July 3, 2015

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​តែ​ថា​រដ្ឋាភិបាល​មិន​ប្រើ​ផែនទី​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ

ដោយ ម៉ម មុនីរតន៍ 2015-07-02 RFA

បញ្ហា​ព្រំដែន​រវាង​ កម្ពុជា និង​វៀតណាម នៅ​តែ​ជា​រឿង​ដ៏​រសើប និង​មាន​ភាព​ចម្រូងចម្រាស បើ​ទោះ​ជា​គណៈកម្មាធិការ​នៃ​ប្រទេស​ពីរ កំពុង​បន្ត​បោះ​បង្គោល​ព្រំដែន​ក៏ដោយ។

គណៈកម្មាធិការ​ ព្រំដែន​របស់​រដ្ឋាភិបាល បាន​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន ដោយ​យោង​លើ​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កក្កដា ប៉ុន្តែ​ខាង​គណបក្ស​ជំទាស់​វិញ នៅ​តែ​បដិសេធ​ថា ការ​បោះ​បង្គោល​ព្រំដែន​នេះ រដ្ឋាភិបាល​ពុំ​បាន​ប្រើប្រាស់​ខ្នាត​ផែនទី ១/១០០.០០០ ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ទេ។

មន្ត្រី ​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​ក្នុង​ការ​កំណត់​ខណ្ឌ​សីមា​ ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដោយ​សំអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​នេះ គឺ​ផ្អែក​លើ​ផែនទី​ដែល​កម្ពុជា បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ជា​គោល។

ការ ​បញ្ចេញ​ឯកសារ​ដ៏​កម្រ ជុំវិញ​ការ​កំណត់​បង្គោល​ព្រំដែន​ដ៏​ចម្រូងចម្រាស​ជាមួយ​វៀតណាម នេះ គឺ​រដ្ឋាភិបាល​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ និង​ចេះ​តែ​បន្ត​ខ្វែង​គំនិត​គ្នា​រឿង​ព្រំដែន​នេះ​ត​ទៅ​ទៀត។
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​
ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang

 តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (អាវ​ខ្មៅ) សួរ​អំពី​ផែនទី​ដែល​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​នា​ទី
ស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang

មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ដែល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​
គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang

ចំណែក​មួយ​នៃ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម
នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កក្កដា ថា ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម នេះ គឺ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ធ្វើ​ជា​មូលដ្ឋាន ក្នុង​ការ​វាស់វែង​ខណ្ឌ​សីមា​ជាមួយ​វៀតណាម៖ «»។

សន្និសីទ​កាសែត​ដែល​រៀបចំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក វ៉ា គឹមហុង បាន​បង្ហាញ​ផែនទី​ចំនួន ២៦​ផ្ទាំង ដែល​សំអាង​ថា ជា​ផែនទី​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ក្នុង​ឆ្នាំ​១៩៦៤។ មួយ​វិញ​ទៀត ផែនទី​ស​ដែល​ពុំ​មាន​ខ្សែ​បន្ទាត់​ព្រំដែន ហើយ​ជា​ផែនទី​បាន​ឯកភាព​ជាមួយ​វៀតណាម ក៏​ត្រូវ​បាន លោក វ៉ា គឹមហុង បង្ហាញ​ជា​សាធារណៈ​ផង​ដែរ។ ក្រៅ​ពី​នេះ នៅ​មាន​ផែនទី​ស​ខ្មៅ​ដែល លោក វ៉ា គឹមហុង បញ្ជាក់​ថា កំពុង​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ សព្វថ្ងៃ​ថែម​ទៀត។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ផែនទី​ដែល​បាន​បង្ហាញ​នេះ គឺ​ជា​ផែនទី​ដែល​ផលិត​ដោយ​វៀតណាម ពុំ​មែន​ជា​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ទេ។ ដោយ​ហេតុ​ថា ផែនទី​ដែល​បាន​បង្ហាញ​ទាំង​នេះ គឺ​ពុំ​មាន​ត្រា​ដែល​បញ្ជាក់​ដូច​ដែល​ផែនទី​តម្កល់​នៅ​អង្គការ​ប្រជាជាតិ ឡើយ។

ជុំវិញ​រឿង​នេះ លោក អ៊ុំ សំអាន ថ្លែង​ថា លោក​មាន​ផែនទី​នៅ​ក្នុង​ដៃ​ទទួល​បាន​ពី​ប្រទេស​បារាំង ហើយ​អាច​បញ្ជាក់​បាន​ថា ផែនទី​ដែល លោក វ៉ា គឹមហុង បង្ហាញ​នេះ​មិន​ពិត​នោះ​ទេ។

យ៉ាង​ណា ភាព​តានតឹង និង​ការ​ខ្វែង​គំនិត​គ្នា ក៏​បាន​ចាប់​ផ្ដើម​ឡើង​ភ្លាមៗ​បន្ទាប់​ពី​បទ​បង្ហាញ​របស់ លោក វ៉ា គឹមហុង ពន្យល់​ពី​ច្រក​តន់​ហន់ ខេត្ត​កំពត និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ លោក វ៉ា គឹមហុង បាន​ស្ដី​បន្ទោស​គណបក្ស​ប្រឆាំង​រឿង​ព្រំដែន​នេះ​ថា ធ្វើ​ឡើង​ដើម្បី​ប្រជាប្រិយភាព និង​ទាក់ទាញ​ផ្នែក​នយោបាយ។ ដោយឡែក​គណបក្ស​ប្រឆាំង​វិញ ចាត់​ទុក​សកម្មភាព​នេះ គឺ​ពុំ​មែន​ដើម្បី​ហេតុផល​នយោបាយ​ទេ ក៏ប៉ុន្តែ​ថា​ជា​រឿង​ជាតិ​ទាំង​មូល។

តំណាង​រាស្ត្រ​ពីរ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក អ៊ុំ សំអាន និង​លោក រៀល ខេមរិន្ទ្រ បាន​ជំទាស់​ភ្លាម​មួយ​រំពេច ដោយ​ច្រាន​ចោល​បទ​អន្តរាគមន៍​ជុំវិញ​ខ្សែ​បន្ទាត់​ព្រំដែន​លើ​គោលដៅ​ទាំង ២​ចំណុច​នេះ។ ការ​ជំទាស់​នេះ ត្រូវ​បាន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ចាត់​ទុក​ថា ផែនទី​ដែល​បាន​បង្ហាញ​នេះ គឺ​ជា​ការ​គូស​វាស​ដោយ​វៀតណាម ហើយ​ពុំ​អាច​ទទួល​យក​បាន ព្រោះ​បាន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ខាតបង់​ទឹក​ដី​ជាច្រើន​ទៅ​វៀតណាម។

បើ​ទោះ​ជា​បែប​ណា លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប លោក​មិន​ទទួល​ស្គាល់​ផែនទី​នេះ ហើយ​ថា មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ​ចំពោះ​ការ​បកស្រាយ​តាម​រយៈ​ការ​បង្ហាញ​ផែនទី​នេះ។ លោក​បន្ថែម​ថា ផែនទី​ទាំង​អំបាលម៉ាន​ដែល លោក វ៉ា គឹមហុង លាត​ត្រដាង​ជា​សាធារណៈ ពុំ​មែន​ជា​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ទេ៖ «»។

ជុំវិញ​រឿង​ព្រំដែន​នេះ លោក វ៉ា គឹមហុង អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន គឺ​ពិត​ជា​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ខាតបង់​ទឹក​ដី​ជាមួយ​វៀតណាម ទេ។ មួយ​វិញ​ទៀត ក្រោយ​ពី​បោះ​បង្គោល​ព្រំដែន​រួច​ជា​ស្ថាពរ នឹង​ដឹង​ថា ដី​កម្ពុជា នៅ​ត្រង់​ណា ហើយ​ដី​វៀតណាម នៅ​ត្រង់​ណា​ហើយ។ ដោយឡែក​ការ​រំកិល​ព្រំដែន​នោះ ភាគី​ទាំង​ពីរ​នឹង​ដោះស្រាយ​តាម​យន្តការ​សន្តិភាព និង​កែ​សម្រួល​នៅ​ពេល​នោះ​ដែរ។

បើ​ទោះ​ជា​បែប​ណា ក្រោយ​ពី​កិច្ច​អន្តរាគមន៍​របស់ លោក វ៉ា គឹមហុង ត្រូវ​បិទ​បញ្ចប់ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អ្នក​កាសែត ត្រូវ​បាន​ក្រុម​សន្តិសុខ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បណ្ដេញ​ចេញ​មិន​ឲ្យ​ធ្វើ​បទសម្ភាសន៍​តំណាង​រាស្ត្រ​ក្នុង​បរិវេណ​ទីស្ដីការ​ឡើយ។ បម្រាម​ដែល​ពុំ​បាន​បញ្ជាក់​ពី​ហេតុផល​នេះ ត្រូវ​បាន​ក្រុម​សន្តិសុខ​សំអាង​ថា ជា​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ។

ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​អ្នក​កាសែត និង​អ្នក​តំណាង​រាស្ត្រ​នេះ កម្ពុជា ស្ទើរ​ក្លាយ​ជា​វប្បធម៌​មួយ​ថ្មី​ទៀត​ទៅ​ហើយ​ក្នុង​បរិបទ​នយោបាយ​នៅ​កម្ពុជា ព្រោះ​ការ​បណ្ដេញ​នេះ នៅ​ក្រោយ​ពេល​មួយ​ថ្ងៃ​ដែល​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​បណ្ដេញ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​អ្នក​កាសែត​ចេញ​ពី​បរិវេណ​សភា​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី​១ កក្កដា៕

2 comments:

Khmer Oversea said...

AH TRRAITOR SVA KIM HONG IS NOT KHMER, SO THIS BASTARD HAS NO SAY, THIS IS VIET ACCOMPLISHER, WHO PUT IN POSITION TO ASSIST VIET ROB KHMER OF OUR TERRITORY. PLEASE LET INTERNATIONAL COMMUNITY KNOW THAT.

Khmer Oversea said...

FIRST WE SHOULD FIND OUT WHO IS AH SVA KIM HONG, AND WHERE HE CAME FROM, AND HOW HE GET TO BE IN THIS POST? WHY IS HE ACTING LIKE HE OWN THIS THIS COUNTRY. WHY IS HE SUPPORT SECRET NEGOTIATING THIS BORDER DECISION WITHOUT KHMERS PEOPLE INVOLVED, THIS COUNTRY WAS A FEW PEOPLE IN SECRET SO IT WILL NOT RECOGNIZE BY ICJ.