February 12, 2017

អ្នក​វិភាគ៖ សម្ពាធ​ឲ្យ​លោក សម រង្ស៊ី លាលែង​តំណែង​គឺ​គ្រោះថ្នាក់​ដល់​លទ្ធិប្រជាធិបតេយ្យ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥ Photo: RFA

ដោយ យន់ សាមៀន RFA 2017-02-11

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កោះ​ប្រជុំ​ជា​បន្ទាន់​នៅ​ថ្ងៃ​អាទិត្យ ទី​១២ កុម្ភៈ នេះ ដើម្បី​ពិភាក្សា​ពី​ការ​លាលែង​តំណែង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ធ្វើ​ប្រធាន​ស្តីទី​គណបក្ស​រហូត​ដល់​មាន​សមាជ​ជ្រើសរើស​ប្រធាន​ថ្មី។ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១១ កុម្ភៈ លោក សម រង្ស៊ី បាន​បង្ហោះ​សំបុត្រ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ស្នើ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​យក​ការ​លាលែង​តំណែង​របស់​លោក ដោយ​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​លាលែង​នេះ ដោយសារ​លោក​មាន​បញ្ហា​ផ្ទាល់​ខ្លួន។

ចំពោះ​ការ​លាលែង​ពី​តំណែង​នេះ លោក គឹម សុខ អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ យល់​ឃើញ​ថា ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ល្អ​ដើម្បី​ជួយ​ស្រោចស្រង់​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​បាត់បង់​នៅ​មុន​ការ​បោះឆ្នោត។ លោក​បន្ត​ថា ប្រសិន​បើ​លោក សម រង្ស៊ី មិន​លាលែង​តំណែង​ឲ្យ​បាន​មុន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នោះ​ទេ គណបក្ស​ផ្សេង​ទៀត​នឹង​រក​លេស​ដើម្បី​បង្កើត​ឲ្យ​មាន​ជម្លោះ​ផ្ទៃក្នុង​គណបក្ស ហើយ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ​បែកបាក់​ផ្ទៃ​ក្នុង។

កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា លោក​ចង់​យក​គំរូ​តាម​ប្រទេស​ថៃ ដោយ​កំណត់​ថា បើ​ប្រធាន​គណបក្ស​ណា​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ត្រូវ​រំលាយ​គណបក្ស​ចោល និង​ហាម​មេ​ដឹកនាំ និង​គណៈកម្មការ​នាយក​នៃ​គណបក្ស​មិន​ឲ្យ​ធ្វើ​នយោបាយ។ ក្រោយ​ការ​ព្រមាន​នេះ រដ្ឋសភា​បាន​ជូន​ដំណឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ពិនិត្យ​លើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​ស្នើ​ដោយ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច។

លោក សូ ចន្ថា អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ ជា​ការ​ដាក់​សម្ពាធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​គណបក្ស​ប្រឆាំង។ លោក​ថា ការ​លាលែង​របស់ លោក សម រង្ស៊ី ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ដើម្បី​បន្ត​ជីវិត​នយោបាយ​គណបក្ស​ប្រឆាំង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​ព្រមាន​ថា យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្លាក់​ចុះ​ខ្សោយ និង​ជួប​គ្រោះថ្នាក់៕

No comments: