July 24, 2015

ចារ៉ាយ​ដេក​យាម​ចាំ​ឃាត់​វៀតណាម​កាប់​ឈើ

ឈើ​ដែល​វៀតណាម​ចូល​លួច​កាប់​ក្នុង​ព្រៃ​សហគមន៍​ជនជាតិ​ភាគតិច​ចារ៉ាយ​ថ្មីៗ​នេះ​។ រូបថត អាដហុក

ផាក់ ស៊ាងលី ភ្នំពេញ ​ប៉ុស្តិ៍​ Fri, 24 July 2015

រតនគិរីៈ ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​នៅ​ភូមិ​ឡំ​ចំនួន ៣០ នាក់​បាន​នាំ​គ្នា​ដេក​ក្នុង​ព្រៃ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ខណៈ​ដែល​ជនជាតិ​វៀតណាម​នៅ​តែ​បន្ត​លួច​ចូល​មក​កាប់​ឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ​នៅពេល​យប់ៗ​ហើយ​យក​ទៅ​ទុក​នៅក្នុង​ដី​ក្រុមហ៊ុន​វៀតណាម​ ៧២។

ប្រជាសហគមន៍​ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ជនជាតិ​វៀតណាម​នៅ​តែ​បន្ត​​លួច​ចូល​មក​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​របស់​​ពួកគាត់​ទំហំ​ ៨ ​ពាន់​ម៉ែត្រការ៉េ​ទើប​ពួកគាត់​បាន​នាំ​គ្នា​សង់​រោង និង​ដាក់​វេន​គ្នា​ចាំ​ល្បាត​នៅពេល​យប់ៗ​ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ពួកគាត់​បាន​ប្រទះ​ឃើញ​ឈើ​សុក្រំ​ប្រមាណ​​ ៣០ ​ដើម​ដែល​ត្រូវ​គេ​លួច​កាប់ និង​ដឹកជញ្ជូន​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ៧២ ។

លោក​ រចំ ខាំ អាយុ ៤១ ឆ្នាំ​បញ្ជាក់​ថា៖ «អ្នក​ដែល​កាប់​នោះ​មាន​តែ​វៀតណាម​ទេ។ ខ្លះ​ដឹក​តាម​ច្រក​ថ្មដា​ទៅ​ធ្វើ​ផ្ទះ​នៅ​វៀតណាម។ ខ្លះ​គរ​នៅ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ ៧២ ​។ ឈើ​ល្អៗ​អស់​ហើយ​គ្មាន​សល់​ទេ»​។

លោក រម៉ាស់ ឆ្វាត់​អាយុ​ ៥០ ​ឆ្នាំ​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា​៖ «​យើង​យាម​កុំ​ឲ្យ​គេ​លួច​កាប់។ ប្រាប់​អាជ្ញាធរ​ឲ្យ​ជួយ​ដែរ​គេ​ថា​​មិន​ដឹង​មិន​ឮ​ទេ។ យើង​ដេក​យាម​​ជួយ​កាត់បន្ថយ​បាន​ខ្លះ​ដែរ»។

លោក​ ឆាយ ធី ​អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី​បាន​សង្កេត​ឃើញ​ថា​ជនជាតិ​វៀតណាម​នៅតែ​បន្ត​ចូល​កាប់​ឈើ​​នៅក្នុង​ទឹកដី​កម្ពុជា​ដូចជា​ស្រុក​អណ្តូង​មាស អូរយ៉ាដាវ និង​ស្រុក​តាវែង​។

លោក​បន្ត​ថា៖ «​វៀតណាម​នៅ​តែ​កាប់​ឈើ​បាន​គឺ​ដោយសារ​តែ​មាន​ការ​បណ្តែត​បណ្តោយ​ពី​មន្ត្រី​នគរបាល​តាម​ច្រក​ព្រំដែន​។ នេះ​ជា​ការ​បណ្តែត​បណ្តោយ​ហួស​ហេតុ​រហូត​ដល់​​ថ្នាក់​គេ​ជីក​ស្រះ​ទឹក​ទៀត​ផង»​។

លោក​ ម៉ា វិចិត្រ ​អភិបាល​ស្រុក​អូរយ៉ាដាវ​មិន​បាន​ដឹង​ពី​ករណី​វៀតណាម​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​នេះ​ទេ​ដោយ​ថា​សហគមន៍​មិន​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​​លោក​។ លោក​បាន​សំណូមពរ​ឲ្យ​សហគមន៍​ទូរស័ព្ទ​ប្រាប់​លោក​ផ្ទាល់​នៅពេល​ដែល​ឃើញ​បទល្មើស​ដើម្បី​ឲ្យ​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទាន់​ពេល។

ភ្នំពេញ ​ប៉ុស្តិ៍​ មិន​អាច​ស្វែងរក​ទំនាក់ទំនង​ក្រុមហ៊ុន​វៀតណាម​ ៧២ ​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ៕

No comments: