July 25, 2015

លោក វន់ ពៅ និង​មនុស្ស​៩​នាក់​ទៀត​នឹង​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​១១ សីហា

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​
លោក​ដឹក​នាំ​ការ​តវ៉ា​សុំ​ឲ្យ​ទំនិញ​ចុះ​ថោក កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៣។ RFA/Sek Bandith

ដោយ អ៊ុំ រង្សី RFA 2015-07-24

តុលាការ​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​បណ្ដឹង​ទាស់​លើ​សំណុំ​រឿង​ក្តី​ប៉ះទង្គិច​គ្នា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​មុខ​រោងចក្រ យ៉ាកជីង កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ថា លោក និង​មនុស្ស ៩​នាក់​ទៀត ដែល​ក្នុង​នោះ​មាន​ប្រធាន​សមាគម សកម្មជន​ដីធ្លី និង​កម្មករ​រោងចក្រ យ៉ាកជីង បាន​ទទួល​ដីកា​កោះ​ពី​សាលាឧទ្ធរណ៍។ ក្នុង​នោះ​ព្រះរាជអាជ្ញា ង៉ែត សារ៉ាត តម្រូវ​ឲ្យ​រូប​លោក និង​ជន​ជាប់​ចោទ​ផ្សេង​ទៀត​ឲ្យ​ចូល​សវនាការ​លើ​បណ្ដឹង​ទាស់​របស់​លោក។

លោក​ថា លោក​បាន​ដាក់​ជូន​តុលាការ​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៤ កន្លង​ទៅ ក្រោយ​កាត់​ទោស​អយុត្តិធម៌​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ៖ «​ខ្ញុំ​និង​អ្នក​ផ្សេង​ទៀត​បាន​ដាក់​ពាក្យ​ប្តឹង​ជំទាស់​ជុំវិញ​ការ​សម្រេច​របស់​តុលាការ ព្រោះ​ពួក​ខ្ញុំ​យល់​ថា រឿង​នេះ​ជា​រឿង​អយុត្តិធម៌ ដែល​តុលាការ​ដាក់​ទោស​យើង ហើយ​វិន័យ​ជា​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់»។

លោក វន់ ពៅ និង​មនុស្ស ២២​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ខណៈ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ក្រោយ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​ជាប់ទោស​ពី ១​ឆ្នាំ ទៅ ៤​ឆ្នាំ​កន្លះ ដោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន ៥​ខែ សល់​ប៉ុន្មាន​ទៀត​ត្រូវ​ព្យួរ​ទាំង​អស់៕

No comments: