July 11, 2016

លោក កែម ឡី វិភាគមិនដែលបានប្រាក់កម្រៃ ពេលខ្លះគ្មានទាំងទឹកទទួលទានទៀតផង!

លោកបណ្ឌិត កែម ឡី អ្នក​ស្រាវ​ជ្រាវ​ដើម្បីការ​អភិវឌ្ឍ​សង្គម ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​បារាំង​អន្ដរជាតិRFI/Im Rachna

ដោយ អ៊ឹម រចនា10/07/2016 rfi

លោក​បណ្ឌិត កែម ឡី មែន​ទែន​ទៅ​ជា​អ្នក​ស្រាវ​ជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម ប៉ុន្តែ​ជា​ទូទៅ​អ្នក​សារព័ត៌មាន​និយម​ឧទ្ទេសនាម​លោក​ថា​ជា​អ្នក​វិភាគ​នយោបាយ​និង​សង្គម។ សារព័ត៌មាន​ខ្លះ ថែម​ទាំង​ហៅ​លោក​ថា ជា​អ្នក​វិភាគ​ឯករាជ្យ​ទៀត​ផង​។ ប៉ុន្តែ​សម្រាប់​លោក កែម ឡី ផ្ទាល់ លោក​មិន​ដែល​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​វិភាគ​ឯករាជ្យ​ទេ​។ លោក​ធ្លាប់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ការ​វិភាគ​របស់​លោក ផ្អែក​ទាំង​ស្រុង​លើ​ការ​ស្រាវ​ជ្រាវ និង​ភស្តុតាង​ដែល​រក​ឃើញ ហើយ​ពេល​ខ្លះ លោក​ក៏​ប្រើ​អារម្មណ៍​វិភាគ​ដែរ​។

លោក កែម ឡី កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ នៅ​ភូមិ​អង្គ​តាកុក ឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។ បន្ទាប់​ពី​​ឪពុកទទួល​មរណភាព​​នៅជំនាន់​ប៉ុលពត លោក កែម ឡី និង​បង​ប្អូន​ពីរ​នាក់​ទៀត ត្រូវ​រស់​នៅ​ជាមួយ​ម្ដាយ​មេម៉ាយ ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​នំ​បញ្ចុក​ បាញ់ឆែវ និង​គ្រឿង​ទេស​បន្តិច​បន្តួច​។




ថ្វី​ត្បិត​លោក កែម ឡី ត្រូវ​រស់​នៅ​​ក្នុងជីវភាព​គ្រួសារ​ក្រីក្រ ប៉ុន្តែ​នេះ​​មិន​មែន​ជា​ឧបសគ្គ​នៅ​ក្នុង​ជីវិត​សិក្សា​របស់​លោក​ទេ​។ លោក​បានតស៊ូ​រៀនសូត្រ ដោយ​ស្នាក់​នៅ​ជាមួយ​គេ​ផង និង​វត្តផង ​រហូតរៀន​​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា ហើយ​​​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​។ នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន​ប្រទេស​ថៃ លោក កែម ឡី បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ស្រាវ​ជ្រាវ​សុខភាព​សាធារណៈ​។ ចំណែក​នៅ​សាកលវិទ្យាល័យ​ម៉ាឡៃយ៉ា ប្រទេស​ម៉ាឡេស៊ី លោកបញ្ចប់​ការ​សិក្សាថ្នាក់​បណ្ឌិត​​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​។ លោក កែម ឡី បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០០១ និង​មាន​កូន​៥​នាក់៖ ប្រុស​៣ ស្រី១ និង​មួយ​ទៀត​ជា​ទារក​នៅ​ក្នុង​ផ្ទៃ​។

លោក កែម ឡី ​ធ្លាប់​បម្រើ​ការ​នៅ​ក្រសួង​សុខាភិបាល ​កាកបាទ​ក្រហម ក្រុមហ៊ុន​ឯកជន និងជា​ទី​ប្រឹក្សា​នៅ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្ដរជាតិ​ធំ​ៗ ដូច​ជា អង្គការ UNDP, USAID, AusAID ក៏​ដូច​ជា​អង្គការ​ជាតិ​ជា​ច្រើន​ទៀត​​។ តាំង​ពី​ឆ្នាំ​២០០៨ រហូត​មក​ទល់​បច្ចុប្បន្ន លោក​សម្រេច​ចិត្ត​ងាក​មក​ប្រកប​របរ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​​​វិញ។

ការ​សិក្សា​​ស្រាវ​ជ្រាវរបស់ លោក កែម ឡី ធ្វើ​ឡើង​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំង​អស់ រាប់​ចាប់​ពី​បញ្ហា​ដីធ្លី សិទ្ធិ​លំនៅដ្ឋាន សិទ្ធិ​មនុស្ស ធនធាន​រ៉ែ បរិស្ថាន អប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គម​កិច្ច វប្បធម៌ និង​នយោបាយ​។

ការ​ស្រាវជ្រាវ និង​ការ​វិភាគនយោបាយ​​របស់​លោក កែម ឡី នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​រឿយ​ៗ​តែង​តែ​ទទួល​បាន​មក​វិញ​នូវ​ការ​ច្រាន​ចោល ឬ​ចំអកឡក​ឡឺយ ពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​ ទាំង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​។ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​រូប​នេះ ចាត់​ទុក​វា​ថា​ជា​រឿង​ធម្មតា​។

លោក កែម ឡី បន្ត​ថា លោក​​​មិន​ដែល​ទទួល​បាន​ប្រាក់​កម្រៃពី​ការ​វិភាគ​របស់​ខ្លួន​ទេ​។ ពេល​ខ្លះ​ ស្ថាប័ន​ព័ត៌មាន​ខ្លះ​អញ្ជើញ​លោក​ទៅ​សម្ភាស គ្មាន​ទាំង​ដាក់​ទឹក​ឲ្យ​ទទួល​ទាន​ទៀត​ផង!

នៅ​ក្នុង​ជំនួប​ជជែក​ក្រៅ​ផ្លូវ​ការ​ជាមួយ​អ្នក​កាសែត​វិទ្យុ​បារាំង អ្នក​ស្រាវ​ជ្រាវ​រូប​នេះ ធ្លាប់លើក​ឡើង​ថា លោក​អាច​នឹង​ស្លាប់​ដោយ​សារ​ការ​វិភាគ​មិន​សំចៃ​មាត់​របស់​លោក​។ ប៉ុន្តែ​លោក​មិន​រារែក​ឡើយ​។ លោក​មាន​ក្ដី​សង្ឃឹម​ថា ការ​វិភាគ​របស់​លោក នឹង​ជំរុញ​ឲ្យ​អ្នក​ចេះ​ដឹង​ខ្មែរ​មាន​ភាព​ក្លាហាន ហើយ​ហ៊ាន​និយាយ​ពី​ការ​ពិត​ដូច​លោក​ដែរ​។ កន្លង​មក លោក​បាន​បណ្ដុះ​បណ្ដាល​អ្នក​ស្រាវ​ជ្រាវ​និង​អ្នក​វិភាគ​វ័យ​ក្មេង​ជា​ច្រើន​នាក់។ លោក​បាន​រៀបចំ​ជំនួប​អ្នក​វិភាគ​ទាំង​ចាស់​ទាំង​ថ្មី​ជា​រៀង​រាល់​សប្ដាហ៍​នៅ​ហាង​កាហ្វេ ដើម្បី​បណ្ដុះ​បណ្ដាល​សម្រួច​ពួក​គេ​ឲ្យ​មាន​ជំនាញ​វិភាគ​ទៅ​តាម​វិស័យ​ផ្សេង​ៗ​​។ សម្រាប់បុរស​សំបុរ​ស្រអែម មាឌ​ធំ​រូប​នេះ ទៅ​ថ្ងៃ​មុខ លោក​​ចង់​ឃើញ​​កម្ពុជា មាន​អ្នក​វិភាគ​ច្រើន និង​មាន​ជំនាញ​ច្បាស់​លាស់៕

No comments: