July 23, 2015

អ្នក​វិភាគ​ថា​វប្បធម៌​សន្ទនា​អាច​នឹង​បរាជ័យ​ក្រោយ​ខួប​១​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ

លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​
របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី កាល​ពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៥។ RFA/Hang Savyouth

ដោយ ទីន ហ្សាការីយ៉ា RFA 2015-07-22

ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥ គឺ​ជា​ខួប ១​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​រវាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។ កិច្ច​ព្រមព្រៀង​នេះ គណបក្ស​ទាំង​ពីរ​បាន​កំណត់​យក​វប្បធម៌​សន្ទនា​ជា​ធំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ គឺ​ជា​ថ្ងៃ​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​រូប ត្រូវ​បាន​តុលាការ​ដោះ​លែង​ភ្លាមៗ​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​នេះ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី វប្បធម៌​សន្ទនា​បាន​ជំនួស​មក​វិញ​ដោយ​វប្បធម៌​ចាប់​ចង នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥។

តើ​ការ​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ឡើង​វិញ​នេះ ប៉ះពាល់​ដល់​ទំនាក់ទំនង​គណបក្ស​ទាំង​ពីរ​ដែរ​ឬ​ទេ?

ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​ប្រជាពលរដ្ឋ​កម្ពុជា មើល​ឃើញ​ថា មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​បង្រួប​បង្រួម​ជាតិ ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​ធំ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រួម​គ្នា​ជួប​ជាមួយ
​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មេសា 
ឆ្នាំ​២០១៥។  Photo Provided



ការ​ចាប់​ដៃ​គ្នា​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​មាន​ក្ដី​សង្ឃឹម ដោយ​ឃើញ​ស្ថានភាព​នយោបាយ​បាន​បញ្ចប់​ការ​តានតឹង បញ្ចប់​ជម្លោះ​ក្រោយ​ពេល​បោះ​ឆ្នោត គណបក្ស​ជាប់​ឆ្នោត​អភិវឌ្ឍ​ប្រទេស​រួម​គ្នា ដូច​អ្វី​ដែល​បាន​ឯកភាព​គ្នា​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ។

ស្ថានភាព​ស្ងប់ស្ងាត់​ពី​ជម្លោះ​នយោបាយ​នៅ​ពេល​នេះ ហាក់​បី​ដូចជា​មាន​ការ​ផ្លាស់ប្ដូរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នឹក​ស្មាន​មិន​ដល់ គឺ​តុលាការ​បាន​យក​សំណុំ​រឿង​ចាស់​មក​ជំនុំ​ជម្រះ និង​កាត់​សេចក្ដី​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​នាក់ ក្នុង​នោះ​អ្នក​ខ្លះ​ជាប់​ទោស​ពី ៧​ឆ្នាំ ទៅ ២០​ឆ្នាំ។

បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ពីរ ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ ហើយ​ស្ថានភាព​នយោបាយ​នឹង​ឡើង​កម្ដៅ​វិញ ដោយសារ​តែ​វប្បធម៌​ចាប់​ចង​នៅ​តែ​បន្ត​មាន​បែប​នេះ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នេះ មិន​មែន​តុលាការ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ដោយ​ឯករាជ្យ​នោះ​ទេ គឺ​រឿង​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ។ លោក​បញ្ជាក់​ថា អ្វី​ដែល​ជា​កត្តា​ចម្បង ដែល​ជំរុញ​ឲ្យ​តុលាការ​ធ្វើ​បែប​នេះ គឺ​រដ្ឋាភិបាល​ចង់​បង្ក្រាប និង​ចង់​ព្រមាន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ផុសផុល​គិត​ពី​រឿង​សង្គម ដូចជា​រឿង​ព្រំដែន ការ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ជាដើម៖ «»។

តុលាការ​ផ្ដន្ទាទោស និង​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​នាក់​ជា​ទ្រង់ទ្រាយ​ធំ កាល​ពី​ថ្ងៃ​ទី​២១ កក្កដា គឺ​នៅ​មុន​ពេល​មួយ​ថ្ងៃ​នៃ​ខួប ១​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ កក្កដា បាន​មក​ដល់។

ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​ជា​ព្រឹត្តិការណ៍​ធំ​មួយ​សម្រាប់​អ្នក​សារព័ត៌មាន​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​រង់ចាំ​លទ្ធផល​នៃ​ការ​ចរចា​របស់​គណបក្ស​ទាំង​ពីរ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​របស់​តំណាង​គណបក្ស​ទាំង​ពីរ ក្រោយ​ពី​បញ្ចប់​ការ​ចរចា​នៅ​វិមាន​រដ្ឋសភា​នោះ គឺ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា ឲ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ​បាន​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះ​លែង​តំណាង​រាស្ត្រ ៧​រូប​ដែល​ជាប់​ឃុំ ក្រោយ​ពី​តុលាការ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥ កក្កដា នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នោះ៖ «»។

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា ៧​ចំណុច ដូចជា ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត កំណែ​ទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ និង​ការ​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ​ដែល​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​ចូល​ប្រជុំ​សភា និង​ចំណុច​ផ្សេងៗ​ទៀត។ ក្រោយ​បញ្ចប់​ជម្លោះ​នយោបាយ​នេះ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៤ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​គាល់​ព្រះមហាក្សត្រ​ជា​លើក​ដំបូង ក្រោយ​ពី​ការ​បោះ​ឆ្នោត ដើម្បី​រាយការណ៍​អំពី​លទ្ធផល​ចរចា​នោះ។

មិន​យូរ​ប៉ុន្មាន​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៤ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប បាន​ចូល​សច្ចាប្រណិធាន​នៅ​ក្នុង​ព្រះបរមរាជវាំង។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៨ សីហា បាន​នាំ​គ្នា​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ និង​បញ្ចប់​ការ​រិះគន់​ថា សភា​ឯក​បក្ស ឬ​សភា​មិន​គ្រប់​ទឹក​នោះ។ ការ​ចូល​ប្រជុំ​សភា​យ៉ាង​តក់​ក្រហល់​កាល​នោះ គឺ​នៅ​បន្ទាប់​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​រូប ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ឡើង​វិញ។ ការ​ប្រជុំ​សភា​យ៉ាង​ប្រញាល់ និង​ចូល​សច្ចាប្រណិធាន ដើម្បី​ទទួល​បាន​ការ​ការពារ​ដ៏​រឹងមាំ​ថែម​ទៀត​ពី​អភ័យ​ឯកសិទ្ធិ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​៨០ ព្រោះ​ថា បេក្ខជន​តំណាង​រាស្ត្រ​ក៏​ជាប់​បណ្ដឹង​ដែរ រួម​ទាំង លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​ផង។

សកម្មជន​ទាំង ៣​នាក់​នោះ រួម​ទាំង លោក មាជ សុវណ្ណារ៉ា ផង ដែល​តុលាការ​ចាប់​ខ្លួន​នៅ​មុន​ពេល​ក្រុម​តំណាង​រាស្ត្រ​ចូល​ប្រជុំ​សភា​ប៉ុន្មាន​ថ្ងៃ​នោះ អ្នក​ជាប់​ឃុំ​ត្រូវ​បាន​តុលាការ​ដោះ​លែង​វិញ​មុន​ចូល​ឆ្នាំ​ខ្មែរ​នៅ​ខែ​មេសា ឆ្នាំ​២០១៥ គឺ​នៅ​ក្រោយ​ពេល​គណបក្ស​ទាំង​ពីរ​បាន​អនុម័ត​ច្បាប់​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី (គ.ជ.ប) រួច​រាល់​កាល​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥  ដោយសារ​តែ លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ប្រើប្រាស់​វប្បធម៌​សន្ទនា​ដើម្បី​សុំ​ឲ្យ​ដោះ​លែង លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​ពីរ​រូប​ទៀត។

នៅ​ក្រោយ​ពេល​ប្រជុំ​សភា​នោះ លោក ហ៊ុន សែន បាន​ផ្ដល់​បទសម្ភាសន៍​ដ៏​កម្រ​មួយ​ដល់​អ្នក​សារព័ត៌មាន ដោយ​លោក​បាន​លើក​ពី​សមិទ្ធផល​សន្ទនា​រវាង​លោក និង​លោក សម រង្ស៊ី ដែល​លោក​បញ្ជាក់​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​រួម​គ្នា៖ «»។

ក៏ប៉ុន្តែ ទោះ​បី​ជា​មាន​ការ​អះអាង​ពី លោក ហ៊ុន សែន បែប​នេះ​ក្ដី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​នៅ​ពេល​នេះ គឺ​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នឹង​ឡើង​កម្ដៅ​វិញ។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​វប្បធម៌​សន្ទនា​នោះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ៖ «»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នេះ មិន​មែន​ជា​រឿង​នយោបាយ​ទេ។ លោក​អះអាង​ថា ករណី​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ៖ «»។

ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ករណី​ចាប់​ចង​សកម្មជន​នយោបាយ​ឥត​ឈប់​ឈរ​នេះ​ជា​រឿង​នយោបាយ។ លោក​លើក​ឡើង​ថា អ្នក​នយោបាយ​បាន​ដើរ​ជាន់​លើ​ប្រវត្តិសាស្ត្រ​ដដែលៗ ដែល​មេ​ដឹក​នាំ​ខ្មែរ​ហែកហួរ​គ្នា​ឥត​ឈប់​ឈរ​នេះ៖ «»។

នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចិត្ត​ចូល​សភា​នោះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​សម្រេច​បាន​លទ្ធផល​មួយ​ចំនួន ដូចជា ការ​បង្កើត គ.ជ.ប ថ្មី និង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ និង​ច្បាប់​មួយ​ចំនួន​ទៀត។

ក៏ប៉ុន្តែ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ជំហរ​ប្រឆាំង​រដ្ឋាភិបាល​ទៅ​លើ​សកម្មភាព​មួយ​ចំនួន​រួម​មាន ការ​សើរើ​ពី​បញ្ហា​ព្រំដែន ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​សួរ​នាំ​ក្នុង​សភា ការ​គ្រោង​ប្ដឹង​ប្រធាន​សភា និង​ការ​ធ្វើ​ពហិការ​មិន​ប្រជុំ​សភា ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ល។

អ្នក​វិភាគ​លើក​ឡើង​ថា ស្ថានភាព​នយោបាយ​នៅ​ពេល​នេះ នឹង​មិន​គេច​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ពី​ការ​ឡើង​កម្ដៅ​នយោបាយ​វិញ​នោះ​ទេ ព្រោះ​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​សកម្មភាព​អ្វី​ទាល់​តែ​សោះ គណបក្ស​នេះ​នឹង​ប្រឈម​ការ​បាត់បង់​អ្នក​គាំទ្រ។ ដោយឡែក​គណបក្ស​ប្រជាជន​កម្ពុជា វិញ ត្រូវ​មាន​វិធានការ​ទប់ស្កាត់ និង​ការ​ចាប់​ចង​ដើម្បី​ជា​ការ​ព្រមាន​ដល់​ក្រុម​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​កំពុង​ផុសផុល​គិតគូរ​ពី​បញ្ហា​សង្គម​នោះ។

ប្រការ​នេះ នៅ​ដំណាក់​កាល​ចុង​ក្រោយ បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ បន្ទន់​ឥរិយាបថ​តាម​គណបក្ស​កាន់​អំណាច សកម្មជន​របស់​ខ្លួន​អាច​នឹង​ត្រូវ​ដោះ​លែង​វិញ​ឆាប់ៗ ហើយ​អាច​រក្សា​វប្បធម៌​សន្ទនា​បាន តែ​បើ​សិន​ជា​គណបក្ស​ប្រឆាំង​នៅ​តែ​រើ​បម្រាស់​ទាមទារ​យុត្តិធម៌ និង​ធ្វើ​សកម្មភាព​ដូច​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក ដូចជា​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ជាដើម សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ងាយ​ដោះ​លែង​វិញ​ទេ ហើយ​អាច​អូស​បន្លាយ​ដល់​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។ ក្រៅ​ពី​នេះ​ទៀត មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដទៃ​ទៀត ក៏​អាច​នឹង​ប្រឈម​មុខ​តុលាការ​ទៀត​ក៏​ថា​បាន៕

No comments: