July 25, 2015

ព្រឹទ្ធសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​ទោះ​មាន​ការ​តវ៉ា

ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ ចូល​រួម​ប្រជុំ​អនុម័ត​សេចក្ដី​ច្បាប់​អង្គការ សមាគម។

ដោយ យាង សុជាមេត្តា RFA 2015-07-24

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ព្រឹទ្ធសភា​ដែល​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​អង្គការ​សមាគម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា។ ពួកគេ​ចាត់​ទុក​ការ​អនុម័ត​របស់​ព្រឹទ្ធសភា​ថា​ ​រឿង​អកុសល និង​ប្ដេជ្ញា​បន្ត​ការ​តវ៉ា។

​បើ​ទោះ​ជា​មាន​ការ​តវ៉ា និង​ការ​ទទូច​ស្នើ​សុំ​មិន​ឈប់ឈរ​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ឲ្យ​ព្រឹទ្ធ​សភា​ពិចារណា​ឡើង​វិញ​ពី​សេចក្ដី​ព្រាង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​រួច​ហើយ​ក្តី ប៉ុន្តែ​ព្រឹទ្ធ​សភា​បាន​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ ដោយ​គ្មាន​ការ​កែប្រែ​អ្វី​ទាំង​អស់។

ការ​អនុម័ត​បាន​ធ្វើ​ឡើង​ដោយ​សំឡេង​គាំទ្រ ៤៤ លើ ៤៤​សំឡេង​នៃ​សមាជិក​ព្រឹទ្ធ​សភា​សរុប ដែល​បាន​ចូល​រួម​ប្រជុំ។ ចំណែក​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ទាំង​អស់​ចំនួន ១១ រូប​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​អនុម័ត​ឡើយ ដោយ​ពួកគេ​យល់​ថា ច្បាប់​នេះ​នឹង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

ការ​អនុម័ត​បាន​ធ្វើ​ឡើង​ជា​កញ្ចប់ បន្ទាប់​ពី​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៨​រូប ត្រូវ​បាន​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ ផ្តល់​ពេល​វេលា​ម្នាក់ ១០​នាទី​ឲ្យ​ឡើង​បញ្ចេញ​មតិ​លើ​សេចក្ដី​ព្រាង​ច្បាប់។ ពួកគេ​ទាំង​អស់​បាន​ថ្លែង​គាំទ្រ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ដោយ​លើក​ឡើង​ថា ច្បាប់​នេះ​នឹង​ជួយ​ការពារ​ផលប្រយោជន៍​របស់​អង្គការ​សង្គម​ស៊ីវិល ការពារ​សិទ្ធិ​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​របស់​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​ជួយ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​សង្គម។

​លើស​ពី​នេះ ពួកគេ​ថា សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​ធ្វើ​ឡើង គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​នានា ដែល​កម្ពុជា ជា​ភាគី។

ទោះ​ជា​យ៉ាង​ណា ស្រប​ពេល​ដែល​ព្រឹទ្ធសភា​កំពុង​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នៅ​ខាង​មុខ​មន្ទីរ​ព្រឹទ្ធ​សភា​ឯ​ណោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស និង​ដីធ្លី​ប្រមាណ ៥០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ស្រែក​តវ៉ា ដើម្បី​កុំ​ឲ្យ​ព្រឹទ្ធ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ និង​បញ្ជូន​ច្បាប់​នេះ​ត្រឡប់​ទៅ​កាន់​រដ្ឋសភា​ពិភាក្សា​ឡើង​វិញ។ ក្នុង​ពេល​តវ៉ា​នោះ ក៏​មាន​ការ​រុញ​ច្រាន​ជាមួយ​សមត្ថកិច្ច​ដែរ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ភាគី​ណាមួយ​រង​របួស​នោះ​ទេ។ ក្រៅ​ពី​នេះ អ្នក​តវ៉ា​ក៏​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា ដែល​នៅ​ក្បែរ​នោះ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ជួយ​អន្តរាគមន៍​ផង​ដែរ។

ក្រុម​អ្នក​តវ៉ា​លើក​ឡើង​ថា ពួកគេ​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​នេះ​ទេ ព្រោះ​ពួកគេ​ថា រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ គឺ​ដើម្បី​រារាំង​ពួកគេ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌ បញ្ឈប់​ពួកគេ​មិន​ឲ្យ​ជួប​ជុំ និង​ប្រមូល​ផ្តុំ​គ្នា ព្រមទាំង​ដើម្បី​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ បំបិទ​សំឡេង និង​រឹតត្បិត​សេរីភាព​របស់​ពួកគេ៖ «យើង​គិត​ថា ច្បាប់​នេះ​នឹង​ដំណើរ​ការ​ហើយ ហើយ​នឹង​ត្រូវ​អនុម័ត​ចប់​សព្វគ្រប់​ទៅ តាម​អ្វី​ដែល​ថ្នាក់ដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល ក៏ប៉ុន្តែ​យើង​គិត​ថា ផល​ប៉ះពាល់​យើង​នឹង​មើល​ឃើញ ជាពិសេស​នៅ​ពេល​មានការ​បោះឆ្នោត​​ខាង​មុខ​នោះ យើង​នឹង​មើល​ឃើញ​ថា សំឡេង​នៃ​ការ​គាំទ្រ​ទៅ​លើ​គណបក្ស​កាន់​អំណាច​មាន​ការ​កើន​ឡើង ឬ​ក៏​ថយ​ចុះ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​គំរាម​ថា ពួកគេ​នឹង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​ដែល​គាំទ្រ​ច្បាប់​នេះ​ឡើយ។ យ៉ាងណាក៏ដោយ ការ​គំរាម​នេះ​មិន​បាន​ធ្វើ​សមាជិក​សភា និង​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បាត់បង់​កៅអី​រដ្ឋ​សភា​ជា​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​២០១៣ ញញើតញញើម​ឡើយ។

អ្នកនាំពាក្យ​ព្រឹទ្ធ​សភា លោក ម៉ម ប៊ុននាង ឲ្យ​ដឹង​នៅ​ក្រោយ​ការ​អនុម័ត​ច្បាប់​ថា ព្រឹទ្ធ​សភា​អាច​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​នៅ​សប្ដាហ៍​ក្រោយ​មុន​នឹង​ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ។ ក្រុម​អ្នក​តវ៉ា​ប្រកាស​ថា ពួកគេ​នឹង​ស្នើ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​ពិចារណា​សេចក្ដី​ព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​ទើប​អនុម័ត​នេះ តែ​ទោះ​យ៉ាង​ណា គេ​ពុំ​សូវ​មាន​សង្ឃឹម​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​សមាជិក​ភាគ​ច្រើន​ចេញ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ពិចារណា​តាម​ការ​ទាមទារ​របស់​សង្គម​ស៊ីវិល​នោះ​ឡើយ។

ដោយសារ​ច្បាប់​នេះ នឹង​ត្រូវ​ឆ្លង​ការ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ​របស់​ព្រះមហាក្សត្រ អគ្គលេខាធិការ​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) លោក សាលីល ស្សែតទី (Salil Shetty) កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ស្នើ​ព្រះអង្គ​បដិសេធ​នូវ​សេចក្ដី​ព្រាង​ច្បាប់​របស់​រដ្ឋាភិបាល។

​លោក សាលីល ស្សែតទី ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា បើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​ក្លាយ​ជា​ច្បាប់​មែន​នោះ ច្បាប់​នេះ​នឹង​រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​នៅ​ក្នុង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​នានា ដែល​កម្ពុជា ជា​ភាគី៕

2 comments:

Hosam Sao said...

This guy is 100% a VIET, YOUN!
We khmer have to know that our khmer nation is fully controlling by the YOUN. We all have to wake up, or our country will be lost and too late.

Hosam Sao said...

This guy is 100% a VIET, YOUN!
We khmer have to know that our khmer nation is fully controlling by the YOUN. We all have to wake up, or our country will be lost and too late.