July 23, 2015

បក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​តំបន់​សេដ្ឋកិច្ច​របស់​ឧកញ៉ា ទ្រី ភាព

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី 
កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។  RFA

ដោយ អ៊ុង សេរីវុទ្ធ RFA 2015-07-22

តំណាងរាស្ត្រ​មណ្ឌល​​សៀមរាប​​បក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន បាន​ស្នើ​ប្រមុខ​រដ្ឋាភិបាល ឲ្យ​ចុះ​ពិនិត្យ​ស្ថានភាព​មិន​ប្រក្រតី នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ទ្រី ភាព អូរយ៉ាដាវ របស់​ឧកញ៉ា ទ្រី ភាព។

លោក អ៊ុំ សំអាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ កក្កដា​ថា មុន​នឹង​ដាក់​លិខិត​នេះ លោក​បាន​សង្កេត​ឃើញ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​ ដោយ​ចៃដន្យ​​ពេល​​លោក​​ចុះ​បំពេញ​​បេសកកម្ម​​កន្លង​ទៅ។ លោក​អះអាង​ថា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ គ្មាន​បណ្ដុំ​រោងចក្រ ឬ​ឧបករណ៍​សម្ភារៈ​ផ្សេងៗ​សម្រាប់​នាំ​ចេញ​ទេ ឃើញ​មាន​តែ​កុងទឺន័រ​ជាច្រើន ផ្ទុក​ឈើ​ហ៊ុប​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ៖ «អ៊ីចឹង​បាន​ឲ្យ​សម្ដេច ហ៊ុន សែន ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ហ្នឹង ហើយ​បើ​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី ឬ​ខុស​នឹង​ច្បាប់​អញ្ចឹង​មែន គួរ​បិទ​តំបន់​សេដ្ឋកិច្ច​នោះ ដោយ​ដក​អាជ្ញាប័ណ្ណ (License) ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន»។

លោក​បន្ត​ថា ឈើ​ហ៊ុប​ដែល​ផ្ទុក​ក្នុង​តំបន់​សេដ្ឋកិច្ច​របស់​ឧកញ៉ា ទ្រី ភាព ក្នុង​ស្រុក​អូរយ៉ាដាវ ត្រូវ​បាន​គេ​ប្រមូល​ទិញ​ពី​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​រតនគិរី។

មន្ត្រី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ទ្រី ភាព អូរយ៉ាដាវ មិន​ហ៊ាន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នោះ​ទេ ខណៈ​ដែល​លោក ទ្រី ភាព កំពុង​នៅ​ក្រៅ​ប្រទេស។

យ៉ាងណា​ក៏​ដោយ​ឧកញ៉ា​ដ៏​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​រូប​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​អន្តរជាតិ​មួយ​ចំនួន បាន​ចោទ​ប្រកាន់​ថា លោក​ជាឧក្រិដ្ឋជន​ព្រៃឈើ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ដើម​ឆ្នាំ​២០១៤ អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា លោក ទ្រី ភាព បាន​ចំណេញ​ពី​ការ​លក់​ឈើ​ទៅ​ប្រទេស​ចិន ក្នុង​១​ខែ​ជិត ៦​លាន​ដុល្លារ។ របាយការណ៍​នេះ​ដដែល​បង្ហាញ​ថា លោក ទ្រី ភាព គឺជា​អ្នកដឹកនាំ​នៃ​បណ្ដាញ​កាប់​ព្រៃឈើ​ខុសច្បាប់ ដែល​កាង​ដោយ​ក្រុម​មន្ត្រី​យោធា ប៉ូលិស និង​មន្ត្រី​គយ​ក្នុង​ការ​បោសសំអាត ឈើ​ក្រញូង​របស់​ខ្មែរ ពី​តាម​ខេត្ត​នានា​ហើយ​ដឹកជញ្ជូន​តាម​កប៉ាល់ ទៅកាន់​កំពង់ផែ​ទីក្រុង​ហុងកុង ប្រទេស​ចិន៕

No comments: