August 24, 2016

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មិន​ខ្វល់​នឹង​រឿង​លោក ម៉ម សូណង់ដូ គំរាម​ប្ដឹង

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​ជា​សកម្មជន​ការពារ​បរិស្ថាន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថ្លែង​ក្នុង​វេទិកា​ស្ដីពី «ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ» នា​វិមាន​សន្តិភាព​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Sorn Chanratha

ដោយ ថា កិត្យា RFA 2016-08-23

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា ព្រះអង្គ​នឹង​មិន​ឆ្លើយ​តប និង​ខ្វល់ខ្វាយ​ចំពោះ​ការ​គំរាម​ប្ដឹង​ពី​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ នោះ​ទេ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក ម៉ម សូណង់ដូ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា នេះ ស្នើ​ឲ្យ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ​ឲ្យ​ឆាប់​រហ័ស ក្រោយ​ពី​មាន​ពលរដ្ឋ​មួយ​រូប​ឈ្មោះ ប៊ុន ធឿន បាន​បញ្ចេញ​មតិ​នៅ​វិទ្យុ​សំបុក​ឃ្មុំ​ថា កន្លង​មក ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ធ្លាប់​លើក​ឡើង​ថា លោក ម៉ម សូណង់ដូ ដែល​បង្កើត​បក្ស​ថ្មី​នេះ គឺ​ដើម្បី​ផ្ចាញ់ផ្ចាល​លោក សម រង្ស៊ី ដែល​មិន​ព្រម​ប្រគល់​តួនាទី​តំណាង​រាស្ត្រ​ជូន​គាត់។


ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថា​ការ​លើក​ឡើង​របស់​ពលរដ្ឋ​មួយ​រូប​នោះ គឺ​គ្រាន់​តែ​ជា​សិទ្ធិ​បញ្ចេញ​មតិ ហើយ​ព្រះអង្គ​សោកស្ដាយ​ដែល​អ្នក​នយោបាយ​ខ្មែរ​ចូល​ចិត្ត​បំបែក​ឯតទគ្គកម្ម​ប្ដឹង​ផ្តល់ ដែល​មិន​គិត​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន៖ «អាត្មាភាព​សុំ​មិន​ឆ្លើយ​តប​អ្វី​ទាំងអស់ ព្រោះ​គ្មាន​ន័យ​អ្វី​ទេ​ចំពោះ​ការ​ឆ្លើយឆ្លង។ បើ​គេ​និយាយ​រិះគន់​ប៉ុណ្ណឹង ធ្វើ​អ្នក​នយោបាយ​ស្វាគមន៍​គេ​ទៅ ព្រោះ​អ្នក​នយោបាយ​ជា​បុគ្គល​សាធារណៈ។ បើ​ធ្វើ​អ្នក​នយោបាយ​មិន​ឲ្យ​គេ​រិះគន់​នោះ ទៅ​ចិញ្ចឹម​មាន់​ចិញ្ចឹម​ទា​វិញ​ទៅ កុំ​នៅ​ដើម្បី​ទើស​មុខ​ទើស​មាត់​ក្មេង​ជំនាន់​ក្រោយ»។


លិខិត​របស់​លោក ម៉ម សូណង់ដូ សរសេរ​ថា ប្រសិន​បើ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មិន​ឆ្លើយ​តប​ជា​លាយលក្ខណ៍​អក្សរ​ទេ លោក​មាន​បំណង​ប្ដឹង​ទៅ​តុលាការ​ពី​បទ​លាប​ពណ៌ មួលបង្កាច់ និង​បរិហារ​កេរ្តិ៍ ព្រោះ​ពាក្យ​សម្ដី​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​គណបក្ស និង​រូប​លោក​ផ្ទាល់៕

1 comment:

https://wordpress.com/posts/jajamanblog.wordpress.com said...

Chanting Unity...
It won't happen and stay sticky if there is no common goal as well as how-to.
People of short-sighted vision!