June 6, 2015

គ.ជ.ប.​មិន​ទាន់​សម្រេច​រឿង​តំណែង​អគ្គលេខា​ធិការ​របស់​ខ្លួន​នៅ​ឡើយ​ទេ

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត©ចាន់ណា

ចុះផ្សាយ​នៅ​ថ្ងៃ 06/06/2015 ដោយ ហេង ឧត្តមrfi

រហូត​មក​ទល់​ពេល​នេះគណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នៅមិន​ទាន់​សម្រេច​រឿង​តំណែង​​អគ្គលេខា​ធិការ​របស់​ខ្លួន​​នៅឡើយទេ​។ទាំង​អនុប្រធាន​គ.ជ.ប. និង​អ្នក​នាំពាក្យ​ សុទ្ធតែ​មូរ​មាត់​គ្នាថា គ.ជ.ប. នៅ​មិន​ទាន់​គិត​គូរ ​ឬ​សម្រេច​យ៉ាងណា​ ចំពោះ​តួនាទី​​​អគ្គលេខា​ធិការរបស់​ស្ថាប័ន​ខ្លួន​នោះទេ​ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា ពេល​ណា​នឹង​គិត​គូរ​ប្តូរ​ផ្លាស់​នោះ​ដែរ​។ ដូច្នេះ​បើ​មិនមាន​ការ​កែ​ប្រែ​ទេ​ លោក ទេព នីថា នឹង​នៅ​តែ​ជា​​​​អគ្គលេខា​ធិការគ.ជ.ប.។

ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​មួយ​នេះ លើក​ឡើង​ថា គ.ជ.ប. កំពុង​ធ្វើ​ការ​ងារ​បន្ទាន់​ចំពោះ​​មុខ​ច្រើន​ជាង​រឿង​រចនាសម្ព័ន្ធ​អគ្គលេខាធិការ​ដ្ឋាន។​ លោក គួយ ប៊ុនរឿន ជា​អនុ​ប្រធាន ​ និង​លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​ បញ្ជាក់​ក្នុង​អត្ថន័យ​តែ​មួយ​ដូចគ្នា​ថា ការ​សម្រេច​ចំពោះ​​តំណែង​អគ្គលេខាធិការ​គ.ជ.ប. គឺត្រូវ​ធ្វើ​ឡើង​ដោយ​សមាជិក​ទាំង​អស់​នៃ​គ.ជ.ប.។ ក៏​ប៉ុន្តែ​មក​ទល់​នឹង​ពេ​លនេះ ស្ថាប័ន​គ.ជ.ប.​នៅ​មិន​ទាន់​សម្រេច​ចិត្ត​យ៉ាង​ណា​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា ​ថា​នឹង​សម្រេច​នៅ​ពេល​ណា​ដែរ។​

ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ ​ដែល​ថា ប្រសិន​បើ​តំណែង​អគ្គលេខាធិការ​របស់​​​គ.ជ.ប.​មិន​មាន​ការ​ផ្លាស់​ប្តូរ​ទេ​នោះ តើ​អាច​នឹង​ប៉ះពាល់​ដល់​សម្រែក​ទាម​ទារ​កំណែ​ទម្រង់​ ឬ​ការ​ផ្លាស់​ប្តូរ​ដល់​ទី​ជម្រៅ ​ដែល​បក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល តែងតែចង់​បាន​នោះទេ? លោក គួយ ប៊ុនរឿន ជា​អនុប្រធាន​គ.ជ.ប.  ដែល​ចេញ​ពី​កូតា​បក្ស​សង្គ្រោះ​ជាតិ​ និង​លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​ ចេញ​ពី​សង្គម​ស៊ីវិល​នោះ បាន​ផ្តល់​ចម្លើយ​​បែប​ការ​ទូត​ថា ការ​កែ​ទម្រង់​គឺ​មិន​សំដៅ​តែ​ការ​ផ្លាស់ប្តូរ​មនុស្ស​នោះទេ តែ​ក៏​អាច​ផ្លាស់ប្តូរ​របៀប​របប​ធ្វើ​ការ​ងារ​​ដែរ។

ស្រប​ពេ​លនេះ លោក​ទាំង​ពីរ​បាន​លើក​ឡើង​ថា កិច្ច​ការ​ចម្បង​ចំពោះ​មុខ​របស់​ស្ថាប័ន​ខ្លួន​គឺ ធ្វើ​​ការងារ​ជា​អាទិភាព​ ដូច​ជា​ការ​រៀបចំ​នីតីវិធី​និង​បទបញ្ជា​សម្រាប់ការ​បោះឆ្នោត ការ​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ការ​រៀបចុះ​ឈ្មោះ​សាក​ល្បង និង​កិច្ច​សហការ​ជាមួយ​សហគម​អន្តរជាតិ ​ពិសេស​សហភាព​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​។ ចំណែក​កិច្ច​ការ​សមារណកម្ម​បុគ្គលិក​ និង​រឿង​តំណែងអគ្គលេខា​ធិការ នឹង​ត្រូវ​លើក​យក​ទៅ​ជជែកនៅ​ពេល​ក្រោយ ដែល​គេ​មិន​ដឹង​ថា​ពេល​ណា​នៅឡើយ​ទេ៕

1 comment:

Anonymous Anonymous said...

Well...the old NEC will be used and the old voter list will be the same! All the demands by the CNRP are for nothing!

Welcome to the Kingdumb of Wonder!