April 18, 2017

បក្ស​ប្រឆាំង​ទទួល​ស្គាល់​ភាព​ចន្លោះ​ប្រហោង​លក្ខន្តិកៈ​គណបក្ស​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ

ពី​ឆ្វេង៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha

ដោយ វ៉ាន វណ្ណដេត RFA 2017-04-18

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​ស្គាល់​ពី​ភាព​ចន្លោះ​ប្រហោង​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។ គណបក្ស​នេះ នឹង​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​កែ​សម្រួល និង​បន្ថែម​ភាព​ចន្លោះ​ប្រហោង​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​សមាជ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ដើម្បី​ជ្រើសរើស​អនុប្រធាន​គណបក្ស និង​បន្ថែម​មាត្រា​ខ្លះ ដើម្បី​បំពេញ​ភាព​ចន្លោះ​ប្រហោង​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​តាម​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៨ មេសា ថា ការ​ធ្វើ​សមាជ​វិសាមញ្ញ​រុះរើ​អនុប្រធាន​គណបក្ស ដោយសារ​គណបក្ស​ប្រឆាំង​មិន​ចង់​មាន​ភាព​រកាំរកូស​ជាមួយ​ក្រសួង​មហាផ្ទៃ។ លោក ប៉ុល ហំម អះអាង​ថា សមាជ​វិសាមញ្ញ​នេះ មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រឆាំង​ឡើយ៖ «»។

កាល​ពី​ថ្ងៃ​ទី​១៣ មីនា ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៥១ ជំនួស​លោក ហ៊ុន សែន នៅ​ខេត្ត​កំពង់ស្ពឺ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រាប់​គណបក្ស​ប្រឆាំង​ថា សមាជ​កាល​ពី​ថ្ងៃ​ទី​២ មីនា ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០១២។

ក្រោយ​មក ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​តែ​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​អនុប្រធាន​ទាំង​បី​រួម​មាន លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ មិន​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ឡើយ។ លោក ស ខេង ពន្យល់​ការ​មិន​ទទួល​ស្គាល់​ថា ការ​ជ្រើស​តាំង​នេះ​មិន​ស្រប​តាម​ប្រការ​៤៧​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស ដែល​ហួស​រយៈពេល ៣០​ថ្ងៃ ក្រោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បាន​លាលែង​ពី​តំណែង​ពី​ប្រធាន​បក្ស។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ប៉ុល ហំម ថា​សមាជ​ម្ដង​នេះ គណបក្ស​ប្រឆាំង​នឹង​កែ​សម្រួល​មាត្រា​ខ្លះ​ក្នុង​លក្ខន្តិកៈ និង​សរសេរ​ឲ្យ​ច្បាស់ មិន​ឲ្យ​មាន​ការ​បកស្រាយ​ទូលាយ​ទៀត​ទេ៖ «»។

រឿងរ៉ាវ​ស្មុគស្មាញ​តាម​យាយី​បក្ស​ប្រឆាំង​មក​ដល់​ពេល​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី ដែល​ជាប់​ពាក្យ​បណ្ដឹង​ជាច្រើន​នៅ​តុលាការ បាន​សម្រេច​លះបង់​តំណែង​ខ្ពស់​បំផុត​ក្នុង​បក្ស ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​គេ​រំលាយ​ចោល ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទាំង​ប្រញាប់ប្រញាល់ ដែល​ការ​កែប្រែ​ច្បាប់​នេះ បាន​ផ្ដល់​សិទ្ធិ​ដ៏​ធំធេង​ឲ្យ​ក្រសួង​មហាផ្ទៃ យក​ទៅ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​ចោល​បាន ប្រសិន​បើ​ប្រធាន ឬ​អនុប្រធាន​បក្ស​នោះ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​ក្នុង​សង្គម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ការ​មិន​ទទួល​ស្គាល់​សមាសភាព​ថ្នាក់​ដឹកនាំ​អនុប្រធាន​បក្ស​ប្រឆាំង​ទាំង ៣​រូប មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុពលភាព​គណបក្ស​ប្រឆាំង​នោះ​ទេ ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ពេល​ខាង​មុខ។

លោក ប៉ុល ហំម ថា​សមាជ​ថ្ងៃ​ទី​២៥ មេសា អាច​នឹង​ជ្រើសរើស​អនុប្រធាន​តែ​ម្នាក់​តាម​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។ តែ​ក្រោយ​សមាជ គណៈកម្មាធិការ​នាយក​អាច​ជ្រើសរើស​បន្ថែម​ទៀត​បាន៕

No comments: