July 13, 2016

សមាជិកសភា​អាស៊ាន៖ ការ​សម្លាប់​លោក កែម ឡី ជា​សោកនាដកម្ម​សម្រាប់​អាស៊ាន

ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

ទែន សុខស្រីនិត VOA Khmer 12 កក្កដា 2016

លោក Charles Santiago ប្រធាន​នៃ​អង្គការ​សមាជិក​សភាអាស៊ាន ដើម្បី​ការពារ​សិទ្ធិមនុស្ស​នេះ បាន​ថ្លែង​ថា លោក កែម ឡី គឺ​ជា​បុគ្គល «ដែល​មិន​ខ្លាច​នឹង​ងើបឡើង​តវ៉ា ដើម្បី​ការពារ​អ្វី​ដែល​ជា​ភាព​ត្រឹមត្រូវ»​ នោះ​ទេ។

វ៉ាស៊ីនតោន — អង្គការ​សមាជិក​សភា​អាស៊ាន ដើម្បី​ការពារ​សិទ្ធិមនុស្ស (Asean Parliamentarians for Human Rights) បាន​ហៅ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ថា​ជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​មិន​ត្រឹម​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​តំបន់​អាស៊ាន​ទាំង​មូល​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​អង្គការ​នេះ​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​លោក កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូ​នេស៊ី​នេះ បាន​សរសេរ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ថា «ការ​បាត់បង់​លោក កែម ឡី គឺ​ជា​រឿង​ដ៏​សង្វេគ ហើយ​ប្រទេស​កម្ពុជា បាន​បាត់បង់​នូវវីរជន​នៃ​ភាព​ឯករាជ្យ​នយោបាយ និង​រដ្ឋាភិបាល​ស្អាតស្អំ​ដ៏​ពិតប្រាកដ​មួយ​រូប»។

លោក Charles Santiago ប្រធាន​នៃ​អង្គការ​សមាជិក​សភាអាស៊ាន ដើម្បី​ការពារ​សិទ្ធិមនុស្ស​នេះ បាន​ថ្លែង​ថា លោក កែម ឡី គឺ​ជា​បុគ្គល «ដែល​មិន​ខ្លាច​នឹង​ងើបឡើង​តវ៉ា ដើម្បី​ការពារ​អ្វី​ដែល​ជា​ភាព​ត្រឹមត្រូវ»​ នោះ​ទេ។

APHR Statement on the Killing of Kem Ley in Cambodia: http://aseanmp.org/2016/07/11/aphr-statement-killing-kem-ley-cambodia/

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ម្នាក់​បាញ់​សម្លាប់​ ខណៈ​លោក​កំពុង​នៅ​តុ​កាហ្វេ​ក្នុង​ហាងមួយ​កន្លែង​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ។

ជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ ក្រោយ​ពី​ហេតុការណ៍​បាញ់​ប្រហារ​នោះ។

អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ​ថា «‍ជួប សម្លាប់» ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​អ្នក​ខ្លះ​ជឿ​ថា ជា​ឈ្មោះ​ប្រឌិត។

យោង​តាម​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ជន​សង្ស័យ​មាន​ឈ្មោះ​ដើម​ថា អឿត អាង ក៏ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ការ​ពិត​នៅ​ឡើយ​ទេ។

អង្គការ​សមាជិក​សភា​អាស៊ាន ដើម្បី​ការពារ​សិទ្ធិមនុស្ស ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​មួយ ដោយ​ឯករាជ្យ ទៅលើ​ករណី​ឃាតកម្ម​លើ​រូប​លោក​បណ្ឌិត​ កែម ឡី ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌​ពិត​ប្រាកដ​និង​ឥត​លម្អៀង។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ទៀត​សោត លោក Charles Santiago ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន ដើម្បី​ការពារ​សិទ្ធិមនុស្ស ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ឲ្យ​បាន «នូវការ​អនុលោម​តាម​សេចក្ដី​ប្រកាស​ស្ដី​ពី​សិទ្ធិ​មនុស្ស​របស់​អាស៊ាន និង​សន្ធិសញ្ញា​អន្តរជាតិ​ផ្សេងៗ​ទៀត‍​ស្តី​ពី​សិទ្ធិមនុស្ស»។

អង្គការ​សមាជិក​សភា​អាស៊ាន ដើម្បី​ការពារ​សិទ្ធិមនុស្ស ក៏​បាន​សង្កត់​ធ្ងន់​ថា «‍ប្រសិន​បើ​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​សមាជិក​ដ៏​ជោគជ័យ​មួយ​របស់​សហគមន៍​អាស៊ាន នោះ​កម្ពុជា ត្រូវតែ​ធានា​ថា ប្រជាពលរដ្ឋ​ដែល​ធ្វើការ​តស៊ូ​មតិ​ដើម្បី​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុង​សង្គម ដែល​នេះ​គឺជា​បុព្វហេតុ​ដែល​លោក កែម ឡី បាន​ពលី​ជីវិត​របស់​លោក ទទួល​បាន​សេរីភាព​ក្នុង​ការ​បន្ត​បំពេញ​ការងារ​របស់​ពួកគេ​ដោយ​មិន​មាន​ការ​ភ័យខ្លាច​ដោយ​ការ​បំភិតបំភ័យ​ឬ​ទណ្ឌកម្ម​ហិង្សា​នោះ​ឡើយ»៕

No comments: