July 24, 2015

ប្រជាពលរដ្ឋ​ខ្មែរ​ហាមឃាត់​ថៃ ​ចូល​មក​ភ្ជួររាស់​ដី​ស្រែ​ខ្មែរ

ត្រាក់ទ័រ​​របស់​កសិករ​ថៃ​ចូល​មក​ភ្ជួរ​ដី​ស្រែ​ខ្មែរ​កាលពី​ព្រឹក​ម្សិលមិញ​។ រូបថត សហការី

ឃុត សុភចរិយា ភ្នំពេញ ​ប៉ុស្តិ៍ Fri, 24 July 2015

បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ​ខ្មែរ​ និង​កម្មករ​ក្រុមហ៊ុន សំ ផាន់ណារិទ្ធ​ឌីវិលឡុប​មិន​ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​នៅលើ​ដី​ក្បែរ​បង្គោល​ព្រំដែន​លេខ ៤៣ ស្ថិត​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​កាលពី​ព្រឹក​ម្សិលមិញ​បាន​ហាមឃាត់​កសិករ​ថៃ​ចំនួន ៥ នាក់ ដែល​បើក​​ត្រាក់ទ័រ និង​គោយន្ត​ចូល​មក​ភ្ជួរ​ស្រែ និង​ព្រោះ​ស្រូវ​ក្នុង​ដី​ស្រែ​ខ្មែរ​ជាប់​ព្រំដែន​។

លោក តូ ចាន់ណារី មេបញ្ជាការ​នគរបាល​វរការពារ​ព្រំដែន​លេខ​ ៩១១ ប្រចាំ​នៅ​តំបន់​នោះ​បាន​ថ្លែង​ថា​ចាប់​តាំងពី​ព្រលឹម​ស្រាងៗ​កសិករ​ថៃ ៥ នាក់ បាន​បើក​ត្រាក់ទ័រ និង​គោយន្ត ចំនួន​ពីរ​គ្រឿង​ដោយ​មាន​ទាំង​ស្រូវ​ពូជ​ចំនួន ៥ បាវ​ផង​នោះ​បាន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ក្បែរ​បង្គោល​​ព្រំដែន​លេខ ៤៣ ដើម្បី​​ភ្ជួររាស់​ដី និង​សាបព្រោះ​ស្រូវ​នៅលើ​ផ្ទៃដី​ទំហំ​ ២២៦ ហិកតា ដែល​ពួកគេ​បាន​លួច​ចូល​មក​ធ្វើការ​ដាំដុះ​ដោយ​ខុស​ច្បាប់​​កាលពី​ថ្ងៃ​ទី ៨ ខែ​មិថុនា កន្លង​មក​។ ប៉ុន្តែ​ការ​ចូល​មក​ភ្ជួរ​ដី​របស់​កសិករ​ថៃ​ទាំងនោះ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​កម្មករ​ក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវិលឡុបមិន ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​​អភិវឌ្ឍ​នៅលើ​ទីតាំង​ដី​ស្រែ​ក្នុង​តំបន់​នោះ​។

លោក​បាន​បន្ត​ថា៖ «បន្ទាប់ពី​មាន​ការ​រារាំង​ពី​ភាគី​ក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវិលឡុបមិន កសិករ​ថៃ​ទាំងនោះ​បាន​ទូរស័ព្ទ​ហៅ​កង​តម្រួត​​ថៃ​ចំនួន ៦​ នាក់​ចុះ​មក​ជួយ​អន្តរាគមន៍​ប៉ុន្តែ​ពេល​ក្រុម​តម្រួត​ទាំងនោះ​បាន​មក​ដល់​ឃើញ​មាន​បាតុភាព​រញ៉េរញ៉ៃ​ដោយ​ការ​ឈ្លោះ​ប្រកែក​គ្នា​នោះ​ពួកគេ​ក៏​បាន​ប្រាប់​ទៅ​កសិករ​ថៃ​ទាំងនោះ​ឲ្យ​ត្រឡប់​ទៅ​​ផ្ទះ​របស់​ពួកគេ​វិញ​ដើម្បី​បញ្ចៀស​ការ​ផ្ទុះ​អំពើ​ហិង្សា​កើតឡើង»​។

បើ​តាម​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ទំនាស់​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ក្រុម​តម្រួត​ថៃ​បាន​មក​ដល់​ដំបូង​បាន​បោះ​ពាក្យ​សម្តី​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ប្រមាថ​ធ្វើការ​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ល្មើស​លួច​ចូល​ធ្វើ​ស្រែ​នៅក្នុង​តំបន់​បង្គោល​ព្រំដែន​លេខ​ ៤៣ ស្ថិត​នៅក្នុង​ទឹកដី​របស់​ពួកគេ។

លោក វ៉ាន់ ឆៃ អាយុ​ ៤៥ ​ឆ្នាំ រស់នៅ​ឃុំ​អូរបី​ជាន់​បាន​ថ្លែង​ថា​នៅពេល​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​ជាយដែន​ខ្មែរ​ថៃ​មាន​ក្ដីបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​ដោយ​ហេតុ​ថា​ប្រជាពលរដ្ឋ​ថៃ​ដែល​មាន​ទាហាន​របស់​ពួកគេ​ចាំ​ជួយ​ការពារ​នៅ​ពី​ក្រោយ​នោះ​តែងតែ​លួច​​ចូល​មក​ធ្វើ​ស្រែ​រំលោភ​យក​ដី​ស្រែ​របស់​ពួកគាត់។

លោក​បាន​ថ្លែង​ថា​៖ «​ជាក់ស្ដែង​​នៅ​​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ [ម្សិលមិញ] ពួក​ទាហាន​ថៃ​ ៦ ​នាក់​បាន​ចូល​មក​ជួយ​ការពារ​ពលរដ្ឋ​របស់​គេ​ដែល​ចូល​មក​ភ្ជួរ​ស្រែ​លើ​ទឹកដី​កម្ពុជា​យើង​​​ដោយ​ខុសច្បាប់​ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​បាញ់​សម្លាប់​ពួកយើង​ទៀត​ប្រសិន​បើ​ចូល​ទៅ​ធ្វើ​ស្រែ​ ឬ​រក​អនុផល​ព្រៃឈើ ឬ​កាប់​ឈើ​ក្នុង​ទឹកដី​របស់​ពួកគេ»។

ទោះ​ជា​បែប​ណា​ក្ដី លោក ឈុន សុងលី នាយនគរបាល​ប៉ុស្តិ៍​ឃុំ​អូរបី​ជាន់​ដែល​បាន​ចូលរួម​សម្របសម្រួល​កុំ​ឲ្យ​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ប្រជាពលរដ្ឋ​ខ្មែរ និង​​ថៃ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​មិន​មាន​ការ​គំរាមកំហែង​ណា​មួយ​ពី​ក្រុម​យោធា​ថៃ​នោះ​ទេ​ផ្ទុយ​ទៅវិញ​កងកម្លាំង​យោធា​ថៃ​ទាំង​ ៦ ​នាក់​នោះ​បាន​ប្រឹងប្រែង​ជួយ​សម្រុះសម្រួល​ពលរដ្ឋ​របស់​ពួកគេ​ឲ្យ​បញ្ឈប់​ការ​ជជែក​ និង​ចូល​មក​ធ្វើ​ស្រែ​ដោយ​ខុស​ច្បាប់​នៅក្នុង​តំបន់​នោះ​តទៅ​ទៀត​ព្រោះ​វា​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​សុទ្ធសាត​៕

No comments: