July 13, 2016

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី

ភរិយា កូនៗ និង​ក្រុម​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី ធ្វើ​ពិធី​បង្សុកូល​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​យប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth

ដោយ សុ ជីវី 2016-07-12 RFA

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ជាច្រើន ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ឃាតកម្ម​លើ​លោក កែម ឡី ប្រកប​ដោយ​ឯករាជ្យ និង​មាន​តម្លាភាព ដើម្បី​ស្វែង​រក​យុត្តិធម៌​ពិត។ ក្រុម​អង្គការ​ទាំង​នេះ​យល់​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ជា​រឿង​ដែល​ពាក់ព័ន្ធ​ដល់​បញ្ហា និង​ដំណើរ​ការ​នយោបាយ ពិសេស​គឺ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ​មួយ មិន​ត្រឹម​តែ​អាច​ផ្ដល់​យុត្តិធម៌​ដល់​លោក កែម ឡី និង​ក្រុម​គ្រួសារ​ទេ ថែម​ទាំង​អាច​ជម្រះ​មន្ទិល​សង្ស័យ​នានា ព្រម​ទាំង​អាច​បន្ធូរ​ស្ថានការណ៍​តានតឹង និង​បញ្ចប់​និទ្ទណ្ឌភាព។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ជា​បណ្ដុំ​អង្គការ​ក្នុង​ស្រុក​ចំនួន ១១​ស្ថាប័ន ដែល​ចេញ​នៅ​ថ្ងៃ​ទី​១២ កក្កដា បង្ហាញ​ពី​ការ​សោកស្ដាយ​លោក កែម ឡី ដែល​ជា​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់។ លោក កែម ឡី ជា​ធនធាន​មនុស្ស​មាន​សក្ដានុពល​លើក​ស្ទួយ និង​ជំរុញ​ការ​ពិភាក្សា​ពី​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ក្នុង​បញ្ហា​នយោបាយ ព្រំដែន សិទ្ធិ​មនុស្ស ធនធាន​ធម្មជាតិ បរិស្ថាន និង​អភិបាលកិច្ច។ ក្រុម​អង្គការ​ដដែល​អះអាង​ថា មាន​ការ​សង្ស័យ​ជាច្រើន​នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​របស់​ជន​សង្ស័យ​ដែល​បាន​ផ្សព្វផ្សាយ។




នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​ករណី​នេះ​គួរ​រួម​បញ្ចូល​ស្ថាប័ន​ឯករាជ្យ និង​ផ្ដល់​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន៖ «អនុសាសន៍​របស់​ខ្ញុំ គឺ​ធ្វើ​ម៉េច​ឲ្យ​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ អ្នក​ធ្វើ​ការងារ​អង្កេត និង​តុលាការ កុំ​ឲ្យ​មាន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​របស់​បក្ស​ជា​រឿង​ធំ​ស្នូល។ ព្រឹត្តិការណ៍​ធំៗ​ចឹង​គួរ​មាន​ការ​ចូលរួម​ពី​អ្នក​ឯករាជ្យ​ទៅ​ក្នុង​ការ​ស៊ើប​អង្កេត​ហ្នឹង​ផង មាន​អ្នក​ជំនាញ​បរទេស ឬ​ក៏​ខ្មែរ​យើង​អ៊ីចឹង​ដែរ គឺ​មាន​គេ​ដែល​អាច​ចូលរួម​បាន»។

មិន​ខុស​គ្នា​នេះ​ដែរ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សមាជិក​សភា​អាស៊ាន ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​ស្ដីពី​ឃាតកម្ម​លើ​លោក កែម ឡី បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ទាន់​មួយ​ប្រកប​ដោយ​ឯករាជ្យ ចំពោះ​អំពើ​ឃាតកម្ម​នេះ​ដែរ។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​ធានា​ការពារ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស។

ចំណែក​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ជិត ១០០​ស្ថាប័ន​ផ្សេង​ទៀត ក៏​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដ៏​ឆាប់​រហ័ស​មួយ​ដែរ​ក្នុង​ករណី​ឃាតកម្ម​នេះ។

ក្រុម​អង្គការ​ទាំង​នេះ ថែម​ទាំង​សង្កត់​ធ្ងន់​ថា ការ​យាយី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្រុម​បក្ស​ប្រឆាំង និង​ការ​បាញ់​សម្លាប់​លោក កែម ឡី ជះ​ឥទ្ធិពល​អវិជ្ជមាន​ផ្ទាល់​ទៅ​លើ​ស្ថានការណ៍​នយោបាយ ប្រជាធិបតេយ្យ និង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្វាគមន៍​ចំពោះ​ការ​អំពាវនាវ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ថា គោល​បំណង​របស់​អាជ្ញាធរ​ក៏​ប្រាថ្នា​ចង់​បាន​យុត្តិធម៌​ពិត​ត្រឹមត្រូវ​ដែរ។ ប៉ុន្តែ​លោក​ថា សំណុំ​រឿង​នេះ​កំពុង​ឋិត​ក្នុង​ដៃ​តុលាការ​ដែល​ពុំ​មាន​ច្បាប់​ណា​អនុញ្ញាត​ឲ្យ​មាន​ភាគី​ផ្សេង​ចូលរួម ក្រៅ​ពី​សមត្ថកិច្ច​ឡើយ៖ «កុំ​ថា​សង្គម​ស៊ីវិល សង្គម​មិន​ស៊ីវិល សង្គម​យោធា​ក៏ដោយ សង្គម​នគរបាល (ប៉ូលិស) ក៏ដោយ ក៏​ចង់​ឃើញ​ច្បាស់​ដែរ​រឿង​ហ្នឹង ថា​ជន​ដៃ​ដល់​អ្នក​ណា​ជា​អ្នក​នៅ​ពី​ក្រោយ ឬ​អ្នក​ផ្សំគំនិត ក៏​ចង់​ឃើញ​ទាំងអស់​គ្នា​ដែរ»។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ថា​ជា​អំពើ​ឃោរឃៅ​ព្រៃផ្សៃ ហើយ​លោក​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ឲ្យ​បាន​ត្រឹមត្រូវ​ម៉ត់ចត់ ស្វែងរក​ជន​ដៃ​ដល់ និង​ជន​ឃុបឃិត​ទាំងឡាយ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ បើ​ទោះ​ជា​យ៉ាង​ណា ការ​ប្រកាស​នេះ​ត្រូវ​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ៕

No comments: