​នៃ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ហង្សមាស ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​យុទ្ធនាការ​ប្រឆាំង​លោក​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​បកស្រាយ​ថា លោក​គ្មាន​ចេតនា​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដើម្បី​បង្អាប់បង្អោន ឬ​ប្រមាថ​ទៅ​លើ​ស្ត្រី​នោះ​ដែរ ហើយ​លោក​ក៏​មិន​ខ្លាច​នឹង​សុំទោស​ឡើយ៖ «»។

ជុំវិញ​រឿង​នេះ នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​សីហា អ្នក​ចូលរួម​យុទ្ធនាការ​នេះ នឹង​ធ្វើ​លិខិត​ចំហ​មួយ​ទៅ​អគ្គនាយក និង​គណៈ​គ្រប់គ្រង​ទូរទស្សន៍​ហង្សមាស តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​សុំទោស​ជា​សាធារណៈ និង​ស្នើ​ឲ្យ​អប់រំ​ដល់​អ្នក​រាយការណ៍​ព័ត៌មាន​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស អោយ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌ ដូច​ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​រួម​ស្ដីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​អ្នក​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី របស់​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការ​នារី នៅ​ពេល​ថ្មីៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: