July 24, 2015

ដាស់​តឿន​ជាតិ



សូរ សមយុទ្ធ ភ្នំពេញ ​ប៉ុស្តិ៍ Thu, 23 July 2015

សេណារីយោ​សន្តិសុខ​ខ្លះៗ​រវាង​​ព្រំដែន​កម្ពុជា និង​វៀតណាម​ក្នុង​រយៈពេល​ខ្លី និង​មធ្យម​ជា​ការ​ដាស់តឿន​ជាតិ។ នៅពេល​រូបភាព​នៃ​ការ​ចល័ត​អាវុធ​របស់​ប្រទេស​វៀតណាម​មក​ព្រំដែន​រវាង​តំបន់​ដាណាង​ជា​អតីត​នគរ​ចំប៉ា និង​ប្រទេស​ឡាវ និង​រវាង​ព្រំដែន​កម្ពុជា និង​ហូជីមិញ​ប្រទេស​វៀតណាម​បង្ក​ជា​ចម្ងល់ និង​ការ​សង្ស័យ​ជាច្រើន។

ទី ១. ខាង​ភាគី​កម្ពុជា​បដិសេធ​ថា​គ្មាន​ការ​បញ្ជូន​អាវុធ​ពី​សំណាក់​វៀតណាម​មក​តាម​បណ្តា​ព្រំដែន​វៀតណាម-កម្ពុជា​ទេ​ខ្ញុំ​បែរ​ជា​យល់​ថា​មែន​ពីព្រោះ​ទី ១ ជា​ទូទៅ​សព្វាវុធ និង​ស្បៀង​តែងតែ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មុន​ការ​ចេញ​ដំណើរ​របស់​កងទ័ព។ ទី ២ បើ​និយាយ​ថា​មិន​ដឹង​គឺ​ពិត ឬ មិន​ពិត​មិន​ច្បាស់​តែ​បើ​និយាយ​ថា​មិន​មាន​គឺ​មាន​ន័យ​ថា​មាន។ ដូច​នេះ​រឿង​នេះ​ជា​ការ​ពិត។ មាន​កាសែត​ភាសា​វៀតណាម​បាន​ចុះ​ផ្សាយ​ពី​ព័ត៌មាន​នេះ។​ការ​បញ្ជូន​មក​នេះ​គឺ​ក្នុង​រយៈពេល​ខ្លី និង​មធ្យម​គឺជា​សង្គ្រាម​ចិត្តសាស្ត្រ​ហើយ​ក្នុង​រយៈពេល​វែង​គឺជា​ការ​ត្រៀម​ចម្បាំង​យ៉ាង​​ប្រាកដ។ ការ​បដិសេធ​ខាង​​ភាគី​ខ្មែរ​គឺ​ប្រហែល​មិន​ចង់​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​សង្គម​ព្រោះ​នាំឲ្យ​ប៉ះពាល់​ដល់​​សន្តិសុខ​ជាតិ និង​ការ​ជួញដូរ​រវាង​ប្រទេស​ទាំង​ពីរ​ព្រមទាំង​ការ​វិនិយោគទុន​ក្នុង​ស្រុក​។

សន្តិភាព​ជា​ស្តេច​នៃ​ការ​អភិវឌ្ឍ​ជាតិ។ បើ​អសន្តិសុខ​សូម្បីតែ​ចាប​ក៏​មិន​ហ៊ាន​ងាស​កូន​ដែរ​។


ទី ២. កម្ពុជា​ចាប់​ចិន វៀតណាម​ចាប់​អាមេរិកាំង។ ប្រទេស​បន្ទាប់​ដែល​ចិន​ចង់​បាន​គឺ​ឡាវ។ ក្នុង​នាម​ជា​ជាតិ​សាសន៍​មួយ​គ្មាន​ប្រទេស​ណា​សុខចិត្ត ពេញចិត្ត​នឹង​ការ​ឱន​ក្បាល​ជ្រក​ក្រោម​​ប្រទេស​ជិត​ខាង​នោះ​ទេ​ឡាវ​ក៏​ដូច​គ្នា។ ឡាវ​ក៏​ត្រូវការ​ប្រទេស​​ចិន​ដូច​គ្នា​ដែរ។ ឡាវ​មាន​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​វែង​ជាង​វៀតណាម​ជាប់​កម្ពុជា​។ ភាព​មិន​ច្បាស់លាស់​នៃ​ជំហរ​នយោបាយ​របស់​ឡាវ​ទៅ​វៀតណាម និង​ក្រុម​ជនជាតិ​ម៉ុងតាញ៉ា​ដែល​នៅ​តំបន់​ព្រៃ​រវាង​ដាណាង​វៀតណាម និង​ឡាវ​បន្ត​រហូត​ដល់​ខេត្ត​តំបន់​ឦសាន​នៃ​កម្ពុជា​នៅ​តែ​បង្ក​ការ​ព្រួយបារម្ភ​ដល់​ហាណូយ​ជាពិសេស​នៅពេល​វៀតណាម​ប្រឈម​មុខ​នឹង​ចិន​កាន់តែ​ខ្លាំង។ គួរ​បញ្ជាក់​ថា​មូលហេតុ​ដែល​វៀតណាម​ធ្វើបាប និង​ព្រួយ​នឹង​ក្រុម​ជនជាតិ​ម៉ុងតាញ៉ា​ពីព្រោះ​ពួក​នេះ​ធ្លាប់​កាន់​អាវុធ​ធ្វើ​ចម្បាំង​ទ័ព​ព្រៃ​ជួយ​វៀតណាម​ខាង​ត្បូង និង​អាមេរិកាំង​ប្រឆាំង​នឹង​វៀតកុង​ហាណូយ​កាលពី​ទសវត្សរ៍​៦០ និង​៧០ ក្នុង​សង្គ្រាម​បង្រួបបង្រួម​ដី។ ដូច​នេះ​បើ​គ្មាន​អ្វី​ប្រែប្រួល​ធ្ងន់ធ្ងរ​គេ​បញ្ជូន​តែ​សព្វាវុធ​ទេ​តែ​បើ​ឃើញ​ដឹក​ស្បៀង​ទៅ​មាន​ន័យ​​ថា​បន្តិច​ទៀត​គេ​នឹង​បញ្ជូន​ទ័ព​ទៅ​ដែរ។ មាន​ទ័ព​គឺ​មាន​ស្បៀង។ បើ​​ឃើញ​ស្បៀង​នោះ​ទ័ព​នឹង​មក​ដល់។ បើ​អត់​បញ្ហា​បញ្ជូន​​ទ័ព​នាំ​ខាត​ស្បៀង​ធ្វើអី​។

ទី ៣. វៀតណាម​ប្រហែល​ជា​មិន​ព្រួយ​នឹង​កម្ពុជា​រឿង​ព្រំដែន​ដូច​ការ​ព្រួយបារម្ភ​របស់​វៀតណាម​ចំពោះ​មុខ​ចិន​នោះ​ទេ។ ថ្វីដ្បិត​តែ​ការ​បញ្ជូន​សព្វាវុធ​មក​ព្រំដែន​ក្នុង​លេស​ថា​បញ្ហា​ព្រំដែន​ឡើង​កម្ដៅ​តែ​តាម​ពិត​វៀតណាម​យល់​ច្បាស់​ថា​ដោយសារ​តែ​បញ្ហា​សមុទ្រ​ចិន​ថ្ងៃ​ណា​មួយ​វៀតណាម​ត្រូវ​ប្រឈម​មុខ​ខ្លាំង​ដាក់​ចិន​ដូចនេះ​ទើប​ការ​បញ្ជូន​សព្វាវុធ​យក​មុខ​ព្រួញ​មក​ព្រំដែន​កម្ពុជា​វិញ​ដោយ​​ចង់​ផ្ញើ​សារ​ទៅ​ចិន​ថា​ខ្លួន​មិន​ទុក​កម្ពុជា​ឲ្យ​ជួយ​ចិន​រឿង​​សមុទ្រ​បាន​ងាយស្រួល​ទេ​ហើយ​វៀតណាម​ក៏​ចង់​ផ្ញើ​សារ​​មក​រដ្ឋាភិបាល​ភ្នំពេញ​ថា​ខ្លួន​ក៏​មិន​បណ្តោយ​ឲ្យ​ភ្នំពេញ​ធ្វើ​អី​ស្រេច​តែ​ចិត្ត​ជាមួយ​ចិន​រឿង​ជម្លោះ​សមុទ្រ​នោះ​ដែរ។ អ្វី​ដែល​​រឹត​តែ​ច្បាស់​គឺ​ថា​មិន​ដឹង​ជា​ជម្លោះ​សមុទ្រ​ផ្ទុះ​ពេល​ណា​ដូចនេះ​បើ​ផ្ទុះ​ភ្លាម​មាន​ន័យ​ថា​ព្រំដែន​វៀតណាម និង​កម្ពុជា​ក៏​ឡើង​ក្តៅ​ភ្លាម​ដែរ​ទើប​ត្រូវ​ត្រៀម​​ចាប់​កម្ពុជា​ទុក​មុន។ ពី​មុន​​មិន​បញ្ជូន? ពីព្រោះ​គណៈប្រតិភូ​យោធា​កម្ពុជា​មួយ​កង​ធំ​ទៅ​​ចិន​នា​ពេល​ចុងក្រោយ​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​យោធា​ក្នុង​អ្វី​ដែល​គេ​ស្គាល់​ថា​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទើប​វា​ធ្វើឲ្យ​វៀតណាម​មាន​ការ​ព្រួយបារម្ភ​ចំពោះ​កម្ពុជា​កាន់តែ​ខ្លាំង​ឡើង។ គេ​ចង់​គំរាម​ចិន​តែ​ធ្វើ​បាប​ខ្មែរ។

ទី ៤. បើ​សិន​ជា​មិន​ខុស​ទេ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​នាពេល​ថ្មីៗ​នៅក្នុង​ឆ្នាំ ២០១៥ នេះ​ក៏​មាន​របៀបវារៈ​ដោយ​ពឹង​អាមេរិកាំង​ឲ្យ​ចាប់​ចិន​កុំ​ឲ្យ​លូក​ដៃ​ចូល​ជួយ​កម្ពុជា​រឿង​ព្រំដែន​វៀតណាម-កម្ពុជា​ដែរ។ អាមេរិកាំង​ច្បាស់​ជា​ជួយ​ពីព្រោះ​ចង់​បង្ហាញ​ពី​ភាព​ស្មោះត្រង់​របស់​ខ្លួន​ដាក់​វៀតណាម។ កុំ​ភ្លេច​ថា​អាមេរិកាំង​ត្រូវការ​វៀតណាម​ជាង​វៀតណាម​ត្រូវ​ការ​អាមេរិកាំង​ទៅ​ទៀត។ ពេល​អាមេរិកាំង​ចាប់​ដៃ​ចិន​រឿង​ព្រំដែន​កម្ពុជា​ចិន​ក៏​មិន​ចង់​​មាន​​ជម្លោះ​ ឬ​ភាព​តានតឹង​ជាមួយ​វ៉ាស៊ីនតោន​ដោយសារ​តែ​បញ្ហា​ព្រំដែន​កម្ពុជា​នោះ​ដែរ​ព្រោះ​មិន​ទាន់​ដល់​ពេល។ ដូចនេះ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​គឺ​ធ្លាក់​នៅ​ត្រឹម​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា។ ចិន​ និង​អាមេរិកកាំង​នៅ​ស្ងៀម។ បើ​ដោះស្រាយ​ត្រឹម​ទ្វេភាគី​ដូច​មុន​ប៉ុន្តែ​ក្នុង​បរិបទ​ថ្មី​ព្រោះ​រឿង​ព្រំដែន​កម្ពុជា​រុញ​ឡើង​ជ្រុញ​អន្តរជាតិ​តាមរយៈ​អង្គការ​សហប្រជាជាតិ និង​មហាអំណាច​អាមេរិកាំង អង់គ្លេស បារាំង ហើយ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ក្តៅ​គឺ​វៀតណាម​ត្រូវ​យក​កងទ័ព​មក​ទប់។ មិន​ដើម្បី​ច្បាំង​ទេ​តែ​គឺ​ការ​គំរាម​ផ្នែក​ចិត្តសាស្ត្រ​មក​ដល់​របប​ក្រុង​ភ្នំពេញ។ គ្មាន​​ការ​ជួយ​ពី​ចិន​កម្ពុជា​ខ្លួនឯង​​ពិបាក​ដោះស្រាយ​ជាមួយ​វៀតណាម​ព្រោះ​គំនាប​សេដ្ឋកិច្ច និង អំណាច​យោធា​វៀតណាម​។ ដូចនេះ​ការ​សើរើ​បង្គោល​បោះ​រួច​ហើយ​ទៅ​មិន​រួច​ទេ ប៉ុន្តែ​តម្រុយ​ដែល​បោះ​ចូល​អាច​ដក​ទៅ​វិញ​បាន​ព្រោះ​ស៊ីម៉ងត៍​មិន​ទាន់​ស្ងួត។ វៀតណាម​ក៏​មាន​សម្ពាធ​ពី​ប្រជាជន​របស់​ខ្លួន​ក្នុង​ន័យ​ថា​ព្រំដែន​ឡើង​កម្ដៅ ហេតុអ្វី​មិន​ឃើញ​វត្តមាន​កងទ័ព។

នៅក្នុង​ស្ថានការ​បែប​នេះ​តើ​កម្ពុជា​ត្រូវ​ធ្វើ​បែប​ណា​?​ ទី ១. រក្សា​ស្ថិរភាព​សង្គម​គឺ​ចាំបាច់​សម្រាប់​សេដ្ឋកិច្ច​។ ទី ២. បើ​ទោះ​ជា​មាន​ការ​ចោទ​ពី​ពលរដ្ឋ​តែ​រដ្ឋ​ត្រូវ​តែ​និយាយ​ថា​អត់​ដឹង​រហូត​ពី​បញ្ហា​​វៀតណាម​ចល័ត​សព្វាវុធ​​មក​ព្រំដែន​តែ​មិន​បដិសេធ​ថា​គ្មាន ទី ៣. បិទ​ទ្វារ​បន្ទាយ​កងទ័ព​មិន​ចល័ត​រក្សា​នៅ​ស្ងៀម​ដដែល​កុំ​ឲ្យ​បង្ក​ការ​សង្ស័យ​ដល់​ហាណូយ​ព្រោះ​បញ្ជូន​ទៅ​ធ្វើអ្វី​បើ​យើង​ដឹង​ហើយ​ថា​វៀតណាម​មិន​ប្រើ​ទ័ព​ច្បាំង​ទេ​យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល​ពី​ ១០ ទៅ ១៥ ឆ្នាំ​ទៀត ទី ៤. បន្ដ​​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​វៀតណាម​ជួប​ប្រជុំ​ជជែក​គ្នា​ឲ្យ​បាន​ច្រើន​ប្រើ​ច្បាប់ ប្រើ​ការទូត​ពីព្រោះ​យើង​ដឹង​ថា​បើ​ច្បាំង​គ្នា​យើង​មិន​ឈ្នះ​គេ​ទេ​ពេល​នេះ ទី ៥. នៅ​តែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​ចុះ​ទៅ​ព្រំដែន​ដូច​ធម្មតា បើ​វៀតណាម​សុំ​យើង​ប្រាប់​វិញ​ថា​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ហើយ​យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ ទី ៦. ថ្វីដ្បិត​តែ​មិន​បញ្ជូន​សព្វាវុធ និង​ទ័ព​ទៅ​ព្រំដែន​តែ​ត្រូវ​តែ​ចល័ត​ទ័ព​ស្រួច ទ័ព​ខ្លាំង​ទៅ​កាន់​ភូមិភាគ​ខាង​កើត​ចំណែក​ខាង​លិច​ចាប់​ដៃ​ជាមួយ​យោធា​ថៃ​ទៅ​ជា​ការ​ស្រេច ទី ៧. លើស​ពី​នេះ​ក៏​ត្រូវ​គិតទុក​មុន​ដែរ​ពី​ចំនួន​ស្បៀង សព្វាវុធ កងទ័ព ការទូត ចារកម្ម ក្នុង​ករណី​បើ​វា​ហួស​ពី​ការគិត​តើ​ត្រូវ​ចំណាយ​ប៉ុន្មាន​សម្រាប់​សង្គ្រាម​រយៈពេល​ខ្លី។

យុទ្ធសាស្ត្រ​យោធា​របស់​វៀតណាម គឺ​តែងតែ​​ប្រើ​វិធី​របស់​ឧត្តមសេនីយ៍​ងៀប ដែល​បំបាក់​បារាំង​នៅ​ដៀនបៀនភូ និង​​អាមេរិកាំង​នៅ​វៀតណាម​ខាង​ត្បូង។ ប៉ុន្តែ​ចំណុច​ខ្លាំង​របស់ ងៀប គឺ​ប្រើប្រាស់​គំនិត​ចម្បាំង​របស់​ស៊ុនអ៊ូ (Sun Tzu) និង​អ៊ីទ្លែរ (Hitler) គឺ​ចម្បាំង​​លឿន​ ចម្បាំង​ខ្លាំង ចម្បាំង​​រហ័ស សង្គ្រាម​ផ្លេក​បន្ទោរ ធ្វើ​រឿង​ដែល​ហួស​ពី​ការ​ស្មាន​ច្បាំង​កន្លែង​ដែល​សត្រូវ​មិន​បាន​ត្រៀម​ខ្លួន។ អ្វី​ដែល​វៀតណាម​ធ្វើ​ពេល​នេះ​គួរតែ​ជា​សង្គ្រាម​សេដ្ឋកិច្ច​ច្រើន​ជាង​។

ចំណែក​ការ​ទៅ​មើល​ព្រំដែន​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​អ្នក​ទៅ​ទាំង​អ្នក​ឲ្យ​ទៅ​គួរ​តែ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់។ ការ​ទៅ​ការ​ទាមទារ​គឺ​ល្អ​ដើម្បី​បង្ហាញ​ពី​សាមគ្គី​ជាតិ​ខ្មែរ​ការពារ​ទឹកដី​ឲ្យ​វៀតណាម​ហាណូយ​បាន​ភ្លឺ​ភ្នែក​នេះ​ទី ១ តែ​ទី ២ គឺ​បើ​យក​រឿង​ឡើង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឬ​តុលាការ​អន្តរជាតិ​ថ្ងៃ​ក្រោយ​អ្វី​ដែល​ថែម​ពី​លើ​កំណត់​ហេតុ​ការទូត​គឺ​ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នឹង​ឯង​ពីព្រោះ​វា​ជា​អង្គហេតុ​មួយ​សំខាន់​បើ​មិន​អ៊ីចឹង​ទេ​វៀតណាម​ប្រាកដ​ជា​សួរ​ខ្មែរ​ថា​បើ​អះអាង​ថា​ដី​ព្រំដែន​ជា​របស់​ខ្មែរ​ហេតុអ្វី​មិន​ឃើញ​មាន​ពលរដ្ឋ​ទៅ​ទាមទារ​តវ៉ា​ជា​មិនខាន។ ប៉ុន្តែ​រឿង​ដែល​ត្រូវ​​ប្រុងប្រយ័ត្ន​នោះ​គឺ ទី ១ គួរ​ធ្វើ​ឡើង​ដោយ​ការ​ជួយ​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​បក្ស​ប្រឆាំង។ ម្នាក់​ទប់​ម្នាក់​ទៅ​តែ​តាម​ពិត​គឺ​បំណង​តែ​មួយ ទី ២ ដាច់ខាត​មិន​អាច​បង្ក​ជា​​អំពើ​ហិង្សា​ពីព្រោះ​បើ​ហិង្សា​កើត​ឡើង​គឺ​យ៉ាង​ហោច​មាន​ផលវិបាក​ពីរ ទី ១ គឺ​បក្ស​ប្រឆាំង​នឹង​ត្រូវ​ពលរដ្ឋ​ផ្សេង​ទៀត​បន្ទោស​ហើយ​ខាត​នយោបាយ ទី ២ គឺ​ហិង្សា​នឹង​ក្លាយ​ជា​លេស​របស់​ហាណូយ​ដើម្បី​សង្កត់​លើ​ភ្នំពេញ​ទាំង​ការទូត និង​យោធា។

ដូចនេះ​បក្ស​ប្រជាជន និង​សង្គ្រោះ​ជាតិ ទី ១ និយាយ​គ្នា​មុន​រឿង​ព្រំដែន​ទើប​ល្អ ទី ២ រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​សុខចិត្ត​ខាត​ម្នាក់​បន្តិច​តែ​ចំណេញ​ជាតិ។ មាន​ជាតិ​ទើប​មាន​បក្ស​។ ដឹកនាំ​ព្រោះ​មាន​រាស្ត្រ។ គ្រប់គ្រង​ព្រោះ​មាន​ទឹកដី។ អត់​ទឹក អត់​ដី តើ​គ្រប់គ្រង​អ្វី? អត់​ជាតិ អត់​រាស្ត្រ តើ​ដឹកនាំ​អ្វី​?​អត់​ជាតិ​ អត់​រាស្ត្រ ធ្វើ​បក្ស​ដើម្បី​អ្វី?

និស្សិត ក្មេងវត្ត កូន​អ្នក​ស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com

No comments: