December 10, 2014

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​លើក​គ្នា​តវ៉ា​​ចំពោះ​ដីកា​កោះ​ហៅ​របស់​តុលាការ

ផែនទី​ប្រទេស​កម្ពុជា Photo: RFA
ដោយ រដ្ឋា វិសាល RFA 2014-12-09

ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគិរី ជិត ១០០​នាក់ នាំ​គ្នា​មក​ប្រមូល​ផ្តុំ​នៅ​ក្រុង​សែនមនោរម្យ ដើម្បី​តវ៉ា​ទៅ​នឹង​ដីកា​កោះហៅ​របស់​តុលាការ​ខេត្ត​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​​នោះ​មាន​ជនជាតិ​ដើម​ភាគតិច​ព្នង និង​ខ្មែរ​មក​ពី​ភូមិ​អន្ទ្រោង ឃុំ​ពូជ្រី ស្រុក​ពេជ្រាដា។ អ្នក​ភូមិ​មិន​ពេញ​ចិត្ត​ចំពោះ​ដីកា​កោះ​ហៅ​នោះ​ដោយសារ​តែ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ​ដាយណាម បាន​ប្ដឹង​អ្នក​ភូមិ​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​ក្រុមហ៊ុន។

លោក​បន្ត​ថា ការ​លើក​គ្នា​មក​តវ៉ា​របស់​ពលរដ្ឋ​​បាន​រំសាយ​ទៅ​វិញ​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​បាន​សម្របសម្រួល​ឲ្យ​អ្នក​ភូមិ​ចាត់​តំណាង​ចូល​ជួប​​អាជ្ញាធរ​ខេត្ត​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​ដោះស្រាយ​បញ្ហា។ ចំណែក​ដីកា​កោះ​របស់​តុលាការ អាជ្ញាធរ​​ខេត្ត​សំណូមពរ​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ រី​ឯ​អាជ្ញាធរ​ខេត្ត​នឹង​ជួយ​​សម្របសម្រួល​បញ្ហា​នេះ៖ «មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ដោយសារ​អាជ្ញាធរ​ខេត្ត​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពួកគាត់។ ពួកគាត់​យល់​ថា​តុលាការ​អាច​ចេញ​ដីកា​គំរាមកំហែង​ពួកគាត់»។

កាល​ពី​ខែ​តុលា អ្នក​ភូមិ​អន្ទ្រោង រាប់​សិប​នាក់​បាន​លើក​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ដាយណាម ដែល​បាន​ឈូស​ឆាយ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ។ ករណី​នេះ​ទើប​ក្រុមហ៊ុន​ដាក់​ពាក្យ​ប្ដឹង​ប្រជាពលរដ្ឋ​ពី​បទ​ប្រើ​អំពើ​ហិង្សា។

​អ្នក​ភូមិ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដក​របាំង​ចេញ​ពី​ផ្លូវ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ និង​សង​តម្លៃ​ដើម​ច្បោះ​ជ័រ​អ្នក​ភូមិ​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​មួយ​ដើម ៨០​ម៉ឺន​រៀល និង​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​រក្សា​ទុក​ដី​ព្រៃ​ត្រៀម​បម្រុង​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់៕

1 comment:

hak um said...

អក្សរ LAOS ដាក់ខុសកន្លែង!!!