July 12, 2016

បំណងរបស់ លោកកែម ឡី សុំជួប សម្តេចតេជោ ហ៊ុន សែន

សាររបស់លោកបណ្ឌិតកែម ឡីកាលពីបីថ្ងៃមុនឃាតករបាញ់សម្លាប់។ អាត្មាបានទទួលសារផ្ទាល់ពីលោកបណ្ឌិតកែម ឡីក្នុងហ៊ាងកាហ្វេកាល ពីរសៀលម៉ោង៤ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦។ ~Ven. But Buntenh




ពេលអានអត្ថបទ សយ សុភាពចប់ សូមបើកស្តាប់ថេរដីការរបស់ព្រះតេជគុណ ប៊ុត ប៊ុនទិញ វិញម្តងដើម្បីពិចារណារថាតើអ្នកណាចង់ជួបអ្នកណា? ~KI reader




ថ្ងៃច័ន្ទ, ១១ កក្កដា ២០១៦ 09:31 ដោយ: សយ សុភាព  ID:049

ភ្នំពេញ ៖ ខ្ញុំសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពិតជាមានសេចក្តីតក់ស្លុត ជាពន់ពេក ក្រោយបានទទួល ព័ត៌មានថា លោកកែម ឡី ត្រូវបានឃាតកដ៏សាហាវយង់ខ្នង មកបាញ់ប្រហារ លោកទាំងព្រឹក នៅក្នុងស្តារម៉ាតកាលតិចបូគោ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ ភ្លាមៗ។ ខ្ញុំសូមចូលរួមរំលែកទុក្ខ ដ៏ក្រុមគ្រួសារនៃសព និងបួងសួងសុំឲ្យវិញ្ញាណក្ខន្ធ របស់លោក ទៅកាន់សុគតិភព។ ខ្ញុំបានទទួលដំណឹង អំពីការស្លាប់របស់លោក តាមរយៈសហការរី ដែលបានទៅយកព័ត៌មាន នៅកន្លែងកើតហេតុ ដែលមុនដំបូង គិតត្រឹមថា ជាករណីឃាតកម្ម ទៅលើបុគ្គលផ្សេង ដែលមិនមែនរូបលោកកែម ឡី ។

ប៉ុន្តែក្រោយមកសហការីរបស់ខ្ញុំបានប្រាប់ថា លោកកែម ឡី ត្រូវបានគេបាញ់ស្លាប់ ធ្វើឲ្យខ្ញុំតក់ស្លុតបំផុត ខណៈខ្ញុំនិងអ្នកសារព័ត៌មាន អាជីពមួយចំនួន កំពុងទទួលទានអាហារ ពេលព្រឹក នៅភោជនីយដ្ឋានដើមមាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទីកន្លែងដែលអ្នកកាសែត ជួបជុំស្រស់ស្រូបអាហារពេលព្រឹក និងពិភាក្សាគ្នាទៅវិញទៅមក។ ក្រោយទទួលព័ត៌មាន ដ៏រន្ធត់នេះ ភ្លាម និងខ្ញុំនិងសហការី នៃអង្គភាពផ្សេងៗពីគ្នា មកកន្លែងកើតហេតុ។ ពេលមកដល់ ខ្ញុំក៏សុំឲ្យសមត្ថកិច្ច ដើម្បីបានថតរូបភាព និងលើកដៃបួងសួង សុំខុមាលទោស វិញ្ញាណក្ខន្ធលោក កែម ឡី ព្រមទាំងសារព័ត៌មាន ដើមអម្ពិល របស់ខ្ញុំ ក៏បានបង្ហោះព័ត៌មាន ទាន់ហេតុការណ៍ភ្លាមៗ ស្តីអំពី ឃាតកម្មទៅលើលោក កែម ឡី។


ក្នុងអាការៈស្លុតរន្ធត់ ខ្ញុំក៏បានបែរមកខាងក្រៅ ក៏ក្រឡេកឃើញភរិយា របស់លោកកែម ឡី កំពុងតែអង្គុយយំ សោកបោកខ្លួន គួរឲ្យសង្វេគ មើលសពស្វាមីតាមកញ្ចក់ ខណៈកូនស្រី កំពុងឈរទ្រហោយំ យកដៃទល់កញ្ចក់។ ភ្លាមៗក្រោយពីខ្ញុំ បានថតរូបសព លោក កែម ឡី ហើយ ខ្ញុំក៏បានស្ទុះមកចាប់ដៃ ភរិយារបស់លោកកែម ឡី ហើយក៏បានប្រាប់នគរបាល ដែលកំពុងឈរយាម នៅមាត់ទ្វារ ឲ្យជួយមើលថែរក្សាគាត់ផង កុំឲ្យមានការចោមរោម ខ្លាចស្ទះខ្យល់។ ខ្ញុំសូមបញ្ជាក់ថា មូលហេតុអ្វី ដែលខ្ញុំតក់ស្លុតខ្លាំងម៉េស ព្រោះខ្ញុំទើបតែសរសេរព័ត៌មាន ដែលបានសម្ភាសន៍លោក កែម ឡី អំពីសភាអឺរ៉ុប គ្រោងនឹងប្រជុំអំពី បញ្ហាកម្ពុជា នៅថ្ងៃ១៣ កក្កដា ឆ្នាំ២០១៦នេះ។

អ្វីដែលតក់ស្លុតថែមទៀតនោះ គឺខ្ញុំបានជួបលោក កែម ឡី ចុងក្រោយបង្អស់ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០១៦ ពោលមួយសប្តាហ៍មុន ។ ការជួបរបស់ខ្ញុំជាមួយលោកកែម ឡី គឺបានអង្គុយជជែកគ្នា ជាង១ម៉ោង នៅក្នុងហាងស្តារម៉ាតនេះ តែម្តងនិងតុកៅអីនេះដដែល។ នៅក្នុងពេលអង្គុយនោះ ក៏មានបងស្រីម្នាក់ គាត់បានចូលទិញកាហ្វេ ហើយក៏បានអង្គុយរួមតុ ជាមួយខ្ញុំ យើងទាំង៣នាក់ ក៏បានជជែកគ្នាពីនេះពីនោះ។ នៅក្នុងការជជែកគ្នានេះ បងកែម ឡី បានប្រាប់ខ្ញុំ អំពីគោលបំណងរបស់គាត់ថា ចង់ជួបសម្តេចហ៊ុន សែន ។ លោកែម ឡីបានប្រាប់ខ្ញុំថា ខ្ញុំបានព្យាយាមទាក់ទង ទៅមន្រ្តីខុទ្ទកាល័យ និងថ្នាក់ដឹកនាំជាន់ខ្ពស់ មានតួនាទីជា ឧបនាយករដ្ឋមន្រ្តី ១រូប កាលពីពេលកន្លងទៅ ដើម្បីជួយជម្រាបព័ត៌មាន ទៅសម្តេចតេជោ ហ៊ុន សែន ពីគោលបំណង របស់គាត់សុំជួប។

គាត់ក៏ប្រាប់ខ្ញុំទៀតថា ប៉ុន្តែមន្រ្តីទាំងនោះ មិនអាចរៀបចំឲ្យគាត់ជួបបាន ឬប្រហែលជា មិនហ៊ានរាយការណ៍ ជូនសម្តេច។ ពេលនោះបង កែម ឡី ក៏បានសួរខ្ញុំថា សុភាពឯងអាចជម្រាបជូន សម្តេចបានទេ?  ខ្ញុំក៏បានសួរត្រឡប់ទៅលោក កែម ឡី វិញថា តើបងពិតជាចង់ជួបមែន ទេ ឥឡូវនេះ តើការជួបរបៀបយ៉ាងដូចម្តេច ? លោក កែម ឡី បានឆ្លើយថា សុំជួបជាផ្លូវការ ដើម្បីចង់ដឹងអំពីយុទ្ធសាស្រ្ត នយោបាយ របស់សម្តេច និងមានគំនិតតិចតួចខ្លះ ចង់ជូនយោបល់ទៅសម្តេច ។

ភ្លាមៗ ខ្ញុំក៏បានយកអាយផេតពីកាបូប ក៏សរសេរជាព័ត៌មានខ្លីខ្លះ ជូនទៅសម្តេចតេជោ តាមតេឡេក្រាម ។

មុនការបញ្ជូនខ្ញុំក៏បានឲ្យបង កែម ឡី ពិនិត្យមើលអត្ថន័យនិងខ្លឹមសារ  រួចហើយលោកក៏បានឯកភាព ខ្ញុំក៏បានបញ្ជូនទៅសម្តេច ភ្លាមនាពេលនោះ។ ប្រហែលជាមួយសន្ទុះក្រោយមក ខ្ញុំក៏បានជម្រាបលាបង កែម ឡី។ លុះល្ងាចឡើង សម្តេចក៏បានទទួលយល់ព្រម ឲ្យបងកែម ឡីជួប ដោយសម្តេច ណែនាំឲ្យខ្ញុំ ជម្រាបទៅបងកែម ឡី សរសេរលិខិតជាផ្លូវការ។ ខ្ញុំក៏បានទូរស័ព្ទ ភ្លាមៗនោះដែរ ទៅជូនលោកកែម ឡី ថា សម្តេចយល់ព្រមឲ្យជួប តែសុំឲ្យបងសរសេរលិខិតផ្លូវការ។ លុះក្រោយមក នៅក្នុងសប្តាហ៍នេះ  ខ្ញុំក៏បានព្យាយាមទូរស័ព្ទ ទៅបងកែម ឡី ប៉ុន្តែទូរស័ព្ទចូលលោក កែម ឡីពុំ បានលើក រហូតដល់ល្ងាចថ្ងៃសុក្រ វេលាម៉ោង៦និង១នាទី ល្ងាចខ្ញុំបានទូរស័ព្ទ ទៅលោកកែម ឡី ម្តងទៀត ដោយបាននិយាយថា ខ្ញុំបានទូរស័ព្ទទៅបង ច្រើនដងដែរ តែបងមិនបានលើក ប្រហែលជាបងរវល់។

លោក កែម ឡី ក៏បានឆ្លើយតបថា អត់បានលើកដោយសាររវល់ ហើយខ្ញុំក៏ប្រាប់ទៅលោកកែម ឡី ថា បងសរសេរលិខិត ហើយឬនៅ  ដើម្បីខ្ញុំដាក់ជូនទៅសម្តេច ពេលនោះ បងកែម ឡីឆ្លើយថា អត់ទាន់បានសរសេរហើយថា  អត់ដែរសរសេរសំបុត្របែបនេះ ធ្លាប់តែសរសេររបាយការណ៍ ហើយចាំយើងជួបគ្នាហើយសរសេរ។

សម្តេចបានប្រាប់ខ្ញុំបន្ថែមទៀតថា ពេលសម្តេចត្រឡប់មកពីម៉ុងហ្គោលី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ សម្តេចនឹងអនុញ្ញាតឲ្យ លោកកែម ឡីជួបជាផ្លូវការ ប៉ុន្តែ មិនទាន់បាននឹងជម្រាបជូន ព័ត៌មាននេះ ទៅលោកកែម ឡីផង គាត់ក៏ត្រូវបានឃាតក ដ៏សាហាវយង់ខ្នង មកផ្តាច់ជីវិតរបស់លោកភ្លាម។ មិនតែប៉ុណ្ណោះ ខ្ញុំក៏ដូចជាអ្នកសារព័ត៌មាននិងមេសហជីពខ្លះក៏បានជួបលោកកែម  ឡីផងដែរ នៅក្នុងឱកាសទូតអាមេរិករៀបចំបុណ្យខួបឯករាជ្យ លើកទី២៤០ ដែលរៀបចំកាលពីថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារត្រើយម្ខាង ។

យើងទាំងអស់គ្នានាពេលនោះ បានជជែកសប្បាយ ជាមួយគ្នាថែមទាំងថតរូប ទុកជាអនុស្សាវរីយ៍ ផងដែរ។ នេះជាការរៀបរាប់ របស់ខ្ញុំ នៅអនុស្សាវរីយ៍ជាមួយ លោក កែម ឡី ជាចុងក្រោយ ហើយខ្ញុំពិតជារន្ធត់ ព្រោះខ្ញុំបានស្រមៃថា កាលពីសប្តាហ៍កន្លងទៅ ខ្ញុំនិងលោកកែម ឡី បានអង្គុយជជែកគ្នានៅកន្លែង កើតហេតុយ៉ាងច្រើន ថែមទាំងបងស្រីម្នាក់អង្គុយ រួមតុជាមួយគ្នាបានជជែកគ្នា ជាច្រើនផងដែរ៕

1 comment:

Unknown said...

តាមមើលទៅអា សយ សុភាព វារាយការពីសកម្មភាព របស់ កែម ឡី ទៅឲ្យ ហ៊ុន សែន គឺពីពេលវាលា ទីកន្លែង ដែល កែម ឡី ធ្លាប់ធ្វើ។ ដូច្នេះ អា ស៊យ អសុភាព ក៍រួមដៃសម្លាប់ កែម ឡី ដែរ តើមានទេ?